ដោយៈ​សុផល​/​ភ្នំពេញ​៖ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា (CGCC) បាន​សហការ​រៀបចំ​សិក្ខាសាលា​ស្តីពី​“​សក្តានុពល​នៃ​គម្រោង​ធានា​ឥណទាន​ក្នុងការ​លើកស្ទួយ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​” នា​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២​នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត់ រ៉េ​ជីន​ស៊ី​( Hyatt Regency) រាជធានី​ភ្នំពេញ​។​

​គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី​ពិភាក្សា​អំពី​ការជំរុញ​ការប្រើប្រាស់​គម្រោង​ធានា​ឥណទាន ក្នុងការ​លើកស្ទួយ​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​និង​ចែករំលែក​អំពី​ការផ្តល់​កម្ចី​ដែលមាន​ការធានា និង​បទពិសោធន៍​របស់​ម្ចាស់​អាជីវកម្ម​ក្នុងការ​ទទួលបាន​កម្ចី​ដែលមាន​ការធានា​ផងដែរ​។​

​លោក រស់ សីល​វ៉ា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល CGCC បាន​ថ្លែងថា​សិក្ខាសាលា​នា​ថ្ងៃនេះ​មាន​សារៈសំខាន់​ក្នុងការ​ចូលរួម​លើកកម្ពស់​ការយល់ដឹង​អំពី​យន្ត​ការធានា​ឥណទាន តាមរយៈ​ការចែករំលែក​បទពិសោធ​ន៍​ល្អៗ និង​បំផុសគំនិត​ថ្មីៗ​ពី​ភាគី​ពាក់ព័ន្ធ​។​

​លោក​រដ្ឋលេខាធិការ​បន្ត​ថា​“​រាជរដ្ឋាភិបាល​បានដាក់​ឱ្យ​ដំណើរការ​គម្រោង​ធានា​ឥណទាន​តាមរយៈ​សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​ដែលមាន​រយៈពេល​ជាង​មួយឆ្នាំ​ហើយ ដោយ​គិត​មក​ត្រឹម​ដំណាច់​ខែកក្កដា ឆ្នាំ​២០២២ នេះ សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា បាន​គាំទ្រ​លើ​ការបញ្ចេញ​កម្ចី​ថ្មីៗ​ចំនួន​ប្រមាណ ៥៧​លាន​ដុល្លារ ជូន​ដល់​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ខ្វះ​ទ្រព្យ​បញ្ចាំ តាមរយៈ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ចូលរួម​។ ទោះបីជា ៥៧​លាន​ដុល្លារ​នេះ គឺជា​ចំនួន​តិចតួច​នៅឡើយ ប៉ុន្តែ​វា​ជាការ​ចាប់ផ្តើម​នៃ​ការផ្លាស់ប្តូរ​ទម្លាប់​នៃ​ការផ្តល់​កម្ចី ដោយ​មិន​ផ្អែកលើ​ទ្រព្យ​បញ្ចាំ នៅក្នុង​ទីផ្សារ​ឥណទាន​របស់​ប្រទេស​កម្ពុជា​។​”៕​សរន