ដោយៈ បូកគោ / កំពត​: អ្នក​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត ប្រមាណ​ជាង ១៥០ គ្រួសារ កំពុង​រក្សា និង​ដាំ​បន្ត នូវ​ក្រូចថ្លុង ឈ្មោះ តុ​ស៊ូ និង​ទ័​រតាវ ដែល​អ្នក​បរិភោគ បានទទួល​ស្គាល់ ពី​គុណ​ភាពល្អ លើសគេ ជា​យូរយារ​មកហើយ​។ ក្រូច​ទាំងពីរ​ប្រភេទ​នេះ មាន​រសជាតិ ឈ្ងុយឆ្ងាញ់ មិន​ហាង មិន​ល្វីង ប្លែក​ពី​បណ្តា​ក្រូចថ្លុង​ដទៃ​។​

​ស្ត្រី​ឈ្មោះ អ៊ូ​ន កសិករ រស់នៅ​ភូមិ​ដូង ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត បាន​រៀបរាប់ថាៈ តាំងពី​យូរ​ឆ្នាំ រហូតមកដល់​សព្វថ្ងៃ ក្រុមគ្រួសារ​គាត់ បាន​ដាំ​ក្រូចថ្លុង ប្រភេទ​តុ​ស៊ូ និង​ទ័​រតាវ នៅលើ​ផ្ទៃដី ជិត​ពីរ​ហិកតា ស្ថិតក្នុង​ភូមិឋាន​ផ្ទាល់​។ ពីមួយ​ឆ្នាំ ទៅមួយ​ឆ្នាំ ការបង្កើន​ចំនួន ដើម​ក្រូច របស់​គ្រួសារ​គាត់ មិនបាន​ទិញ​កូន​ពី​ក្រៅ​ទេ គឺ​ផ្សាំ​មែក ដាំ​ដោយ​ខ្លួនឯង​។

​ម្ចាស់​ចម្ការ​ដដែល បាន​បន្តថាៈ ជាទូទៅ ក្រូចថ្លុង ចាប់ផ្តើម​ផ្តល់​ផល នៅ​អាយុ ៣ ឆ្នាំ ដោយ​ក្នុង​មួយឆ្នាំៗ ផ្លែ​ពីរដង បន្តបន្ទាប់​គ្នា​។ ពេល​ផ្លែ​ម្តងៗ តែងតែមាន​ឈ្មួញ មក​ម៉ៅ ដោយ​គ្រួសារ​គាត់ មិនចាំបាច់​នឿយហត់ ក្នុងការ​បេះ​យកទៅលក់​ទេ ព្រោះ​ក្រូច​តុ​ស៊ូ និង​ក្រូច​ទ័​រតាវ ល្បីឈ្មោះ តាំងពី​ដូនតា​មក​។ ក្នុងនោះ ប្រភេទ​តុ​ស៊ូ ស្ថិតនៅ​លំដាប់​លេខ​១ ដោយសារ​មាន​រសជាតិ ឈ្ងុយឆ្ងាញ់ មិន​ល្វីង និង​មិន​ហាង ដូច​ក្រូចថ្លុង ប្រភេទ​ផ្សេង ហើយ​អាច​ទុក​បាន រហូតដល់​ជាង ១០ ថ្ងៃ ចាប់ពី​ពេល​បេះ​។​

​លោក ឡេង សារី មេឃុំ​ស្ទឹង​កែវ បាន​ប្រាប់ឱ្យដឹង​ដែរ​ថាៈ ក្នុង​ឃុំ​ស្ទឹង​កែវ មាន​កសិករ ប្រមាណ​ជាង ១៥០ គ្រួសារ បាន​ដាំ​ក្រូចថ្លុង លក្ខណៈ​ជា​ចម្ការ និង​ដាំ​ក្នុង​ភូមិឋាន​។ តាម​ការកត់សម្គាល់ និង​សួរនាំ ប្រជាពលរដ្ឋ ក្រូចថ្លុង​ស្ទឹង​កែវ មាន​អ្នក​ចូលចិត្ត ទទួលទាន​ច្រើន ជាង​ក្រូចថ្លុង នៅ​តំ​នប់​ផ្សេងៗ​។ បច្ចុប្បន្ន ក្រូចថ្លុង​ស្ទឹង​កែវ ត្រូវបាន​ឈ្មួញ​ទិញ យកទៅលក់​បន្ត នៅ​ទូទាំង ២៥ រាជធានី ខេត្ត​។​

​ជាមួយគ្នានេះដែរ អ្នក​ដាំ​ក្រូច នៅ​ឃុំ​ស្ទឹង​កែវ ក៏បាន​សំណូមពរ ដល់​មន្ត្រី​ជំនាញ មេត្តាជួយ​ចុះ​ពិនិត្យ និង​ជួយ​ពួកគាត់ នូវ​វគ្គ​បណ្តុះបណ្តាល​បន្ថែម អំពី​ការថែទាំ ក៏ដូចជា វិធី​កម្ចាត់​សត្វល្អិត ដែល​តែងតែ​ធ្វើឱ្យប៉ះពាល់ ដល់​ទិន្នផល​ផ្លែ​ក្រូចថ្លុង ជា​រៀងរាល់ឆ្នាំ​នោះ​៕/V​