កំពង់ស្ពឺៈថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ប្រមុខកងយោធាមួកខៀវកម្ពុជា នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អមដំណើរដោយ នាយទាហានជាន់ខ្ពស់ ជាអគ្គនាយករង និងប្រធាននាយកដ្ឋាន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះទៅពិនិត្យសកម្មភាពលទ្ធផលហ្វឹកហាត់របស់សិក្ខាកាមអង្គភាពកងទ័ពជើងគោកដែលបាននិងកំពុងធ្វើការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីន នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។

សូមបញ្ជាក់ថា សិក្ខាកាមកងយោធាកងទ័ពជើងគោកដែលមកទទួលការហ្វឹកហ្វឺនជំនាញបោសសម្អាតមីនខាងលើនេះមានកម្លាំងសរុបចំនួន២៣៤នាក់មកពី៩អង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោកដែលបង្ហាត់បង្រៀនដោយយោធាចារ្យមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលមានបទពិសោធន៍ខ្ពស់មកពីបេសកកម្មអង្គការសហប្រជាជាតិ និងនៅក្នុងប្រទេសជាច្រើនឆ្នាំ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីឧត្តមសេនីយ៍ឯក ហួត គឹមសាន្ត អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងជានាយកសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនីក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យសកម្មភាពហ្វឹកហាត់របស់សិក្ខាកាមតាមបណ្តាទីតាំងចំការមីនសិប្បនិម្មិតបានលើកឡើងថាៈ វគ្គហ្វឹកហ្វឺននេះ បានដំណើរការរយៈពេលបីសប្តាហ៍កន្លងទៅហើយ ដែលនៅសល់ឡើយតែពីរសប្តាហ៍ទៀត នឹងត្រូវបញ្ចប់ សម្រាប់វគ្គទី១ រួចនឹងបន្តហ្វឹកហ្វឺន សម្រាប់សិក្ខាកាមកងទ័ព ២០០នាក់ផ្សេងទៀត។

ផែនការហ្វឹកហ្វឺនលើជំនាញបោសសម្អាតមីនសម្រាប់សិក្ខាកាមទ័ពចំណុះឱ្យបញ្ជាការដ្ឋានកងទ័ពជើងគោកមានចំនួន៤៧វគ្គទើបបញ្ចប់។ នេះបើតាមការលើកឡើងរបស់ប្រមុខកងយោធាមួកខៀវ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណនីបានថ្លែងបន្តថាៈ ការហ្វឹកហ្វឺនលើជំនាញខាងលើនេះ សម្រាប់ចុះអនុវត្តបោសសម្អាតមីនជាក់ស្តែង នៅតំបន់ដែលមានមីន ឱ្យអស់ត្រឹមឆ្នាំ២០២៥ ទៅតាមផែនការ ជាមួយគ្នា និងការប្រកាសភូមិឃុំ អស់មីនជាបន្តបន្ទាប់។

នាយឧត្តមសេនីយ៍សែម សុវណ្ណនី បានបញ្ជាក់បន្ថែមទៀតថាៈ បច្ចុប្បន្នគម្រោងបោសសម្អាតមីនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យបណ្តាប្រតិបត្តិកររួមមានៈប្រតិបត្តិករមជ្ឈមណ្ឌលជាតិរក្សាសសន្តិភាព ប្រតិបត្តិករកងទ័ពជើងគោក និងស្ថាប័ន ផ្សេងៗទៀត ត្រូវចុះប្រតិបត្តិការបោសសម្អាតមីន ដូច្នេះមជ្ឈមណ្ឌលជាតិធ្វើការហ្វឹកហ្វឺនដល់សិក្ខាកាមទ័ពជើងគោក​ឱ្យមានសមត្ថភាព ដើម្បីចុះអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ស្របតាមស្តង់ដារជាតិនិងអន្តរជាតិ។
វគ្គហ្វឹកហ្វឺននេះ ក៏រួមបញ្ចូលផងដែរលើជំនាញដោះមីន ជំនាញផែនទី ជំនាញសង្គ្រោះបន្ទាន់ ជំនាញកម្ទេចគ្រាប់ និងបើកបររថយន្តធុនធំ។

នៅពេលដែលសិក្ខាកាមបានបញ្ចប់វគ្គ​ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នឹងបំពាក់សម្ភារៈបរិក្ខា និងរថយន្តផងដែរ ដើម្បីចុះទៅអនុវត្តការងារដែល នៅតំបន់ដែលមានមីន។នេះបើតាមការបញ្ជាក់បន្ថែមពីប្រមុខកងយោធាមួកខៀវកម្ពុជា៕សរន