ទាហាន​ហ្វីលីពីន សម្លាប់​ប៉ូលិស​៦​នាក់​ក្នុង​ការបាញ់​ច្រឡំ​

3454
ចែករម្លែក
  • 90
    Shares

​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​មិថុនា​ថា ទាហាន​ហ្វីលីពីន​ដែល​តាម​ប្រមាញ់​ពួក​ឧទ្ទាម​កុំម្មុយនីស្ត​បានសម្លាប់​ប៉ូលិស​៦​នាក់​ដោយ​ច្រឡំ​និង​បាន​បាញ់​​អោយរ​បួស​៩​នាក់​ទៀត​ខណៈ​កម្លាំង​សមត្ថកិច្ច​ទាំងពីរ​កំពុង​ល្បាត​ក្នុងព្រៃ​។​

​យោធា​បាន​និយាយថា ខ្លួន​បានធ្វើការ​ស៊ើបអង្កេត​ចំពោះ​ឧបទ្ទវហេតុ​កាលពី​ថ្ងៃ​ចន្ទ ដែល​បាន​កើតឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ផ្អាក​ការចរចា​រក​សន្តិភាព​ជាមួយ​ពួក​ឧទ្ទាម​។​

​អនុសេនីយឯក ហ្វ្រ​ង់​ស៊ី​ស អាក​ណូ អ្នកនាំពាក្យ​កងពល​យោធា​ដែល​ជាប់​ពា​កើ​ព័ន្ធ​នឹង​ការប្រយុទ្ធ​គ្នា​៣០​នាទី​នេះ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​វា​ជា​​តំបន់​មានព្រៃ​ដុះ​ច្រើន និង​មិនអាច​មើលឃើញ​ទីតាំង​របស់​ប៉ូលិស​ទាំងនោះ​ច្បាស់​។​ក្រោយ​ការបាញ់​គ្នា ទើប​ទាហាន​ដឹងថា​វា​ជាការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​។​ឥឡូវ​ការ​​ស៊ើបអង្កេត​មួយ​ត្រូវបាន​ធ្វើឡើង​ដើម្បី​រក​ដើមហេតុ​”​។​

​ប៉ូលិស​បាន​និយាយថា ក្រុម​របស់ខ្លួន​ក៏​ល្បាត​នៅ​តំបន់​ជិត​ទីប្រជុំជន​សាន់​តា រីតា ចម្ងាយ​៥៥០​គីឡូម៉ែត្រ ភាគ​អាគ្នេយ៍​រដ្ឋធានី​ម៉ានីល​។​ប៉ូលិស​៦​នាក់​ត្រូវបាន​សម្លាប់​និង​៩​នាក់​រងរបួស ។​

​ភាគី​យោធា មិនបាន​បញ្ចេញ​អោយដឹង​អំពី​ការស្លាប់​ឬ​រងរបួស​ទេ​។​

​ការប៉ះទង្គិច​គ្នា​ដោយ​ច្រឡំ​នេះ​បាន​កើតឡើង​នៅលើ​កោះ​ក្រីក្រ​សា​ម៉ា ដែលជា​ជម្រក​ចុងក្រោយ​មួយ​របស់​ក្រុម​ឧទ្ទាម​កុំម្មុយនីស្ត​”​កងទ័ព​ប្រជាជន​ថ្មី​”​ចំណាស់​៤៩​ឆ្នាំ​​ដែល​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រមាណ​៣០.០០០​នាក់​។​

​កិច្ចពិភាក្សា​រក​សន្តិភាព​ត្រូវបានធ្វើ​រួច​ផ្អាក់​ទៅវិញ​ម្តង​ហើយ​ម្តងទៀត​អស់​ពេល​៣០​ឆ្នាំ​មកនេះ និង​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែ​តេ បានសំរេច​ចិត្ត​ផ្អាក​៣​ខែ​នូវ​ការចចារ​​ដែល​គ្រោង​ធ្វើ​នៅ​ខែ​នេះ​។​

​កាលពី​ឆ្នាំមុន ការវាយប្រហារ​តាមផ្លូវ​អាកាស​ច្រឡំ​ដោយ​យោធា​បាន​ស្លាប់​ទាហាន​ហ្វីលីពីន​១២​នាក់ ខណៈ​យោធា​កំពុង​ប្រយុទ្ធ​វាយយក​មកពី​ទីក្រុង​ម៉ា​រ៉ាវី​ពី​ក្រុមគាំទ្រ​​រដ្ឋ​អ៊ីស្លាម​មួយ​៕ដោយ៖វាសនា

​ទាហាន​ហ្វីលីពីន​បាននិងកំពុង​ប្រយុទ្ធប្រឆាំង​ការបះបោរ​កុំម្មុយនីស្ត​និង​អ៊ីស្លាម​និយម​

ទីតាំងផ្សាយពាណិជ្ជកម្ម