ដោយៈ ឫទ្ធិស័ក្តិ-ទេពកង្រី/កំពង់ឆ្នាំង : ទំនាស់ដីធ្លីទំហំជាង ៧៦ហិកតា រវាងលោក យូ ប៉ាសិទ្ធ ជាមួយប្រជាពលរដ្ឋ១០គ្រួសារ ដែលស្ថិតនៅក្នុងភូមិស្រះកែវ ឃុំមេលំ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅមិនទាន់ដោះស្រាយចប់នៅឡើយទេ ខណៈដែលអាជ្ញាធរពាក់ព័ន្ធបានចុះដោះស្រាយចំនួន ៤ដងរួចមកហើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២២ ផ្នែកជំនាញពាក់ព័ន្ធរបស់ខេត្ត បានចុះមកប្រជុំដោះស្រាយករណីនេះនៅក្នុងសាលាឃុំមេលំ ប៉ុន្តែនៅតែមិនទទួលបានលទ្ធផលឡើយ។

លោក វ៉ាន់ ចាន់ថាត មន្ត្រីអន្តរវិស័យសាលាខេត្តកំពង់ឆ្នាំង និងជាប្រធានអង្គប្រជុំ តំណាងឲ្យលោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានប្រាប់រស្មីកម្ពុជាឲ្យដឹងថា “កិច្ចប្រជុំកាលពីព្រឹកមិញនេះពុំទាន់ទទួលបានលទ្ធផលទេ ដោយស្ថាប័នចម្រុះរបស់ខេត្តស្នើសុំឱ្យតំណាងភាគីលោកយូ ប៉ាសិទ្ធ ជាម្ចាស់ដី រស់នៅក្រុងភ្នំពេញត្រូវយកប្លង់ដី (ប្លង់រឹង) មកដាក់នៅសាលាខេត្ត ដើម្បីធ្វើការពិនិត្យស្រាវជ្រាវ និងដោះស្រាយបន្តទៀត”។

ចំណែកលោក ចេង ចាន់ដូណា អភិបាលស្រុ កបរិបូណ៌បានបញ្ជាក់ថា តាមការបង្ហាញប្លង់ទីតាំងដីរបស់ភាគីលោក យូ ប៉ាសិទ្ធ ដីមានទំហំ ៧៦,៨៦ ហិកតា ដោយភាគីលោក យូ ប៉ាសិទ្ធ បានប្ដឹងប្រជាពលរដ្ឋចំនួន ១០គ្រួសារថា បានប្រើហិង្សាចូលកាន់កាប់ដីមានប្លង់រឹងរបស់គាត់ប្រមាណ ១០ហិកតា។ ប៉ុន្តែក្រុមការងារចម្រុះរបស់ស្រុកកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កន្លងទៅនេះ បានចុះមកវាស់វែងដីជាក់ស្តែងតាមការចង្អុលបង្ហាញរបស់លោកស្រី ឯក លក្ខិណា តំណាងឲ្យលោក យូ ប៉ាសិទ្ធ ពេលនោះក្រុមចម្រុះបានវាស់វែងឃើញមានចំនួន ៨៥ ,៧៨ ហិកតា លើសប្លង់បង្ហាញទីតាំងដីជាង ៩ ហិកតា ។
រីភាគីប្រជាពលរដ្ឋទាំង ១០គ្រួសារវិញបានលើកឡើងថា ពួកគាត់មិនបានចូលរំលោភកាន់កាប់ដីរបស់លោក យូ ប៉ាសិទ្ធ ដូចការចោទប្រកាន់នោះឡើយ គឺមានតែភាគីលោក យូ ប៉ាសិទ្ធ ទេ ដែលបានជួលគ្រឿងចក្រមករំលោភឈូសឆាយដី ឈូសដំណាំ និងរបងចំការពួកគាត់ដែលបានកាន់កាប់និងអាស្រ័យផលយូរឆ្នាំមកហើយ តែបែរជាមកប្ដឹងចោទប្រកាន់ពួកគាត់ទៅវិញ។ មិនតែប៉ុណ្ណោះមកដល់ ពេលនេះភាគីលោក យូ ប៉ាសិទ្ធ បានប្ដឹងមនុស្សចំនួន ១៥នាក់ គឺមានប្រជាពលរដ្ឋ១០គ្រួសារ និងប្តឹងលោក កេត សុឃា មេឃុំមេលំ និងប្ដឹងលោកផល សុភាព អភិបាលរងស្រុកបរិបូណ៌នឹងប្ដឹងអ្នកកាសែតម្នាក់ផងដែរ គឺប្ដឹងទៅស្នងការនគរបាលខេត្តផងនិងប្ដឹងទៅតុលាការខេត្ត។

ប្រជាពលរដ្ឋបានលើកឡើងថា បើភាគីលោក យូ ប៉ាសិទ្ធ ពិតជាចង់បញ្ចប់ទំនាស់ដោយសន្តិវិធីមែននោះ គួរតែយកប័ណ្ណរឹងទាំង ២៣ប័ណ្ណរបស់ខ្លួនមកដាក់លើតុជូនក្រុមការងារចម្រុះ ដើម្បីពិនិត្យវាស់វែងជាក់ស្តែង នោះការដោះស្រាយ គឺពិតគ្មានអ្វីលំបាកនោះឡើយ។

ទាក់ទងករណីនេះលោកស្រី ឯក លក្ខិណា តំណាងឱ្យភាគីលោក យូ ប៉ាសិទ្ធ បានបញ្ជាក់ថា ដីរបស់លោក យូ ប៉ាសិទ្ធ សរុបមានប្លង់រឹង ២៣ប័ណ្ណ ក្នុងនោះមានតែ ៦ប័ណ្ណប៉ុណ្ណោះដែលពាក់ព័ន្ធនឹងការប្ដឹងផ្តល់ខាងលើនេះ។ ដូច្នេះលោកស្រីគ្រាន់តែជាតំណាងឲ្យ លោក យូ ប៉ាសិទ្ធ ប៉ុណ្ណោះរឿងសម្របសម្រួលដោះស្រាយយ៉ាងណានោះ គឺស្ថិតលើម្ចាស់ដីលោក យូ ប៉ាសិទ្ធ ជាអ្នកដោះស្រាយ៕សរន

IMG_5364