​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ មន្ត្រី​ក្រសួង​អប់រំ និង​មន្ត្រី នៃ​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ បាន​អមដំណើរ តំណាង​ស្ថាន​ឯក អគ្គរាជទូត​ថៃ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ថៃ មក​បំពេញ​ទស្សនកិច្ច​ឈ្វេងយល់ ពី​ការបង្រៀន​របស់លោក​គ្រូ អ្នក​គ្រួ ដល់​សិស្ស នៅ​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ស្ថិតក្នុង​ក្រុង​កំពង់ឆ្នាំង ពី​កម្មវិធីសិក្សា​ថ្មី​មួយ ហៅ​កាត់​ថា ស្ទែ​ម (STEM)​។

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោកស្រី វេជ្ជបណ្ឌិត កាន ជូ​លី អ្នកជំនាញ​កម្មវិធីសិក្សា STEM នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ថៃ បាន​មានប្រសាសន៍ថាៈ​តាម​ទិសដៅ ក្នុង​កិច្ចសហប្រតិបត្តិការ កម្មវិធីសិក្សា STEM គឺ​បានកំណត់ ៣ ឆ្នាំ ជួបគ្នា​ម្តង ប៉ុន្តែ​ដោយសារ​បញ្ហា​កូ​វីដ ១៩ ទើប​យើង​បាន​អាក់ខាន​ជួបគ្នា រហូតដល់ ៥ ឆ្នាំ ។ នៅ​ប្រទេស​កម្ពុជា បានជ្រើសរើស​យក​សាលា​ចំនួន ៧ កន្លែង សម្រាប់​ដាក់ឱ្យ​ដំណើរការ កម្មវិធីសិក្សា STEM នេះ ។​

​ដោយឡែក សម្រាប់​ខេត្តកំពង់ឆ្នាំង មាន​សាលា​ចំនួន ២ បានទទួល​បង្រៀន​កម្ម​វិធី​នេះ គឺ​សាលា​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត និង​សាលា​វិទ្យាល័យ ហ៊ុន សែន រលាប្អៀរ ដោយសារតែ​សាលា​ទាំង​២ នេះ មាន​លោក​គ្រួ អ្នកគ្រូ ធ្លាប់​បានទទួល​ការសិក្សា បណ្តុះបណ្តាល កម្មវិធីសិក្សា STEM នេះ ពី​ប្រទេស​ថៃ​។​

​លោក រ៉ា វុទ្ធី អនុប្រធាននាយកដ្ឋាន អភិវឌ្ឍន៍​កម្មវិធីសិក្សា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មានប្រសាសន៍ថាៈ កម្មវិធី STEM គឺមាន​សារៈសំខាន់​ខ្លាំងណាស់ ដោយ​ផ្ដោតជាសំខាន់ ទៅលើ​បច្ចេកវិជ្ជា នា​សម័យ​ទំនើប ឌីជីថល​នេះ ។ ប៉ុន្តែ​ចំពោះ ការសិក្សា​កម្មវិធី​នេះ អាច​ទទួលជោគជ័យ​ទៅបាន អាស្រ័យទៅលើ​សិស្ស ដែល​យកចិត្តទុកដាក់ រៀនសូត្រ ស្វែងយល់ គិត​ដោយ​ខ្លួនឯង ដោយមាន​ការបង្ហាត់ បង្ហាញ ពី​លោកគ្រូ អ្នកគ្រូ ព្រមទាំង​អាណាព្យាបាល ផងដែរ ។​

