ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ត្រៀម​រួចជាស្រេច ហើយ ដើម្បី​បញ្ជូន​កីឡាករ​របស់ខ្លួន ចំនួន ២ រូប ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ Syed Kadir Boxing Championship 2022​។​

​តាម​ការគ្រោងទុក ព្រឹត្តិការណ៍​នេះ នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​៩ ដល់ទី ១១ កញ្ញា នា​ខែ​ក្រោយនេះ​។ កីឡាករ​ជម្រើសជាតិ ប្រដាល់សកល​កម្ពុជា ទាំង ២ រូប ដែល​ទៅ​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិ​ការណ៍​នោះ មាន កីឡាករ សៅ រង្សី ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម និង​កីឡាករ ហ៊ុន គឹម​ហ៊ាង ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៧១ គីឡូក្រាម ។​

​អ្នក​ប្រដាល់សកល​កម្ពុជា ទាំង​២​នេះ ទើបតែ​ដណ្ដើមបាន មេដាយ​សំរឹទ្ធ ម្នាក់​១​គ្រឿង ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម កាលពី​ខែឧសភា កន្លងទៅ ដោយ​កីឡាករ សៅ រង្សី បាន​យកឈ្នះ​កីឡាករ​ម៉ាឡេស៊ី ដោយ​ពិន្ទុ និង​កីឡាករ ហ៊ុន គឹម​ហ៊ាង បានឈ្នះ​កីឡា​ករមី​យ៉ាន់​ម៉ា ដោយ​វាយ​ឲ្យ​សន្លប់ ក្នុង​ទឹក​ទី​១ ។​

​លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា មិនបាន​ដឹងថា ក្នុង​ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​ចំនួន​ប៉ុន្មាន ចូលរួម​នោះទេ ទាល់តែ​ទៅដល់​ប្រទេស​សឹង្ហ​បូរី ទើប​អាច​ដឹងបាន​។ ទោះជា​យ៉ាងណា ក្នុងខណៈដែល​កម្ពុជា កំពុងតែ​ត្រៀមខ្លួន​ធ្វើជា ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ នោះ ការចូលរួម ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ បែបនេះ ពិតជា​មាន​សារសំខាន់​បំផុត សម្រាប់​វាស់​ស្ទង់ ពី​ការរីកចម្រើន​របស់​កីឡាករ បន្ទាប់ពី​កម្ពុជា ទើបតែ​បានទទួល​គ្រូបង្វឹក មកពី​កា​ហ្សា​ក់​ស្ថាន មកជួយ​បង្ហាត់ កាលពីពេល​ថ្មីៗ​នេះ​។​

​ក្រៅពី​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ខាងលើនេះ សហព័ន្ធ ក៏​នឹង​ត្រៀម​បញ្ជូន​ក្រុម​ជម្រើសជាតិ ប្រដាល់​សកល​កម្ពុជា ទៅ​ចូលរួម​ការប្រកួត​កីឡា ប្រដាល់សកល​ជើងឯក​អាស៊ី នៅ​ប្រទេស​ហ្ស​ក​ដង់ (Jordan) នា​ខែតុលា ខាងមុខនេះ ទៀតផង​៕/V​