ដោយ៖ ដេប៉ូ / ភ្នំពេញ៖ «មានគ្រូពេទ្យ គឺមានក្ដីសង្ឃឹម ហើយវត្តមាន នៃក្រុមគ្រូពេទ្យ ជនជាតិបារាំង គឺជាស្ពានមួយ តភ្ជាប់នូវ ចំណងមិត្តភាព ដ៏មានតម្លៃ រវាងប្រទេសទាំងពីរ និងប្រជាជន ទាំងពីរ។ ពិសេស ជាឱកាស សម្រាប់គ្រូពេទ្យកម្ពុជា ក្នុងមូលដ្ឋាន ដកស្រង់ពិសោធន៍ និងពង្រឹង សមត្ថភាពវិជ្ជាជីវៈ របស់ខ្លួនផងដែរ»។ នេះជាការថ្លែងបញ្ជាក់ ពីសំណាក់លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាមន្រ្តីនាំពាក្យ ក្រសួងបរិស្ថាន។

គួរបញ្ជាក់ថា ការថ្លែងរបស់លោក នេត្រ ភក្រ្តា បែបនេះ ធ្វើឡើង ក្នុងកម្មវិធីសំណេះ សំណាល និងថ្លែងអំណរគុណ ក្នុងអាហារសាមគ្គី នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ។ ក្នុងពិធីនេះគេសង្កេតឃើញមាន ការចូលរួមពី សំណាក់លោក សុខ គាង រដ្ឋលេខាធិការ ក្រសួង បរិស្ថាន ព្រមទាំងសមាជិក ក្រុមការងារ ចុះមូលដ្ឋាន ខេត្តព្រះសីហនុ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌ នៅកម្ពុជា ក្រុមគ្រូពេទ្យស្មគ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌ របស់ប្រទេសបារាំង គ្រូពេទ្យមណ្ឌលសុខភាព ស្រុកព្រៃនប់ និងយុវជនស្ម័គ្រចិត្ត ជាច្រើនរូបទៀត។

ក្នុងនាម លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធាន ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តព្រះសីហនុ លោក នេត្រ ភក្រ្តា បានមានប្រសាសន៍ ថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌ នៅកម្ពុជា និងក្រុមគ្រូពេទ្យស្មគ្រចិត្ត នៃសមាគមបេសកកម្ម មនុស្សធម៌ របស់ប្រទេសបារាំង ដែលបានចុះពិនិត្យ ព្យាបាល ជំងឺទូទៅ ជូនប្រជាពលរដ្ឋ នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ក្នុងឱកាសនោះ ផងដែរ ។

គួរបញ្ជាក់ថា ដោយមានការ យកចិត្តទុកដាក់ ពីក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខេត្តព្រះសីហនុ បានដឹកនាំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្ម មនុស្សធម៌របស់ប្រទេសបារាំង សហការជាមួយ អាជ្ញាធរមូលដ្ឋាន ស្រុកព្រៃនប់ និងស្រុកកំពង់សិលា ចុះពិនិត្យ ព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ក្នុងរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែសីហា ឆ្នាំ២០២២ បានចំនួនសរុប ៧៤២ នាក់ នៅមូលដ្ឋាន ឃុំអូរជ្រៅ ស្រុកព្រៃនប់ និងឃុំស្ទឹងឆាយ ស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ៕/V