​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ លោក​ជា សុខ​នី នាយករង​ខុទ្ទកាល័យ​របស់លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២​ថា គម្រោង​សាងសង់ ជួសជុល និង​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ​ចំនួន​២២​គម្រោង ដែលជា​គម្រោង​អាទិភាព​បាន​អនុវត្ត​ចាប់ពី​ដើមខែ​កុម្ភៈ មកដល់​ដំណាច់​ខែកក្កដា ឆ្នាំ​២០២២ មាន​គម្រោង​ចំនួន​ប្រាំពីរ នៅក្នុង​ចំណោម​គម្រោង​ទាំង​២២ បានធ្វើ​រួចរាល់​មួយរយ​ភាគរយ​ហើយ​។​

ទោះជា​យ៉ាងណា​លោក​នាយករង​ខុទ្ទកាល័យ​ខាងលើ​បញ្ជាក់ថា មាន​គម្រោង​ខ្លះ​ទើប​អនុវត្តបាន​លទ្ធផល​ពី​២០ ទៅ​៣០​ភាគរយ តាម​ផែនការ​គម្រោង​ទាំង​២២​ត្រូវ អនុវត្ត​ឱ្យបាន​រួចរាល់​នៅក្នុង​ឆ្នាំ​២០២២ តែ​គម្រោង​ជាច្រើន​អនុវត្តបាន​លើសពី​៥០​ភាគរយ​ហើយ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅក្នុង​ឆ្នាំ​២០២២ មាន​គម្រោង​សាងសង់ ជួសជុល និង​ស្តារ​ប្រព័ន្ធធារាសាស្ត្រ​ចំនួន​២២​គម្រោង ដែលជា​គម្រោង​អាទិភាព​ត្រូវអនុវត្ត​ចាំបាច់​នៅក្នុង​ខេត្ត​ចំនួន​១៤ ក្នុងនេះ​មាន​គម្រោង​ស្តារឡើងវិញ​ប្រព័ន្ធធារាសាស្ត្រ​ចំនួន​បី គម្រោង​ពង្រីក​ប្រព័ន្ធធារាសាស្ត្រ​ចំនួន​បួន និង គម្រោង​ស្ថាបនា​ប្រព័ន្ធធារាសាស្ត្រ​ថ្មី ចំនួន​១៥៕​