​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​បង​ប្អូនស្រី​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃ​សុក្រ​ទី​១៩​សីហា​នេះ​បានបញ្ជាក់​ថា ប្រទេស​លោក​ស្រី​នឹង​មិន​ទទួល​យក​សំណើ​«​ឆ្គួតៗ​»​របស់​ប្រធានាធិបតី​​កូរ៉េខាងត្បូង​លោក យូ​ន ស៊ុក​យ៉ូល ដែល​សុំ​ផ្តល់​ជំនួយ​សេដ្ឋកិច្ច​ជា​ថ្នូរ​នឹង​ការរំសាយ​ចោល​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ជា​ដំណាក់កាល​នោះ​ទេ​។​លោកស្រី​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​សេ​អ៊ូ​ល​ថា​គ្រាន់​​តែ​លើក​យក​សំណើ​ពី​មុន​ដែល​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​បាន​ច្រាន​ចោល​មក​ផ្សាយ​ឡើងវិញ​។​

​ក្នុង​បទ​អត្ថាធិប្បាយ​មួយ​ចេញ​កាលពី​ថ្ងៃ​សុក្រ​នៅលើ​កាសែត​Rodong Sinmun​របស់​កូរ៉េ​ខាងជើង លោកស្រី គីម យ៉ូ​ចុង​(Kim Yo Jong )​បានបញ្ជាក់​ថា ប្រទេស​លោកស្រី​មិន​មាន​បំណង​បោះបង់​​ចោល​សព្វាវុធ​នុយក្លេអ៊ែ​រ​និង​កម្មវិធី​កាំជ្រួច​ផ្លោង​ជា​ថ្នូរ​នឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ទេ និង​ថា​«​គ្មាន​នរណា​អាច​មក​ដោះដូរ​ជោគវាសនា​របស់​ប្រទេស​នេះ​ជាមួយនឹង​នំពោត​»​បានឡើយ​។​

​លោកស្រី​បាន​ចោទសួរ​អំពី​ភាពស្មោះត្រង់​នៃ​ការអំពាវនាវ​អោយ​មាន​ទំនាក់ទំនង​ទ្វេភាគី​ល្អប្រសើរ​ឡើង​ពី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល ក្នុងពេល​កូរ៉េខាងត្បូង​បន្ត​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​អាម៉េរិក និង​ខក​​ខានមិនបាន​រារាំង​កុំ​អោយ​ជន​ស៊ីវិល​បង្ហោះ​ខិត្តប័ណ្ណ​ឃោសនា​ប្រឆាំង​រដ្ឋាភិបាល​ទីក្រុង​ព្យុងយ៉ាង ព្រមទាំង​«​វត្ថុ​គគ្រិច​»​ផ្សេងៗ​កាត់​ព្រំដែន​ចូល​ខាង​ទឹកដី​កូរ៉េខាងជើង​។​

​លោកស្រី​គីម ក៏​បាន​ចំអក​អោយ​សមត្ថភាព​យោធា​កូរ៉េ​ខាងត្បូង​ដោយ​ថា កូរ៉េខាងត្បូង​កំណត់​ខុស​ទីតាំង​បាញ់​បង្ហោះ​កាំជ្រួច​ចុងក្រោយ​របស់​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ពុធ​គឺ​នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​​មុន​លោក​យូ​ន​សុំអោយ​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​វិល​មក​រក​កិច្ចការ​ទូត​វិញ​។​

​ការចេញផ្សាយ​សម្តី​របស់​គីម យ៉ូ​ចុង កើត​ឡើង​បន្ទាប់ពី​លោកស្រី​កាលពី​សប្តាហ៍​មុន​បាន​គំរាម​សងសឹក​«​ផ្តាច់ជីវិត​»​លើ​កូរ៉េខាងត្បូង​ក្រោយ​កូរ៉េខាងជើង​ផ្ទុះ​ជំងឺ​កូវី​ដ​១៩ ដែល​ត្រូវ​បាន​បន្ទោស​លើខិ​ត្ត​​ប័ណ្ណ​និង​វត្ថុ​ផ្សេង​ដែល​ត្រូវ​បង្ហោះ​តាម​ប៉េងប៉ោង​ពី​ម្ខាង​នៃ​ព្រំដែន​កូរ៉េខាងត្បូង​ទៅ​៕

លោកស្រី គីម យ៉ូ​ចុង