​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ អ្នកនាំពាក្យ​របប​យោធា​បាន​និយាយថា​មី​យ៉ាន់​ម៉ា​ដែល​គ្រប់គ្រង​ដោយ​យោធា​គ្រោង​នឹង​នាំ​ចូល​ប្រេង​សាំង​និង​ម៉ា​ស៊ូ​ត​ពី​រុស្ស៊ី​ដើម្បី​បន្ធូរបន្ថយ​​កង្វល់​នៃ​ការផ្គត់ផ្គង់​និង​ការកើនឡើង​តម្លៃ ដែល​នេះ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ​ចុងក្រោយបង្អស់​មួយ​ទៀត​កំពុង​ធ្វើ​ដូច្នេះ​ចំ​ពេល​មាន​វិបត្តិ​ថាមពល​ពិភពលោក​។​

​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ​បាន​រក្សា​ទំនាក់ទំនង​មិត្តភាព​ជា​មួយ​រុស្ស៊ី ទោះបីជា​ប្រទេស​ទាំង​ពីរ​នៅតែ​ស្ថិតក្រោម​ការដាក់ទណ្ឌកម្ម​ពី​បណ្តា​ប្រទេស​លោកខាងលិច​ពោលគឺ​មី​យ៉ាន់​ម៉ា​ជាប់​ទណ្ឌកម្ម​​សម្រាប់​ការធ្វើ​រដ្ឋប្រហារ​យោធា​ដែល​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​កាលពី​ឆ្នាំមុន និង​រុស្ស៊ី​សម្រាប់​ការ​លុកលុយ​អ៊ុយ​ក្រែន​ដែល​ខ្លួន​ហៅថា “​ប្រតិបត្តិការ​យោធា​ពិសេស​”​។​

​រុស្ស៊ី​កំពុង​ស្វែងរក​អតិថិជន​ថ្មី​សម្រាប់​ថាមពល​របស់​ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ទិសដៅ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ខ្លួន​គឺ អឺរ៉ុប នឹង​ដាក់​ទណ្ឌកម្ម​លើ​ប្រេង​រុស្ស៊ី​ជា​ដំណាក់កាល​នៅ​ចុងឆ្នាំ​នេះ​។​

​អ្នកនាំពាក្យ​យោធា​លោក សា​វ មីន ទុន (Zaw Min Tun) បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ពុធ ទី​១៧ សីហា ថា “​យើង​បាន​ទទួល​ការអនុញ្ញាត​ឱ្យ​នាំចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​រុស្ស៊ី​” ដោយ​បន្ថែម​ថា ប្រេង​រុស្ស៊ី​ត្រូវបាន​ជ្រើសរើស​សម្រាប់ “​គុណភាព​និង​តម្លៃ​ទាប​”​។​

​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​បាន​ឱ្យដឹងថា ការដឹកជញ្ជូន​ប្រេងឥន្ធនៈ​នឹង​ត្រូវ​ចាប់ផ្តើម​ពី​ខែ​កញ្ញា​។​

​លោក​ទុន​និយាយថា មេដឹកនាំ​របប​យោធា​លោក មីន អ៊ុង​ហ្លាំង បាន​ពិភាក្សា​អំពី​ប្រេង​និង​ឧស្ម័ន​ក្នុងអំឡុង​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​កាលពី​ខែ​មុន​។ ឥឡូវនេះ​មី​យ៉ាន​ម៉ា​នាំចូល​ប្រេងឥន្ធនៈ​របស់ខ្លួន​​តាមរយៈ​សិង្ហ​បុរី​។​

​លោក​និយាយថា មី​យ៉ាន់​ម៉ា​នឹង​ពិចារណា​ចូលរួម​រុករក​ប្រេង​ក្នុង​មី​យ៉ាន់​ម៉ា​ជាមួយ​រុស្ស៊ី​និង​ចិន​៕

​អ្នកនាំពាក្យ​យោធា​លោក សា​វ មីន ទុន