​ដោយៈ​សុផល​/​ភ្នំពេញ​៖​ លោក​ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ការងារ និង​ជម្រាបលា​ពី​សំណាក់​លោកស្រី ទីណា រេ​ដ ស (Tina Redshaw( ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​១៧ ខែសីហា​ម្សិលមិញ​នេះ​។​

​ប្រភព​បានឱ្យដឹងថា នៅក្នុង​ជំនួប​ដ៏​មានន័យ​នេះ លោកស្រី​ឯកអគ្គរាជទូត​បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ពាក់ព័ន្ធ​ទៅនឹង​បេសកកម្ម​ការទូត​របស់​លោកស្រី​នៅ​កម្ពុជា​ត្រូវបាន​បញ្ចប់​គ្រោង​នឹង​វិលត្រឡប់​ទៅ​មាតុភូមិ​វិញ​ក្នុង ពេល​ឆាប់ៗ​នេះ ។​លោកស្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ដ៏​ល្អ​កន្លងមក​រវាង​ប្រទេស​ទាំងពីរ​។​ឆ្លៀតឱកាស​នេះ​លោកស្រី​បានលើកឡើង​អំពី​ការផ្តល់​អាហារូបករណ៍​រយៈពេល​ខ្លី​តាម​ប្រព័ន្ធ​អន​ឡាញ​និង​ដោយផ្ទាល់​ដល់​កម្ពុជា​តាម​រយៈ​កម្មវិធី​ភាពជា​អ្នកដឹកនាំ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាស៊ាន ក្រោម​ការឧបត្ថម្ភ និង​គាំទ្រ​ពី​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​។​

​ចំណែក​លោក​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ភ្ញៀវ​ដោយបាន​លើកឡើង​អំពី​គម្រោង​ធ្វើ​ទំនើបកម្ម​ផ្លូវ​រថភ្លើង​បច្ចុប្បន្ន​ឱ្យទៅជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ជាពិសេស​ការពង្រីក​ផ្លូវ​រថភ្លើង​ឱ្យ​សមស្រប​ទៅនឹង​បទដ្ឋាន​អន្តរជាតិ យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ផែនការមេ​គ្រប់គ្រង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់​នៅ​ទូទាំងប្រទេស និង​ការបន្ត​ជំរុញ​និង​លើកទឹកចិត្ត​ការប្រើប្រាស់​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ​ដើម្បី​ចូលរួមចំណែក ក្នុងការ​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូន​ទៅក្នុង​បរិយាកាស​ផែនដី​។

​ឆ្លៀត​ក្នុងឱកាស​នោះ​លោក​ទេសរដ្ឋមន្ត្រី បាន​ស្នើឱ្យ​ចក្រភព​អង់គ្លេស​ជួយផ្ដល់​សាស្ត្រាចារ្យ ក៏ដូចជា ពិនិត្យ​លទ្ធភាព​ជួយ​ជ្រោមជ្រែង​ដល់​ដំណើរការ​របស់​វិទ្យាស្ថាន​តេ​ជោ​សែន សាធារណការ និង​ដឹកជញ្ជូន ដើម្បី​បណ្តុះបណ្តាល​វិស្វករ​កម្ពុជា​ឱ្យមាន​ជំនាញ​ច្បាស់លាស់ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការចូល រួមចំណែក​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ថែមទៀត​។

​ទាក់ទង​នឹង​ការបន្ត​ជំរុញ​លើកទឹកចិត្ត​ការប្រើប្រាស់​រថយន្ត​ថាមពល​អគ្គិសនី ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​ថា រាជរដ្ឋាភិបាល​បានអនុញ្ញាត​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដឹកនាំ​បង្កើត​ក្រុមការងារ​ពិសេស​អន្តរក្រសួង​មួយ​ដើម្បី​រៀបចំតាក់តែង​សេចក្តីព្រាង​ច្បាប់​ពាក់ព័ន្ធ​នឹង​រថយន្ត​ថាមពល​អគ្គិសនី​នេះ ដើម្បី​ជំរុញ​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​រថយន្ត​ប្រភេទ​នេះ​កាន់តែ​ទូលំទូលាយ និង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្ពស់​ពី​វិស័យ​ឯកជន​ផងដែរ​។

​បន្ថែម​ពីលើ​នេះ​លោក​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​បន្ថែម​អំពី​គម្រោង​ដាក់​ដំណើរការ​ជា​បណ្ដោះ អាសន្ន​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​(Expressway PP-SHV) នៅ​ដើម​តុលា ឆ្នាំ​២០២២ ជា​ផ្លូវ​ល្បឿន​លឿន​លើកដំបូង​បង្អស់​របស់​កម្ពុជា ដោយ​អនុញ្ញាតឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​សាធារណជន​អាច​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​មួយខែ​៕​សរន​