ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំនួន​បី​រូប ត្រូវបានតែងតាំង​ថ្មី និង​ប្រាំ​រូប​ទៀត​ត្រូវបាន​ផ្លាស់ប្តូរ ពី​ខណ្ឌ​មួយ​ទៅ​ខណ្ឌ​មួយ ដែល​ពិធី​ប្រកាស​តែងតាំង និង​ផ្ទេរ​ភារកិច្ច​នេះ ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២​នេះ ក្រោម​អធិបតីភាព​លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ នៅ​សាលា​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​មន្ត្រី​ដែល​ត្រូវ​តែងតាំង​ជា​អភិបាលខណ្ឌ​ថ្មី​ចំនួន​បី​រូបនេះ រួមមាន​៖ ទី​១-​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ ឋានន្តរស័ក្ដិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ពី​អភិបាលរងខណ្ឌ​សែន សុខ ទៅជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​​ពោធិ៍​សែន​ជ័យ ។ ទី​២-​លោក កៀង ល័​ក្ស ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ពី​អភិបាលរងខណ្ឌ កំបូល មកជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ។ ទី​៣-​លោក ជា ខេ​មា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៦ ពី​អភិបាលរងខណ្ឌ ព្រែក​ព្នៅ មកជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ ដូនពេញ​។

​ចំពោះ​ប្រាំ​រូប ដែល​ត្រូវបាន​ផ្ទេរ​ភារកិច្ច​ពី​អភិបាលខណ្ឌ​មួយ​ទៅ​អភិបាលខណ្ឌ​មួយទៀត​នេះ រួមមាន ទី​១- លោក ហែម ដា​រិ​ទ្ធិ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ ទៅជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ។ ទី​២- លោក ធី​ម សំអាន ឋានន្តរស័ក្តិ​វរមន្ត្រី​ថ្នាក់​លេខ​៣ ពី​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ទៅជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ ។ ទី​៣-​លោក សុខ សម្បត្តិ ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ ទៅជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​បឹង​កេងកង ។ ទី​៤- លោក លីម សុភា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៥ ពី​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​៧​មករា ទៅជា​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ជ្រោយចង្វារ ។ ទី​៥- លោក ថេ​ង សុ​ថុល ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី​ថ្នាក់​លេខ​៥ ពី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ចំការមន ទៅជា​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​៧​មក ។ ចំណែក​លោក ពេជ្រ កែវ​មុនី ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​៤ ពី​អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​មានជ័យ ឱ្យមក​បម្រើ​ការងារ​នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​នៅក្នុង​ឱកាស​នោះ​ក៏បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​សមត្ថកិច្ច​អាជ្ញាធរ​មន្ត្រីរាជការ​ទាំ​ង​អស់​ដែល​បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ មាន​ឆន្ទៈ​មុត​ស្រួច យក​អស់​កម្លាំងកាយ​ចិត្ត​ព្រមទាំង​ប្រាជ្ញា​ស្មារតី​ក្នុងការ​បំពេញ​តួនាទី​ភារកិច្ច​ការពារជាតិ​មាតុភូមិ រក្សាបាន​​នូវ​សន្តិសុខ សុវត្ថិភាព ជូន​សង្គមជាតិ និង​សណ្តាប់ធ្នាប់​របៀបរៀបរយ​សាធារណៈ​ជាមួយនឹង​ការ​ផ្ដល់នូវ​ការអភិវឌ្ឍ ផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ៕​