ដោយៈសុផល/ភ្នំពេញ៖ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ត្រូវបានសម្ពោធដាក់ឱ្យដំណើរការសាកល្បងកាលពីថ្ងៃទី១៧ ខែសីហាឆ្នាំ២០២២ក្រោមវត្តមាន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។
ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ(Port EDI)ជាទំនើបកម្មបច្ចេកវិទ្យាទ្រង់ទ្រាយធំលើការ
ត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ពីការធ្វើដោយដៃមកធ្វើការក្នុងទម្រង់អេឡិចត្រូនិក តាមរយៈប្រព័ន្ធអនឡាញវិញ។ប្រព័ន្ធនេះដែរធ្វើឱ្យផ្លាស់ប្តូរឯកសារសម្របសម្រួលនាវាចរណ៍មានភាពឆាប់រហ័ស ចំណេញពេលវេលា តម្លាភាពសុវត្ថិភាព ប្រសិទ្ធភាពនិងសន្សំសំចៃខ្ពស់។
រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូនបាននិងកំពុងជំរុញគម្រោងប្រព័ន្ធផ្លាស់ប្ដូរទិន្នន័យអេឡិចត្រូនិកនៅតាមកំពង់ផែគោលដៅដោយបានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) ដើម្បីធ្វើឱ្យការអនុវត្តន៍គម្រោងប្រព័ន្ធនេះកាន់តែមានភាពល្អប្រសើរ ងាយ និងស្របតាមច្បាប់ជាធរមាន។
ក្នុងពិធីនេះលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ក៏ដូចជាប្រជាពលរដ្ឋជប៉ុន ដែលតែងតែជួយជ្រោមជ្រែងដល់ការកសាងប្រទេសជាតិ មាតុភូមិកម្ពុជា ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើនឡើងនិងបានគូសបញ្ជាក់ពីការរីកចម្រើនរបស់ប្រទេសជាតិមាតុភូមិក្នុងរយៈពេល២០ឆ្នាំកន្លងទៅនេះក្រោមដំបូលសុខសន្តិភាពនិងនយោបាយឈ្នះឈ្នះរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
លោកបានបន្ថែមថា៖ការពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វ័យតភ្នំពេញក្នុងនោះ កំពង់ផែស្វ័យតក្រុងព្រះសីហនុគឺជាកំពង់ផែពាណិជ្ជកម្មបម្រើសេវាដឹកជញ្ជូននាំចូលនាំចេញទៅក្រៅប្រទេសប្រមាណ៦០ភាគរយ ហើយការរីកចម្រើនជាបន្តបន្ទាប់នៅកំពង់ផែ ស្វ័យតក្រុងព្រះសីហនុនេះកើតមានដោយសារ ការផ្តល់ជំនួយពីរដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA)។
លោកទេសរដ្ឋមន្ត្រី បានកត់សម្គាល់ផងដែរថា៖ រដ្ឋាភិបាលជប៉ុននឹងបន្តផ្តល់ជំនួយទាំងផ្នែក ហិរញ្ញវត្ដុ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដើម្បីពង្រីកវិសាលភាពកំពង់ផែស្វ័យតក្រុងព្រះសីហនុឱ្យក្លាយទៅជាកំពង់ផែតំបន់ និងកំពង់ផែមេគង្គដែលមានសមត្ថភាពដឹកជញ្ជូនទំនិញទៅដល់សហគមន៍ អឺរ៉ុប និងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ឆ្លងកាត់តាមកំពង់ផែអន្តរជាតិក្នុងតំបន់ ដូចជា កំពង់ផែសិង្ហបុរី ឬកំពង់ផែវ៉ុងតាវ និងគម្រោងពង្រីកអាកាសយានដ្ឋាននៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ និងតារាសាគរ ដើម្បីប្រែក្លាយទៅជាអាកាសយានដ្ឋានខ្នាតអន្តរជាតិដែលអាចឱ្យយន្តហោះធំៗដឹកអ្នកទេសចរណ៍ អ្នកវិនិយោគ និងដឹកទំនិញចុះចតបាននៅកម្ពុជា។
ក្នុងឱកាសនោះដែរ លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងបញ្ចប់ផែនការ មេភស្តុភារកម្មដែលតម្រូវឱ្យកម្ពុជាដាក់ទុនប្រមាណ៥០ ពាន់លានដុល្លារអាម៉េរិកលើ គម្រោងជាង៣០០ ដើម្បីធ្វើឱ្យប្រព័ន្ធភស្តុភារកម្មមានតម្លៃកាន់តែថោកជាងមុននិងអាចមានឱកាសទាក់ទាញវិនិយោគិនដាក់ទុកវិនិយោគបង្កើតការងារធ្វើជូនបងប្អូនប្រជាពលរដ្ឋតាមរយៈទីភ្នាក់ងារJICAនិងបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់ជប៉ុនក្នុងការផ្ដល់ហិរញ្ញប្បទានសម្បទានជំនួយឥតសំណងជួយដល់កម្ពុជាក្នុងការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ។ នៅកម្ពុជា កាត់បន្ថយភាពស្មុគស្មាញ កាត់បន្ថយការប្រើប្រាស់ពេលវេលាយូរ ក្នុងការស្នើសុំ នាវាចូលចេញនៅកម្ពុជា និងជាការបង្ហាញអំពីយកចិត្តទុកដាក់លើការផ្តល់សេវាសាធារណៈជូនវិស័យឯកជន ធ្វើឱ្យមានប្រសិទ្ធភាព ធ្វើឱ្យមានតម្លាភាព និងធ្វើឱ្យបានលឿន តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា ការអនុវត្តគម្រោងប្រព័ន្ធផ្លាស់ប្តូរទិន្នន័យអេឡិចត្រូនិកកំពង់ផែ (Port EDI) នេះ បានទទួលជំនួយឥតសំណងពីប្រទេសជប៉ុន ចំនួន ១២លានដុល្លារអាម៉េរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន៕សរន