​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នាយកដ្ឋាន​ការពារ​ជន​ស៊ីវិល​នៃ​ប្រទេស​អាល់​ហ្សេ​រី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា​ថា​ភ្លើងព្រៃ​នៅក្នុង​ព្រៃ​ភាគ​ខាងកើត​ប្រទេស​អាហ្វ្រិក​ខាងជើង​​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាងហោចណាស់​៣៧ នាក់ និង​របួស​១៦១​នាក់​ផ្សេង​ទៀត​។​

​ជនរងគ្រោះ​ភាគច្រើន​ត្រូវបាន​រាយការណ៍​នៅ​តំបន់​វីឡា​យ៉ា (Wilaya) ឬ​តំបន់​អែល​ថា​ហ្វ (El Tarf) ក្បែរ​ព្រំដែន​ភាគ​ខាងជើង​នៃ​ប្រទេស​អាល់​ហ្សេ​រី​-​ទុយ​នី​ស៊ី ជា​កន្លែង​ដែល​មនុស្ស ៣៤ នាក់​ត្រូវបាន​រកឃើញ​ស្លាប់​។ ចំនួន​អ្នក​ស្លាប់​រួម​មាន​គ្រួសារ​មួយ​មាន​គ្នា​ប្រាំ​នាក់​ដែល​គេ​រកឃើញ​នៅក្នុង​ផ្ទះ​របស់​ពួកគេ និង​មនុស្ស​ប្រាំបី​នាក់​នៅ​លើ​ឡានក្រុង​សាធារណៈ​ដែល​អ្នកបើកបរ​របស់​ខ្លួន​​ពើបប្រទះ​នឹង​ភ្លើងព្រៃ​ដោយ​ចៃដន្យ​ខណៈ​កំពុងធ្វើដំណើរ​នៅ​តំបន់ភ្នំ​។​

​នាយករដ្ឋមន្ត្រី លោក អៃ​មីន បេណា​ប់​ដឺ​រ៉ា​មេន (Aïmene Benabderrahmane) បាន​និយាយថា “​ជនរងគ្រោះ​ភាគច្រើន​នៅ​អែល​ថា​ហ្វ គឺជា​អ្នក​ដើរលេង​វិស្សមកាល​ដែល​បាន​មក​រីករាយ​នឹង​ឆ្នេរ​​ឋានសួគ៌​និង​ទេសភាព​គួរឱ្យ​ទាក់ទាញ​”​។​

​លោក​និង​សមាជិក​រដ្ឋាភិបាល​ជាច្រើន​នាក់​បាន​មកដល់​តំបន់​អែល​ថា​ហ្វ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។ នាយករដ្ឋមន្ត្រី​បាន​និយាយថា​រដ្ឋ​អាល់​ហ្សេ​រីនឹង​គាំទ្រ​ដល់​គ្រួសារ​ជនរងគ្រោះ​និង​ចំណាយ​លើ​ការងារ​ជួសជុល​​និង​សំណង​សម្រាប់​ការបាត់បង់​សត្វពាហនៈ​និង​សំបុក​ឃ្មុំ​។ តំបន់​នេះ​មាន​ភាពល្បីល្បាញ​ផងដែរ​ខាង​ឧស្សាហកម្ម​ចិញ្ចឹមសត្វ​របស់ខ្លួន​។​

​មនុស្ស​ម្នាក់​បាន​ស្លាប់​នៅ​តំបន់​ស៊ូ​ក​អា​រ៉ាស់ (Souk Ahras) ភាគខាងត្បូង​តំបន់​អែល​ថា​ហ្វ​។ មនុស្ស​ពីរ​នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅក្នុង​តំបន់​សេ​ធី​ហ្វ (Setif) ស្ថិតនៅ​ចម្ងាយ​ប្រហែល ៣០០ គីឡូម៉ែត្រ ភាគ​ខាងកើត​រដ្ឋធានី​អាល់​ហ្សេ​របស់​ប្រទេស​អាហ្វ្រិក​ខាងជើង​នេះ​។​

​ទីភ្នាក់ងារ​ការពារ​ស៊ីវិល​បាន​និយាយថា អ្នក​ពន្លត់​អគ្គិភ័យ​មកពី​តំបន់​ផ្សេងទៀត​ត្រូវបាន​បញ្ជូន​ទៅ​ជួយ​ពន្លត់ភ្លើង​៕

​មនុស្ស​៣៧​នាក់​ស្លាប់​ក្នុង​គ្រោះ​ភ្លើង​ឆេះ​ព្រៃ​នៅ​អាល់​ហ្សេ​រី​កាលពី​ថ្ងៃ​ព្រហស្បតិ៍ រួម​មាន​មនុស្ស​ប្រាំបី​នាក់​នៅ​លើ​ឡានក្រុង​សាធារណៈ​ដែល​អ្នកបើកបរ​របស់​ខ្លួន​ពើបប្រទះ​នឹង​ភ្លើងព្រៃ​ដោយ​ចៃដន្យ​ខណៈ​​កំពុងធ្វើដំណើរ​នៅ​តំបន់ភ្នំ​