ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ ព្រះ​ម​ង្គ​លា​នុ​រ័​ក្ខ អំ សៃ ត្រូវបានតែងតាំង​ជា​ជំនួយការ សាលា​គណ​ខេត្តកំពង់ឆ្នាំង បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន ក្នុង​ពិធី​តែងតាំង​ផ្លូវការ​មួយ នា​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ នៅ​សាលា​គណ​ខេត្តកំពង់ឆ្នាំង ក្រោម​ព្រះអធិបតីភាព​ព្រះ​ទេព​មុនី សុខ ថា​ន ព្រះ​រាជាគណៈ​ថ្នាក់​ចត្វា ព្រះ​ធម្ម​វង្សា​ធិបតី ព្រះ​មេគណ​ខេត្តកំពង់ឆ្នាំង និង​លោក សរ លាង ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត ដោយ​មានការ​និមន្ត​ចូលរួម​ពី ព្រះ​សរណ​មង្គល ប៉ុ​ណ្យ ប៊ុន​ជី​ង ព្រះ​សមុហ៍​គណ ខេត្តកំពង់ឆ្នាំង និង​ព្រះ​សិរី​ធម្ម​ញាណ នុ​ច មុនី ព្រះ​រាជាគណៈ​ថ្នាក់​កិត្តិយស និង​ជា ព្រះ​លេខាធិការ គណ​ខេត្តកំពង់ឆ្នាំង​។​

​យោងសេចក្តី​សម្រេច​រប​ស់ សាលា​គណ​ខេត្តកំពង់ឆ្នាំង អាន​ដោយ​ព្រះ​សរណ​មង្គល ប៉ុ​ណ្យ ប៊ុន​ជី​ង សម្រេច​តែងតាំង​ព្រះ​ម​ង្គ​លា​នុ​រ័​ក្ខ អំ សៃ ព្រះ​រាជាគណៈ ថ្នាក់​កិត្តិយស និង ជា​ព្រះ​គ្រូសូត្រឆ្វេង វត្ត​កា​សាម​រតនា​រាម ហៅ​វត្ត​ធម្មយុត្តិ ស្ថិត​ក្នុងភូមិ​ធម្មយុត្តិ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ជា​ជំនួយការ​សាលា​គណ​ខេត្តកំពង់ឆ្នាំង​។​

​បន្ទាប់ពី​បាន​ប្រគេន និង​ប្រកាស​សេចក្តីសម្រេច​តែងតាំង​រួចមក ព្រះ​ទេព​មុនី សុខ ថា​ន ព្រះ​មេគណ​ខេត្តកំពង់ឆ្នាំង បាន​មាន​សង្ឃដីកា​ថាៈ ការប្រកាស​ផ្តល់​តំណែង ដល់​មន្ត្រី​សង្ឃ នាពេលនេះ គឺ​ដើម្បី​ជួយ​ដល់​សាលា​គណ​ខេត្ត ដើម្បី​ពង្រឹង​ក្នុងការ​គ្រប់គ្រង ដឹកនាំ និង រៀបចំ​ផែង​ការ កសាង​អភិវឌ្ឍន៍​សមិទ្ធផល​នានា ផ្នែក​ព្រះពុទ្ធសាសនា ឱ្យទទួល​បាន សមិទ្ធផល​ថ្មីៗ​ថែមទៀត និង​ជួយ​លើ​កិច្ចការងារ​ឯកសារ​គតិ​យុ​ត្តិ អនុវត្តបាន​ត្រឹមត្រូវ តាម​នីតិវិធី​រដ្ឋបាល​សង្ឃ ដែល​ថ្នាក់លើ​បានកំណត់ ជាពិសេស​ចូលរួមចំណែក​ជាមួយ មន្ត្រី​សង្ឃ​ខេត្ត បន្ត​ដោះស្រាយ​អធិករណ៍ ដែល​សេសសល់ ឱ្យអស់​នៅក្នុង ខេត្តកំពង់ឆ្នាំង​៕/V​