​ប្រែ​សម្រួលៈ​បំណង​(ST)៖ ចិន​បាន​ចេញ​ការព្រមាន​អំពី​ភាពរាំងស្ងួត​ថ្នាក់ជាតិ​ជា​លើកដំបូង​នៅពេល​អាជ្ញាធរ​កំពុង​ប្រយុទ្ធ​ទល់នឹង​ភ្លើង​ព្រៃ និង​កំពុង​បញ្ជូន​ក្រុម​ជំនាញ​ទៅ​ការពារ​ដំណាំ​ពី​អាកាសធាតុ​​ក្តៅ​ចង់​ឆេះ​នៅ​ទូ​ទាំង​អាង​ទន្លេ​យ៉ាង​សេ​(Yangtze)​។​

​ការព្រមាន​កំរិត​ពណ៌​លឿង ត្រូវបាន​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​សីហា និង​ធ្វើ​ឡើង​ចំ​ពេល​តំបន់​មួយចំនួន​ចាប់ពី​ខេត្ត​ស៊ី​ឈ័ន​នៅ​ភាគ​និរតី​រហូតដល់​ក្រុង​សៀង​ហៃ​នៅ​តំបន់​ដីសណ្តរ​ទន្លេ​យ៉ាង​សេ​ជួប​​អាកាសធាតុ​ក្តៅ​ខ្លាំង​អស់​ពេល​ប៉ុន្មាន​សប្តាហ៍ ដោយ​មន្ត្រី​រដ្ឋាភិបាល​បាន​បន្ទោស​លើ​ការប្រែប្រួល​អាកាសធាតុ​លើ​ពិភពលោក​លោក​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​បាន​និយាយថា​នៅក្នុង​អាងរងទឹកជំនន់​ដ៏​សំខាន់​មួយ​របស់​ទន្លេ​យ៉ាង​សេ​នៅក្នុង​ខេត្ត​ជាង​ស៊ី​(Jiangxi) ​បឹង​ប៉ូ​យ៉ាង​(Poyang)​ទឹក​ឥឡូវ​ស្រក​ចុះ​មួយ​ភាគ​បួន​ពី​​កំរិត​ធម្មតា​របស់​វា​នេះ​ឆ្នាំនេះ​។​

​ទូរទស្សន៍​រដ្ឋ​CCTV​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ទន្លេ​ចំនួន​៦៦​នៅ​ទូទាំង​៣៤​ខណ្ឌ​នៅ​តំបន់​ចុងឈី​ញ​(Chongqing)​បាន​រីងស្ងួត​។​ការធ្លាក់​ភ្លៀង​ក្នុង​តំបន់​នេះ​ក្នុង​ឆ្នាំ​២០២២​បាន​ថយចុះ​៦០​ភាគរយ​​ធៀប​នឹង​រដូវ​ដូច​គ្នា​កាលពី​ឆ្នាំមុន និង​ដី​នៅ​ស្រុក​ជាច្រើន​ខ្វះ​សំណើម​។​

​ស្រុក ប៉ី​ប៉ី​(Beibei)​នៅ​ចុងឈី​ញ​ខាងជើង សីតុណ្ហភាព​បាន​ឡើងដល់​៤៥​អង្សា​សេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

ក្នុងពេលជាមួយគ្នា ​ផ្នែក​អគ្គិភ័យ​កំពុង​ប្រុងប្រៀប​ខ្លាំង​នៅពេល​ភ្លើង​ឆេះ​ព្រៃ​កំពុង​កើតមាន​នៅ​ទូទាំង​តំបន់​ចំពេល​មាន​សេចក្តីរាយការណ៍​អំពី​ការ​រលាក​ស្បែក​ដោយ​កំដៅ​ទូទៅ​។​

​ការិយាល័យ​កសិក​ម្មចុ​ង​ឈី​ញ​ក៏​បញ្ជូន​ក្រុម​អ្នកជំនាញការ​ទៅ​ការពារ​ផលដំណាំ​ដែល​ងាយ​រងគ្រោះ​និង​ពង្រីក​ការដាំដុះ​បំពេញ​ការខូចខាត​មុន​រដូវ​ប្រមូល​ផល​ចូលមក​ដល់​។​

​យោង​តាម​ទិន្នន័យ​មកពី​ក្រសួង​គ្រាអាសន្ន​ចិន​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ សីតុណ្ហភាព​ក្នុង​ខែកក្កដា​តែមួយ​បង្ក​អោយ​ខាតបង់​សេដ្ឋកិច្ច​សរុប​២,៧៣​ពាន់​លាន​យ័ន និង​ប៉ះពាល់មនុស្ស​៥,៥​លាន​នាក់​។​

​ផ្នែក​ឧតុនិយម​ចិន​បាន​និយាយថា ភាពរាំងស្ងួត​អាច​អូសបន្លាយ​ពេល​ដល់​ខែ​កញ្ញា​និង​អាកាសធាតុ​ក្តៅ​នឹង​ថយ​ចុញ​ចាប់ពី​ថ្ងៃ​២៦​សីហា​ទៅ​៕

​ផ្នែក​មួយ​នៃ​បាតទន្លេ​រីង​ទឹក​នៅ​តាម​ទន្លេ​យ៉ាង​សេ​ក្នុង​តំបន់​ចុងឈី​ញ​កាលពី​ថ្ងៃ​១៦​សីហា​