​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ អង្គការសហប្រជាជាតិ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា​ថា ប្រមុខ​រដ្ឋាភិបាល​បន្តុប​ដោយ​យោធា​មី​យ៉ាន់​ម៉ា​”​បាន​បង្ហាញ​ពី​ការបើក​ចិត្ត​ក្នុង​ការរៀប​​ចំ​កិច្ចប្រជុំ​នៅពេល​សមស្រប​ណាមួយ​” រវាង​បេសកជន​ពិសេស​របស់​អ​.​ស​.​ប លោកស្រី ណូអ៊ី​លីន ហេ​ហ្សឺ (Noeleen Heyzer) និង​អតីត​មេដឹកនាំ​ប្រទេស លោកស្រី អ៊ុង​សាន ស៊ូ​ជី​ដែល​កំពុង​ជាប់​​ពន្ធនាគារ​។​

​អ្នកនាំពាក្យ​រង​របស់​អ​.​ស​.​ប លោក ហ្វា​ហាន ហាក់ (Farhan Haq) បាន​និយាយថា ឧត្តមសេនីយ៍​កំពូល មីន អ៊ុង​ហ្លាំង​បាន​ប្រាប់​លោក​ស្រី​ហេ​ហ្សឺ​ក្នុងអំឡុង​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃ​ពុធ​ក្នុង​រដ្ឋធានី​​ណៃ​ពិដោ​ថា ក្នុង​ខណៈ​នេះ “​វិធានការ​គឺ​ត្រូវ​ធ្វើឡើង​ដើម្បី​ការពារ​សុខភាព​និង​សុខុមាលភាព​របស់​លោក​ស្រី​”​។​

​សូមបញ្ជាក់​ថា មី​យ៉ាន់​ម៉ា​ត្រូវបាន​អង្រួន​ដោយ​ភាពចលាចល​ដ៏​ហិង្សា​ចាប់តាំងពី​កងទ័ព​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​លោកស្រី​ស៊ូ​ជី​ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​មុន​។​

​ការ​កាន់កាប់​ដោយ​យោធា​បាន​រារាំង​គណបក្ស​សម្ពន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី​ស៊ូ​ជី​មិនឱ្យ​ចាប់ផ្តើម​អាណត្តិ​ទី​ពីរ​ហើយ​លោកស្រី​ស៊ូ​ជី​ត្រូវបាន​កាត់ទោស​នៅក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ជាច្រើន​ដែល​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​មាន​ហេតុផល​នយោបាយ​។ លោក​ស្រី​កំពុង​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ក្នុង​ទីក្រុង​ណៃ​ពិដោ ហើយ​រដ្ឋាភិបាល​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​លោកស្រី​ជួប​ជាមួយ​អ្នក​ក្រៅ​ណា​ម្នាក់​ឡើយ​។​

​នៅក្នុង​បេសកកម្ម​លើកដំបូង​របស់​បេសកជន​របស់​អ​.​ស​.​ប​រូបនេះ​ទៅកាន់​ប្រទេស​ហែកហួរ​ដោយ​ជម្លោះ​នេះ លោកស្រី​ហេ​ហ្សឺ​បាន​អំពាវនាវ​ឱ្យ​ឧត្តមសេនីយ៍​ហ្លាំង​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​អំពើហិង្សា គាំទ្រ​​ផ្លូវ​នយោបាយ​ត្រឡប់​ទៅរក​ការ​កាន់​ដោយ​ស៊ីវិល​និង​លទ្ធិប្រជាធិបតេយ្យ និង​អនុញ្ញាត​ឱ្យ​លោកស្រី​ស៊ូ​ជី​ត្រឡប់ទៅផ្ទះ​វិញ និង​សុំ​ជួប​ជាមួយ​លោកស្រី​។​

​លោកស្រី​ក៏​បាន​រំលឹក​ឡើង​វិញ​ផង​ដែរ​នូវ​ការព្រួយបារម្ភ​យ៉ាង​ខ្លាំង​របស់​អគ្គលេខាធិកា​រ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស អំពី​វិបត្តិ​មនុស្សធម៌ សន្តិសុខ សេដ្ឋកិច្ច និង​នយោបាយ​របស់​មី​យ៉ាន់​ម៉ា​និង​ការ​អំពា​វ​​នាវ​របស់​គាត់​ឱ្យ​ដោះលែង​អ្នកទោសនយោបាយ​ទាំងអស់​។ ហើយ​លោក​ស្រី​បាន​ជំរុញ​ឱ្យ​លោក​ហ្លាំង​ផ្អាក​ការប្រហារជីវិត​នា​ពេល​ខាង​មុខ​បន្ទាប់​ពី​ការប្រហារជីវិត​សកម្មជន​នយោបាយ​បួន​នាក់​នា​ពេល​​ថ្មីៗ​នេះ ដែល​ទាក់ទាញ​ការ​ថ្កោលទោស​ទូទាំង​ពិភពលោក​៕

បេសកជន​ពិសេស​របស់​អ​.​ស​.​ប លោកស្រី ណូ​លីន ហេ​ហ្សឺ