ដោយ​: ភ្នំ​ស្វាយ / បន្ទាយមានជ័យ​: លោក ផន រ៉ាវុធ អភិបាលរងក្រុង​សិរីសោភ័ណ បាន​ប្រាប់ឱ្យដឹង នៅ​ថ្ងៃទី​១៨ ខែសីហា​ថាៈ មន្ត្រី​អាជ្ញាធរ នៅ​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ បាន​បន្ត​ចុះជួយ​ច្រូតស្រូវ របស់​ប្រជាពលរដ្ឋ ដែល​លិចលង់​ដោយសារ ទឹកភ្លៀង តាម​អនុសាសន៍​ណែនាំ​ពី​លោក អ៊ុ រាត្រី អភិបាលខេត្ត និង​ជា​ប្រធាន គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត​បន្ទាយមានជ័យ រួម​នឹង​កងកម្លាំងប្រដាប់អាវុធ ទាំង​៤​ប្រភេទ មាន​អធិការដ្ឋាន​នគរបាល​ក្រុង ដឹកនាំ​ដោយ​លោក​អធិការរង​មូលដ្ឋាន​អាវុធហត្ថ​ក្រុង ដឹកនាំ​ដោយ​មេ​ប្ជ​ការរង តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ មាស ប៊ុន​ថុ​ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ កងពលតូច​ថ្មើ​ជើង​លេខ​៥១ ដឹកនាំ​ដោយ​លោក ឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ​កងពលតូច​ថ្មើ​ជើង​លេខ​៥១ ដោយមាន​ការចូលរួម អភិបាលក្រុង​សិរីសោភ័ណ ចៅសង្កាត់ មេភូមិ ចុះជួយ​ច្រូតស្រូវ​របស់​ប្រជាពលរដ្ឋ ដែល​លិចលង់ ដោយ​ជំនន់​ទឹកភ្លៀង នៅ​សង្កាត់​ភ្នៀ​ត និង​សង្កាត់​កោះ​ពង​សត្វ ក្រុង​សិរីសោភ័ណ​។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ បានឱ្យដឹង​ថ្ងៃទី​១៨ ខែសីហា នេះ​ថាៈ នៅថ្ងៃនេះ កម្លាំង​សរុប​មាន កងពលតូច​ថ្មើរជើង​លេខ​៥១ តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត អធិការដ្ឋាន​នគរបាល​ក្រុង មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង យុវជន និង​មន្ត្រី​អាជ្ញាធរ​ជាង ២០០​នាក់ បាន​បន្ត​ចុះជួយ​សង្គ្រោះ​ច្រូតស្រូវ​របស់​ពលរដ្ឋ ដែល​រង​ការលិចលង់ ដោយ​ទឹកជំនន់ នៅ​សង្កាត់​កោះ​ពង​សត្វ បាន​ទំហំ​ជាង ១០​ហិកតា ហើយ​អាច​នឹង​បន្ត​អន្តរាគមន៍​ទៅ​ថ្ងៃស្អែក​ទៀត​៕/V​