ដោយៈ ចាន់តូ / ភ្នំពេញ​៖ យុវជន​ម្នាក់ ស្លាប់ និង​យុវជន​ម្នាក់ទៀត រងរបួស​ស្រាល បន្ទាប់ពី​បើក​ម៉ូតូឌុប​គ្នា ចុះ​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ យ៉ាង​លឿន ជ្រុល​ទៅបុក​ខឿន​ផ្លូវ​ដួល​អូស​ជាច្រើន​ម៉ែត្រ ។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១​និង​៣០​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​១៩ ខែសីហា ឆ្នាំ​២០២២ នៅ​ចំហៀង​ក្រោម​ស្ពាន​អាកាស​ស្ទឹងមានជ័យ ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

​សព​ជនរងគ្រោះ មានឈ្មោះ ធូ សុធា​រ៉ូ​ត អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្សសាលា​វិទ្យាល័យ ១០០​ខ្នង រស់នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ជា​អ្នក​ឌុប និង​អ្នករងរបួស​ស្រាល មានឈ្មោះ ធូ ចាន់​រតនៈ អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិត រស់នៅក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ត្រូវជា​បងជីដូនមួយ ជា​អ្នក​អង្គុយ​ខាងក្រោយ​។ យុវជន​ពីរ​នាក់​នេះ ជិះ​ម៉ូតូ​ម៉ាក​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០២១ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​កណ្ដាល 1AD.8517 ។

​តាម​ប្រភពព័ត៌មាន នៅ​កន្លែងកើតហេតុ បាន​ប្រាប់​ឲ្យ​ដឹងថា មុន​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ ពីរ​នាក់ បើក​ម៉ូតូ​មួយគ្រឿង ឌុប​គ្នា​ចុះ​ពីលើ​ស្ពាន​អាកាស ស្ទឹងមានជ័យ ទិសដៅ​ពី​ខាងត្បូង មក​ខាងជើង ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ ដោយសា​ផ្លូវ​កោង​ផង​នោះ ក៏​ជ្រុល​បុក​ខឿន​ផ្លូវ​ដួល​ទាំង​កំរោល អូស​ជាច្រើន​ម៉ែត្រ បណ្ដាល​ឲ្យ​យុវជន​ម្នាក់ ជា​អ្នក​ឌុប បោក​ក្បាល​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ របួស​ធ្ងន់ធ្ងរ និង​បាន​ស្លាប់ នៅពេល​បញ្ជូនទៅ​មន្ទីរពេទ្យ ចំណែកឯ​អ្នក​អង្គុយ​ក្រោយ​រងរបួស​ស្រាល​។

​ក្រោយមក សមត្ថកិច្ច​មូលដ្ឋាន ក៏​ចុះ​មកដល់ យក​ម៉ូតូ​ជនរងគ្រោះ ទៅ​រក្សាទុក រង់ចាំ​ប្រគល់​ឲ្យ​ក្រុមគ្រួសារ ។ ចំណែក​សព​ប្រគល់ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​