​រីឯ​ការចំណាយ លើ​ការសិក្សា​កម្មវិធី​នេះ​វិញ គឺ​ពេល​យើង បាន​បញ្ជូន​លោកគ្រូ អ្នកគ្រូ ទៅ​សិក្សា​នៅ​ប្រទេស​ថៃ ភាគី​ថៃ ជា​អ្នករ៉ាប់រង ប៉ុន្តែ​ពេល​យើង យកមកអនុវត្ត នៅក្នុង​ស្រុក គឺ​រាជរដ្ឋាភិបាល ជា​អ្នកទទួលបន្ទុក​រ៉ាប់រង រីឯ​ភាគី​ថៃ គ្រាន់តែ​បញ្ជូន​មន្ត្រី​របស់ខ្លួន មក​ពិនិត្យ ការបង្រៀន ការអនុវត្ត និង​វាយតម្លៃ តែប៉ុណ្ណោះ ។​

​ដោយឡែក លោក ឡុង ស៊ី​ដា​វុ​ធ ដែល​ធ្លាប់បាន​ទៅ​ទទួល ការបណ្ដុះបណ្ដាល ពី​ប្រទេស​ថៃ និង​កំពុង​អនុវត្ត​បង្រៀន ដោយផ្ទាល់ នៅ​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បាន​ចាប់អារម្មណ៍​ថាៈ ក្រោយ​ការសិក្សា​ចប់ សិស្ស​ទាំងនោះ និង​ក្លាយជា​វិស្វករ ប៉ុន្តែ​មិនមែនជា​វិស្វករ​ធំដុំ​នោះទេ គ្រាន់តែ​អាច​ផលិត​របស់​អ្វី ពី​តូចៗ ដែលជា​ការបង្កើត​ថ្មី ដោយ​សិស្ស​ខ្លួនឯង បន្ទាប់ពី​ទទួល​ចំណេះដឹង ពីសា​លា ហើយ​គិត​ស្រាវជ្រាវ រក​បទពិសោធន៍ លើ​មុខ​វិទ្យា STEM ដែល​ចែកជា ៥ មុខវិជ្ជា ហើយ​តទៅ​ថ្ងៃមុខ សិស្ស នឹងមាន​មុខរបរ​អ្វីមួយ សម្រាប់​អនាគត ដោយ​ខ្លួនឯង ពី​ការសិក្សា​នេះ ។

​ដោយឡែក លោកស្រី លឿង បញ្ញា​វុ​ឌ្ឍ នាយិកា​ស្ដីទី វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត ក៏បាន​រាយការណ៍​ដែរ​ថាៈ សម័យ​ប្រឡង​មធ្យមសិក្សា​បឋមភូមិ សិស្ស​រួមមាន ចំនួន ៣៥៤ នាក់ ប្រឡង​ជាប់​មាន​ចំនួន ៣៤៩ នាក់ សិស្ស​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សិស្ស​មាន​ចំនួន ៤៦២ នាក់ ប្រឡង​ជាប់​បាន​ចំនួន ២៧៣ នាក់ ក្នុងនោះ និទ្ទេស A មាន​ចំនួន ៧ នាក់ ។​

ដោយសារ​ប្រព័ន្ធ​បច្ចេកវិទ្យា កំពុងតែ​រីកចម្រើន តម្រូវការ​ធនធានមនុស្ស ដែលមាន​ជំនាញ ក្នុង​តំបន់​អាស៊ាន ឲ្យ​កាន់តែ​កើនឡើង និង​ដើម្បី​រក្សា​និរន្តរភាព​សេដ្ឋកិច្ចជាតិ ក្នុងនាម លោកស្រី ជា​នាយិកា​ស្តីទី សាលា និង​លោកគ្រូ​អ្នកគ្រូ សំណូមពរ​ដល់​គណៈប្រតិភូ ជួយ​បណ្ដុះបណ្ដាល ផ្នែក STEM ដល់​លោកគ្រូ​អ្នកគ្រូ និង​ឧបត្ថម្ភ​នូវ​សំភារៈ​ពិសោធន៍ ដល់​វិទ្យាល័យ ព្រះបាទ​សុរា​ម្រឹត ដើម្បី​ផ្ដល់​ចំណេះដឹង ដល់​សិស្ស​បន្ថែមទៀត ៕/V​