​ដោយៈ គង់​ហេង​/ កំពង់ចាម​៖​ ប្រព័ន្ធ​លូ​រំដោះ​ទឹកភ្លៀង ចេញពី​ទីតាំង​បរិវេណ​មន្ទីរពេទ្យបង្អែក​ស្រុក​ព្រៃឈរ និង​តាម​ដងផ្លូវ​ជាតិ​លេខ​៧ ដែល​លោក អ៊ុន ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​បញ្ជា​ឱ្យ​ខាង​មន្ទីរ សា​ធារ​ការដឹក​ជ​ញ្ជួ​ន​សាងសង់​បន្ទាន់​នោះ គឺ​បច្ចុប្បន្ន​ស្ថាបនា​សម្រេចបាន​ចំនួន​ប្រមាណ ៦០ ភាគរយ​។ នេះ​បើ​យោងតាម​ឱ្យដឹងពី​មន្ត្រី​នៃ​មន្ទីរ​មួយ​នេះ​ដែល​បាន​ដឹកនាំ​អនុវត្ត​ផ្ទាល់​កាលពី​ថ្ងៃទី ១៧ ខែសីហា​ម្សិលមិញ​។​

លោក ប៊ុន លី មន្ត្រី​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន​ខេត្តកំពង់ចាម​បានឱ្យដឹងថាៈ មកដល់ពេលនេះ​ប្រព័ន្ធ​លូ​ប្រវែង ៣៣១ ម៉ែត្រ​ដែលមាន​មុខកាត់ ០,៦ ម៉ែត្រ និង​ប្រើប្រាស់​អណ្តូង​លូ​ចំនួន​២២ កន្លែង ដើម្បី​រំដោះ​ទឹកភ្លៀង​ក្នុង​បរិវេណ របស់​មន្ទីរពេទ្យ​ស្រុក​ព្រៃឈរ និង​លើ​ដងផ្លូវ​ជាតិ​លេខ​៧​ដែល​ខាង​លោក​ជា​អ្នកដឹកនាំ​អនុវត្ត​ក្នុងការ​សាងសង់​នោះ គឺ​សម្រេចបាន​ជាង​ពាក់កណ្តាល​ហើយ នៅសល់​ប្រមាណ ៤០ ភាគរយ​ទៀត​។​ការ​សេសសល់​នេះ​ប្រើប្រាស់​រយៈពេល​ប្រហែល ប្រាំ ថ្ងៃ​ទៀត​នឹង​ហើយ​រួចរាល់​។ បន្ទាប់ពី​ចំណាយពេល​សាងសង់​ប្រមាណ​ជាង​មួយ​សប្តាហ៍​។​

​លោក​បាន​បន្តថា បញ្ហា​ប្រឈម​ខ្លាំង​នៃ​ការដ្ឋាន​នេះ​គឺ កត្តា​អាកាសធាតុ​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​, ទីតាំង​ចង្អៀត​ពិបាក​ឱ្យ​គ្រឿងចក្រ​ផ្លាស់​ទីតាំង និង​ចំណាយពេល​ច្រើន​ម៉ោង​ក្នុង​ការជីក​លង់​ផ្លូវ​បេតុង​ក្រាស់ៗ និង​បេតុង​ខាងមុខផ្ទះ​ប្រជាពលរដ្ឋ​ត្រូវ​ឆ្លងកាត់​លើ​ចំណី​ថ្នល់​។​

សូមបញ្ជាក់ថា នៅ​បរិវេណ​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រៃឈរ និង​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧ ខាងមុខ​មន្ទីរពេទ្យ​នេះ ទឹកភ្លៀង​ខ្លាំង​តែងតែ​បណ្តាលឱ្យ​ដក់​ជន់​លិច​ជា​ញឹកញាប់ ធ្វើឱ្យប៉ះពាល់​ការ​មក​ទទួល​សេវា​របស់​ប្រជាពលរដ្ឋ​នៅ​មន្ទីរពេទ្យ​នេះ និង​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​។ ក្រោយពី​បាន​ព័ត៌មាន និង​ការ​ពិនិត្យឃើញ​ស្ថានភាព​ជាក់ស្តែង​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​បញ្ជា​ឱ្យ​ខាង​មន្ទីរ​សាធារណការ និង​ដឹក​ជ​ញ្ជួ​ន ចុះ​សិក្សា​ពិនិត្យ​បញ្ហា​ប្រឈម ដោយ​ស្ថាបនា​ប្រព័ន្ធ​លូ​រំដោះ ប្រើប្រាស់​កញ្ចប់​ថវិការ​បស់​រដ្ឋបាលខេត្ត​ជាបន្ទាន់​៕​ សរន​