ដោយៈ សុផល / ភ្នំពេញ​៖ លោក ប៉ែន បូរាណ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ក្រសួង រួមមាន​សមាសភាព ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន ភស្តុភា​រកម្ម អភិបាលរង នៃ​គណៈ​អភិបាល ខេត្តស្វាយរៀង និង​មន្ត្រីជាន់ខ្ពស់ មកពី​កំពង់ផែ​ស្វយ័ត​ភ្នំពេញ អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវទឹក សមុទ្រ និង​កំពង់ផែ អគ្គនាយកដ្ឋាន​ភស្តុភា​រកម្ម និង​នាយកដ្ឋាន​ផ្លូវដែក រួមជាមួយ​ជំនាញការ​ជប៉ុន ដើម្បី​ធ្វើ​ទស្សនកិច្ច​សិក្សា និង​ជួបពិភាក្សា​ការងារ ជាមួយ​ស្ថាប័នរដ្ឋ និង​ឯកជន នៅ​ប្រទេស​វៀ​ណា​ម​។​

​ទស្សនកិច្ច មាន​រយៈពេល ២ ថ្ងៃនេះ ចាប់ពី​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២២ មាន​គោលបំណង ស្វែងយល់​អំពី​មុខងារ​សំខាន់ៗ​របស់​ស្ថាប័នរដ្ឋ ក្នុងការ​ចូលរួម​អភិវឌ្ឍ វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​បង្កើន​ចំណងមិត្តភាព ឱ្យ​កាន់តែ​ជិតស្និទ្ធ ក្នុង​វិស័យ​ភស្តុភា​រកម្ម រវាង​ប្រទេស​ទាំងពីរ ស្វែងយល់​អំពី​ការរៀបចំ និង​ការអនុវត្ត​គោលនយោបាយ​ភស្តុភា​រកម្ម ព្រមទាំង​ការប្រមូល​ទិន្នន័យ​ភស្តុភា​រកម្ម និង​ដឹកជញ្ជូន ស្វែងយល់​អំពី​ការអប់រំ និង​ការអភិវឌ្ឍ​ធនធានមនុស្ស លើ​វិស័យ​ភស្តុភា​រកម្ម នៅ​ប្រទេស​វៀតណាម ស្វែងយល់​អំពី ការអនុវត្ត​គម្រោង ជាពិសេស​ការអនុវត្ត​គម្រោង អភិវឌ្ឍន៍​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម Superport របស់​ក្រុមហ៊ុន YCH នៅក្បែរ​ទីក្រុង​ហាណូយ​។​

​ប្រភព​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចេញផ្សាយ​ថ្ងៃទី​១៨ ខែសីហា​នេះ បានឱ្យដឹងថាៈ ជា​លទ្ធផល​នៃ ដំណើរ​ទស្សនកិច្ច​នេះ គណៈប្រតិភូ​ក្រសួង បាន​ជួបពិភាក្សា​ការងារ ក្រសួង​ដឹកជញ្ជូន​វៀតណាម ដើម្បី​សិក្សា​ស្វែងយល់ អំពី​ក្របខណ្ឌ នៃ​ការរៀបចំ​គោលនយោបាយ អភិវឌ្ឍន៍​ប្រព័ន្ធ​ដឹកជញ្ជូន និង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅក្នុង​ប្រទេស​វៀតណាម និង​ផែនការ​នៃ​ការតភ្ជាប់​ប្រព័ន្ធ​ដឹកជញ្ជូន​ផ្លូវថ្នល់ ផ្លូវដែក និង​ផ្លូវទឹក ជាមួយ​ប្រទេស​កម្ពុជា និង​បាន​ជួបពិភាក្សា ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ដើម្បី​សិក្សា​ស្វែងយល់ អំពី​មុខងារ​សំខាន់ៗ ពាក់ព័ន្ធ​នឹង​វិស័យ​ភស្តុភា​រកម្ម និង​ការរៀបចំ និង​អនុវត្ត​គោល​យោ​បាយ​ភស្តុភា​រកម្ម​។​

​គណៈប្រតិភូ បាន​ជួបពិភាក្សា ជាមួយ​តំណាង​ក្រុមហ៊ុន YCH និង​ធ្វើ​ទស្សនកិច្ច នៅ​ការដ្ឋាន​សាងសង់​គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម ដើម្បី​សិក្សា​ស្វែងយល់ អំពី​គម្រោង​អភិវឌ្ឍន៍ មជ្ឈមណ្ឌល​ភស្តុភា​រកម្ម នៅ​ទីក្រុង​ហាណូយ ត​ភ្ជាប់​នឹង​ព្រលានយន្តហោះ​អន្តរជាតិ​ណ​យ​បៃ ក្រុង​ហាណូយ​។ មជ្ឈមណ្ឌល​ភស្តុភារ​កម្មនេះ ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​សម្រួល និង​បង្កើន​លំហូរ​ពាណិជ្ជកម្ម​ជាតិ និង​អន្តរជាតិ នៅក្នុង​ទីក្រុង​ហាណូយ​។​

​គណៈប្រតិភូ បាន​ពិភាក្សា​លើ​សេចក្តីព្រាង​អនុស្សរណៈ​យោគយល់ នៃ​ការដំឡើង​កូតា​រថយន្ត ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន រវាង​កម្ពុជា​-​វៀតណាម ព្រមទាំង​បានកំណត់​ពេលវេលា និង​ទីកន្លែង សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី ដើម្បី​ពិនិត្យ​លទ្ធភាព ក្នុងការ​ជំរុញ​ការបញ្ចប់ សេចក្តីព្រាង​អនុស្សរណៈ យោគ​យោល់​នេះ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ និង​បញ្ហា​ប្រឈម​នានា នៃ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន និង​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន រវាង​ប្រទេស​កម្ពុជា​-​វៀតណាម រួមមាន ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និង​ភស្តុភា​រកម្ម​។​

​គណៈប្រតិភូ បាន​ជួបពិភាក្សា​ការងារ​ជាមួយ សាកលវិទ្យាល័យ​ពាណិជ្ជកម្ម​បរទេស ដើម្បី​ស្វែងយល់​អំពី កម្មវិធីសិក្សា និង​ប្រព័ន្ធ​អប់រំ​ជំនាញ​ភស្តុភា​រកម្ម នៅ​ប្រទេស​វៀតណាម និង​កិច្ចសហប្រតិបត្តិការ និង​ការសម្របសម្រួល ជាមួយនឹង​រដ្ឋាភិបាល និង​បាន​ជួបពិភាក្សា​ជាមួយ វិទ្យាស្ថាន​យុទ្ធសាស្ត្រ ដឹកជញ្ជូន និង​ការអភិវឌ្ឍ ដើម្បី​ស្វែងយល់​អំពី​ក្របខណ្ឌ​នៃ ការប្រមូល​ទិន្នន័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម និង​ការផ្សព្វផ្សាយ​ស្ថិតិ និង​របាយការណ៍ សិក្សា​គោលនយោបាយ ពាក់ព័ន្ធ​នឹង​វិស័យ​ដឹកជញ្ជូន និង​ភស្តុភា​រកម្ម​៕/V​