ដោយៈ ជា សីហៈ​/​ភ្នំពេញៈ កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ក្រុមប្រឹក្សា​អភិ​វ​ឌ្ឈ​ន៍​កម្ពុជា​បានផ្តល់​ភ្លើង​ខៀវ​ដល់​គម្រោង​វិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ ៣ គម្រោង និង នៅ​ខេត្តកណ្តាល​មួយ​គម្រោង ។

​ប្រភព​ដដែល​បាន​បន្តថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​៣ ដែល​រួមមាន ទី​១ ក្រុមហ៊ុន “Xing Gang Wood Industry (Cambodia) Co., Ltd.” លើ​គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហា​រឹម​បង្គុំ និង​សម្ភារៈ​តុបតែង​លំអ​ធ្វើ​ពី​ឈើ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ចំនួន ៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ២៥០​នាក់​។​ទី​២- “Zhejiang Jeni Furniture Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សា​ឡុង និង​ស្រោម​សា​ឡុង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជឺ​, ខេត្ត​ព្រះសីហនុ​,​ក្នុង​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៤០០​នាក់​។ និង ទី ៣ “FF.LL (Cambodia) Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, ក្នុង​ទុនវិនិយោគ​ចំនួន ៦,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨៣០​នាក់​។​

​ប្រភព​ដដែល​បាន​បន្តថា ដោយឡែក​ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA) CO., LTD ត្រូវបាន​គណៈកម្មាធិកា​រ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ជូន​ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អណ្តូង ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ក្នុង​ទុនវិនិយោគ​ប្រមាណ ៥,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៣២៨​កន្លែង​៕​