​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ សូម្បី​តែ​ត្រី​នៅក្នុង​សមុទ្រ​ក៏​ជាប់​នៅក្នុង​ការប៉ុនប៉ង​របស់​ចិន​ដើម្បី​បញ្ឈប់​ការរីករា​ល​ដាល​នៃ​កូវី​ដ​១៩ ដែរ​។​

​អាជ្ញាធរ​នៅក្នុង​ទីក្រុង​ឆ្នេរសមុទ្រ សៀ​មិន (Xiamen) ក្នុង​ខេត្ត​ហ្វ៊ុយ​ចៀន (Fujian) ភាគ​អាគ្នេយ៍ កំពុង​ធ្វើតេស្តិ៍​មិន​ត្រឹមតែ​អ្នកនេសាទ​ដើម្បី​រក​មេរោគ​កូរ៉ូណា​ជា​រៀងរាល់ថ្ងៃ​ប៉ុណ្ណោះទេ​ប៉ុន្តែ​​ថែម​ទាំង​ចាប់​ត្រី​របស់​ពួកគេ​មក​ធ្វើតេស្តិ៍​ផងដែរ​។​

​ការអនុវត្ត​បែបនេះ​បាន​នាំឱ្យ​មាន​ការជជែក​ដេញដោល​និង​ការ​ចម្អក​ពេញ​បណ្តាញ​សង្គម និង​បាន​កើតឡើង​ខណៈ​កំពុង​ផ្ទុះ​កូវី​ដ​យ៉ាង​អាក្រក់​នៅ​កោះ​ហៃ​ណាន​ធ្លាយ​រហូតដល់​តំបន់​ភាគខាងត្បូង ដែល​រដ្ឋាភិបាល​និយាយថា​អាច​មាន​ប្រភព​ចេញពី​ហាង​លក់​ត្រី​។

​យោង​តាម​ព័ត៌មាន​ក្នុងស្រុក សង្កាត់​ជី​ម៉ី (Jimei) ក្នុង​ក្រុង​សៀ​មិន បាន​ប្រកាស​ពី​ការធ្វើ​តេស្តិ៍​បែបនេះ​កាលពី​ចុងខែ​កក្កដា​ដោយ​សារ​បារម្ភ​ថា​ការធ្វើ​ជំនួញ​ខុស​ច្បាប់​ជាមួយ​អ្នកនេសាទ​បរទេស​​អាច​នាំ​ចូល​មេរោគ​កូរ៉ូណា​។ ការ​ធ្វើតេស្តិ៍​គឺ​ធ្វើឡើង​ទៅ​លើ​មនុស្សនិ​ង​វត្ថុ​ដែល​ពួកគេ​បាន​ប៉ះពាល់ រួម​ទាំង​ត្រី​ដែល​ទើប​លើក​ចេញពី​ទឹក​។​

​អ្វីដែល​ធ្វើឱ្យ​អ្នកលេង​អ៊ីនធឺណិត​ហួសចិត្ត​គឺ​ការយក​សំឡី​លូក​ចូល​មាត់​ត្រី ដែល​អ្នកខ្លះ​ចាត់ទុកថា​ជា​និមិត្តរូប​នៃ​ការអនុវត្ត​គោលនយោបាយ​កូវី​ដ​សូន្យ​ហួសហេតុ​ពេក​ក្រៃ​របស់​ចិន​។​

​សេចក្តីជូនដំណឹង​ផ្លូវការ​បាន​សរសេរថា “​អ្នកនេសាទ​ត្រូវ​តែ​ធ្វើតេស្តិ៍​រក​កូវី​ដ​ម្តង​រៀងរាល់ថ្ងៃ​អំឡុង​ប្រតិបត្តិការ​រកត្រី​។ នៅពេល​អ្នកនេសាទ​និង​ត្រី​ឡើងគោក ទាំង​មនុស្ស​និង​ទំនិញ​នឹង​ត្រូវ​ធ្វើតេស្តិ៍​​ទាំងអស់​”៕

បុគ្គលិក​ពេទ្យ​ចិន​កំពុង​យក​សំឡី​រុក​មាត់​ត្រី​យក​សំណាក​មក​ពិនិត្យរ​កកូ​វីដ​នៅ​ទីក្រុង​សៀ​មិន