ដោយៈសុផល/ភ្នំពេញ៖លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ ផ្លូវគោក កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២បានថ្លែងថា៖ការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងច្រើន គិតត្រឹមរយៈពេល៧ខែ ឆ្នាំ២០២២ ក្រសួងសាធារណការបានចុះបញ្ជីរថយន្ដអគ្គិសនី ចំនួន១៥៥គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ មានត្រឹមតែ១១គ្រឿងប៉ុណ្ណោះ ដែលត្រូវបានចុះបញ្ជីការកើនឡើងនេះ មានរហូតដល់១៣០០ភាគរយ។
លោកបានបន្ដថា បច្ចុប្បន្នក្រសួងសាធារណការ បានដាក់ម៉ាស៊ីនបញ្ជូលថាមពលអគ្គិសនី នៅក្នុងទីតាំងចំនួនបួនរួមមាន៖ ខេត្តព្រះសីហនុចំនួនមួយគ្រឿង, ខេត្តបាត់ដំបងចំនួនមួយគ្រឿង, ខេត្តសៀមរាបចំនួនមយយគ្រឿង និងរាជធានីភ្នំពេញ ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូនចំនួនបួនគ្រឿង។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា ម៉ាស៊ីនបញ្ជូលថាមពលអគ្គិសនី មានក្នុងខេត្តព្រះសីហនុ, សៀមរាប, បាត់ដំបង និងក្នុងក្រសួងសាធារណៈការចំនួន១គ្រឿងជាជំនួយ របស់កម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។ បច្ចុប្បន្ននេះក្រសួងបានបន្ថែមម៉ាស៊ីន បញ្ជូលថាមពលអគ្គិសនីចំនួនបីគ្រឿងទៀត ដោយប្រើប្រាស់សឡា មិនប្រើប្រាស់ប្រព័ន្ធភ្លើងអគ្គិសនីរដ្ឋនោះទេ។
ក្នុងក្រសួងសាធារណការ និងដឹកជញ្ជូន មានកន្លែងបញ្ជូលថាមពលអគ្គិសនីចំនួនបួនគ្រឿង និងអាចបញ្ជូលថាមពលអគ្គសិនី ទៅកាន់រថយន្ដបាន៨គ្រឿងដោយសារតែ ម៉ាស៊ីនបញ្ជូលថាមពលនេះ មានទុយោចំនួនពីរ និងមានល្បឿនលឿន អាចបញ្ជូលថាមពលចូលរថយន្ដក្នុងចន្លោះ៣០-៤០នាទីប៉ុណ្ណោះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបញ្ជាក់ថា លោកសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ខិតខំប្រឹងប្រែងជំរុញការប្រើប្រាស់រថយន្ដ ឬម៉ូតូអគ្គិសនីនេះឲ្យបានច្រើន ជាក់ស្ដែងបច្ចុប្បន្នលោកកំពុងពិភាក្សាជាមួយនឹងក្រុមហ៊ុន Nham24, Foodpanda ជាដើម ដើម្បីឲ្យអ្នកដឹកជញ្ជូនម្ហូបអាហារ ងាកមកប្រើប្រាស់ម៉ូតូដើរ ដោយអគ្គិសនីនេះ ដោយមានការគាំទ្រពីសំណាក់ UNDP៕