ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ កាលពីដើមទសវត្សរ៍ ឆ្នាំ១៩៨០ អ្នកទាត់បាល់ ជើងចាស់ មួយរូប ដែលមានឈ្មោះថា មិត្ត សំអ៊ែល គាត់នៅបង្ហាញមុខ លើទីលាន ដោយមានតួនាទី លេង នៅខ្សែប្រយុទ្ធ និង បម្រើ ។

លោកជាឪពុកបង្កើត និងជាគ្រូបង្វឹក របស់អតីតកីឡាករ ជម្រើសជាតិ ខ្សែប្រយុទ្ធ សំអ៊ែល ណាហ្សា ដែលកាលនោះ នៅក្នុងឆ្នាំ២០០០។ មានអ្នកទាត់បាល់ ជាច្រើនទៀតដែលលោកបាន បណ្ដុះបណ្ដាល ដែលសព្វថ្ងៃខ្លះជាមន្ត្រីជាន់ខ្ពស់ កងរាជអាវុធហត្ថ លើផ្ទៃប្រទេស ខ្លះបន្តអាជីព ជាមួយបាល់ទាត់ ក្នុងឋានៈជាគ្រូបង្វឹក ក្រុមធំៗ ទៀតផង។

លោកគ្រូតា មិត្ត សំអ៊ែល ខ្សែប្រយុទ្ធខ្មែរ ពូកែតែតបាល់ បញ្ចូលទី នាទសវត្សរ៍ ៦០ បានទទួលមរណភាព នៅល្ងាចថ្ងៃទី១៦ សីហា ឆ្នាំ២០២២ ក្នុងជន្មា ៨៥ ឆ្នាំ ដោយរោគាពាធ ។ ជាអតីតកីឡាករ ក្រសួងការពារជាតិ លោក មិត្តសំអ៊ែល ហើយក៏ជា អតីតកីឡាករ ជម្រើសជាតិកម្ពុជា មួយរូប ក្នុងចំណោម កីឡាករជម្រើសជាតិ ទាំងឡាយ នាទសវត្សរ៍ ៦០ និង ៧០ គឺចន្លោះពីឆ្នាំ១៩៦៧ ដល់ ១៩៧០ ។

លោកជាអ្នកលេង បាល់ទាត់ ជើងចាស់ ស្រករគ្នានឹងលោក សោម សារ៉ន ហៅ មាំង ដែលធ្លាប់ចេញទៅប្រកួត នៅក្រៅប្រទេស និងហ្វឹកហាត់ នៅក្រៅប្រទេស។ តែពេលនេះ លោកលា គ្រួសារបាល់ទាត់ ទៅរហូត ដោយគ្មានវិលវិញ។

លោកកើត នៅថ្ងៃទី១០ ខែមករា ឆ្នាំ១៩៤០ នៅភូមិឃ្លាំងស្បែក ឃុំកំពង់លួង ស្រុកពញាឮខេត្តកណ្ដាល។ ក្រោយឆ្នាំ១៩៧៩ លោកគឺជាផ្នែកមួយ ដែលបានរួមចំណែក ធ្វើឲ្យបាល់ទាត់ខ្មែរ មានពន្លឺឡើងវិញ៕/V