​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាងកក​ប៉ុស្តិ៍​) ៖ កំពូល​តារា​ភាពយន្ត​និង​ជា​តារា​សិល្បៈជាតិ លោក​សម្បត្តិ មេ​ថា​នី (Sombat Metanee) បាន​ទទួល​មរណភាព​នៅ​អាយុ ៨៥ ឆ្នាំ​។​

​មិត្ត​ជិតស្និទ្ធ តារាចម្រៀង​ជើងចាស់ និង​ជា​តារា​សិល្បៈជាតិ​ដូចគ្នា គឺ​លោកស្រី ស៊ូ​ដា ជឿន​បាន (Suda Chuenban) បាន​បង្ហោះ​ដំណឹង​នៃ​ការស្លាប់​របស់​គាត់​នៅលើ​គណនី​ហ្វេ​សប៊ុក​របស់​លោកស្រី​។ លោក​ស្រី​និយាយថា សម្បត្តិ​ស្លាប់​ក្នុង​ដំណេក​របស់គាត់​នៅផ្ទះ​របស់​គាត់​ក្នុង​ទីក្រុង​បាងកក​នៅ​ផ្លូវ​សយ​ឡាត់​ប្រាវ​៧១ (Soi Lat Phrao 71) កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៨ សីហា​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​រាយការណ៍​ថា គ្រួសារ​គាត់​បានឃើញ​គាត់​បាត់បង់​ការឆ្លើយតប នៅ​ពេល​ពួកគេ​ទៅ​ដាស់​គាត់​ពី​ដំណេក ព្រោះ​គាត់​មិន​បាន​ក្រោក​តាម​ម៉ោង​ធម្មតា​របស់​គាត់​។​

​កើត​ក្នុង​ខេត្ត​អ៊ូ​ប៊ុន​រាជា​ធា​នី លោក​សម្បត្តិ​ចាប់ផ្តើម​អាជីព​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍​ចំណងជើង​ថា Huajai Pratthana ហើយ​បាន​សម្តែង​ជា​តួឯក​លើកដំបូង​ក្នុង​ខ្សែភាពយន្ត Rungphet ដែល​បញ្ចាំង​នៅ​ថ្ងៃទី ៣០ វិច្ឆិកា ឆ្នាំ​១៩៦១​។​

​សម្បត្តិ​សម្តែង​ក្នុង​រឿង​ភាគ​និង​រឿង​ដុំ​ជាច្រើន​។ គាត់​ធ្លាប់​គ្រង​កំណត់ត្រា​ពិភពលោក​ហ្គី​ណ​ណេ​ស​សម្រាប់​ការសម្តែង​ជា​តួឯក​ច្រើនជាងគេ​បំផុត​រហូតដល់​ទៅ ៦១៧ រឿង​។​គាត់​បាន​ទទួលពានរ​ង្វាន់​​ច្រើន​រាប់មិនអស់​ក្នុង​អាជីព​របស់​គាត់ និង​ត្រូវបាន​តែងតាំង​ជា​តារា​សិល្បៈជាតិ​ក្នុង​ឆ្នាំ ២០១៦​។​

​គាត់​បាន​រៀបការ​ជាមួយ​លោកស្រី​កាន​ចា​ណា មេ​ថា​នី (Kanchana Metanee) និង​មានកូន​៥​នាក់ គឺ​ប្រុស​៤ ស្រី​១​។

​បុណ្យសព​នឹង​រៀបចំ​ឡើង​នៅ​វត្ត​ប្រា​ស្រី មហា​ថា​ត វីរ​មហាវិហារ ក្នុង​សង្កាត់​បាង​ខេន ក្រុង​បាងកក​៕

លោក​មេ​ថា​នី​ស្លាប់​នៅ​អាយុ​៨៥​ឆ្នាំ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ទីក្រុង​បាងកក