ដោយ​: ពៅ​និមល / ភ្នំពេញ​: បេឡា​ជាតិ​សន្តិសុខ​សង្គម ហៅ​កាត់ ប​.​ស​.​ស បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១៨ ខែសីហា ឆ្នាំ​២០២២ បងប្អូន​កម្មករនិយោជិត​ចំនួន​ប្រមាណ​ជាង ៦៩​ម៉ឺន​នាក់ បានទទួល​ការផ្សព្វផ្សាយ​របប​សន្តិ​សុខ​សង្គម​ផ្នែក​ប្រាក់​សោធន តាមរយៈ​ក្រុមការងារ ប​.​ស​.​ស​។​

​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស បានលើកឡើង​ក្នុង​បណ្តាញ​សង្គម​ថា គិត​មកដល់ពេលនេះ កម្មករនិយោជិត​សរុប​ប្រមាណ​ជាង ៦៩​ម៉ឺន​នាក់ ស្មើនឹង ១.៤៣៥​លើក បាន​ចូលរួម​ឈ្វេងយល់​ស្តីពី​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន តាមរយៈ​យុទ្ធនា​ការចុះ​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​។ លោក​បាន​បន្តថា នេះ​បើ​យោងតាម​របាយការណ៍​ស្ដីពី​យុទ្ធនាការ ៩០​ថ្ងៃ នៃ​ការចុះ​ផ្សព្វផ្សាយ​របប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន របស់​ក្រុមការងារ​ត្រីភាគី​សម្រាប់​ការចុះ​យុទ្ធនាការ​ផ្សព្វផ្សាយ​រប​ប​សន្តិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន​។​

​លោក​បាន​លើកឡើងថា ជាមួយគ្នានេះ ប​.​ស​.​ស​. បាន​នឹង​កំពុង​បន្ត​បង្កើន​ការផ្សព្វផ្សាយ​ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ពិសេស​កម្មករនិយោជិត ធ្វើយ៉ាងណា​ឱ្យ​ពួកគាត់​ទាំងអស់ បាន​យល់ដឹង​កាន់តែច្បាស់​អំពី​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម ផ្នែក​ប្រាក់​សោធន​ថ្មី​មួយ​នេះ​។​

​សូម​រម្លឹកថា ការអនុវត្ត​ការបង់​ភាគទាន​របប​សន្ដិសុខ​សង្គម​ផ្នែក​ប្រាក់​សោធន នឹង​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២​ខាងមុខ​តទៅ​ដោយ ការបង់​ភាគ​លើ​របប​នេះ សម្រាប់​រយៈពេល​៥​ឆ្នាំ​ដំបូង ត្រូវ​កំណត់​ក្នុង​អត្រា​ស្មើនឹង ៤% នៃ​ប្រាក់​ឈ្នួល​ជាប់​ភាគទាន​។ ក្នុងនោះ ២% ជា​បន្ទុក​និយោជក និង ២% ជា​បន្ទុក​កម្មករនិយោជិត ហើយ​ការបង់​ភាគទាន​ផ្នែក​ប្រាក់​សោធន​មួយ​នេះ ត្រូវ​ធ្វើជា​ប្រចាំខែ​៕​