​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ប៉ូលិស​ក្រុង​កា​ប៊ុល​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា​ថា ការផ្ទុះ​មួយ​ដែល​ទម្លុះ​វិហារ​អ៊ីស្លាម​មួយ​ក្នុង​ទីក្រុង​កា​ប៊ុល​ក្នុងអំឡុងពេល​អធិស្ឋាន​​ពេល​ល្ងាច​កាលពី​ថ្ងៃ​ពុធ​ទី​១៧ សីហា បាន​សម្លាប់​មនុស្ស ២១ នាក់​។​

​អ្នកនាំពាក្យ​ប៉ូលិស​លោក ខា​លី​ដ ហ្សា​ដ្រា​ន (Khalid Zadran) បាន​និយាយថា មនុស្ស ៣៣ នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ការ​បំផ្ទុះ​នេះ​។​

​សាក្សី​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រថា ការផ្ទុះ​ដ៏​ខ្លាំងក្លា​នេះ​ត្រូវ​បាន​ស្តាប់​ឮ​នៅក្នុង​សង្កាត់​ភាគ​ខាងជើង​ទីក្រុង​កា​ប៊ុល ដោយ​បំបែក​បង្អួច​នៅ​អគារ​ក្បែរៗ​នោះ​។​

​អ្នកនាំពាក្យ​ប៉ូលិស​ក្រុង​កា​ប៊ុល លោក ខា​លី​ដ ហ្សា​ដ្រា​ន បាន​ប្រាប់​រ៉​យ​ទ័​រថា “​ការផ្ទុះ​មួយ​បាន​កើត​ឡើង​នៅក្នុង​វិហារ​អ៊ីស្លាម​…​ការ​បំផ្ទុះ​នេះ​មាន​អ្នក​ស្លាប់​និង​របួស​ប៉ុន្តែ​ចំនួន​ច្បាស់ការ​នៅ​មិនទាន់​​ដឹង​ទេ​”​។​

​មន្ត្រី​ចារកម្ម​តា​លី​បង់​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ យ៉ាង​ដូច្នេះ​ថា ការផ្ទុះ​បាន​កើតឡើង​នៅក្នុង​វិហារ​អ៊ីស្លាម​មួយ​ក្នុងចំណោម​អ្នក​គោរព​បូជា​នៅ​ក្នុង​សង្កាត់​ឃែ​ខា​ណា (Khair Khana) ភាគ​ពាយព្យ​ទីក្រុង​កា​ប៊ុល​។​

​ប្រភព​បន្ថែមថា អាចារ្យ​ធំ​នៃ​វិហារ​អ៊ីស្លាម​គឺ​ស្ថិតក្នុង​ចំណោម​អ្នក​ស្លាប់ ហើយ​ចំនួន​អ្នក​ស្លាប់​នៅ​តែ​អាច​កើនឡើង​។​

​ក្រុម​ចារកម្ម​កំពុងស្ថិត​នៅ​ទីតាំង​ផ្ទុះ ហើយ​ការស៊ើបអង្កេត​កំពុង​ធ្វើ​ឡើង​៕

​ឧទ្ធម្ភាគចក្រ Mil Mi-24 របស់​តា​លី​បង់​ហោះ​លើ​ក្រុង​កា​ប៊ុល​កាលពី​ថ្ងៃ​ពុធ ទី​១៧ សីហា ឆ្នាំ​២០២២