ដោយៈ ប​.​ខុន / ភ្នំពេញៈ រដ្ឋបាលខេត្ត​កំពង់ធំ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ បាន​ជូ​ដំណឹង​ស្តីពី កម្ពស់​ទឹកស្ទឹង​សែន ឡើងដល់​កម្រិត ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយយោង​តាម កា​ជូនដំណឹង​របស់ ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៤ ខែសីហា និង​លិខិត​របស់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ត ថ្ងៃទី​១៧ ខែសីហា ស្តីពី​កម្ពស់​ទឹកស្ទឹង​សែន ឡើង ដល់​កម្រិត ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​។​

​នៅក្នុង​សេចក្តីជូនដំណឹ៍ង បាន​ជម្រាបជូន​ជាពិសេស ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ រស់​នៅតាម​ដងស្ទឹង​សែន ក្នុងស្រុក​សណ្តាន់ ស្រុក​ប្រាសាទ​សំបូរ ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​គ្នា​ក់​ថ្នាក់​ផ្សេងៗ ដែល​នឹង​អាច​កើតមាន ជាយថាហេតុ​។ ទន្ទឹមនេះ អាជ្ញាធរ​មូលដ្ឋាន​គ្រប់លំដាប់​ថ្នាក់ ត្រូវ​យកចិត្តទុកដាក់ ត្រៀម​អន្តរាគមន៍ និង​រៀបចំ​ទីទួល​សុវត្ថិ​ភាពសមរម្យ ករណី​មានការ​លិចលង់ ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ គេ​បានឃើញ​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ដឹកនាំ ក្រុមការងារ ចុះ​ត្រួតពិនិត្យ​ស្ថានភាព​ទឹក តាម​ដង​ស្ទឹងសែន ដែល​កំពុង​ហក់​ឡើង​ខ្លាំង ស្ថិតនៅក្នុង​ភូមិសាស្ត្រ នៃ​ស្រុក​កំពង់ស្វាយ និង​ក្រុង​ស្ទឹងសែន ដើម្បី​ត្រៀមលក្ខណៈ ជួយ​បងប្អូន​ប្រជាពលរដ្ឋ នៅពេល​ជួប​ហានិភ័យ ឱ្យបាន​ទាន់ពេលវេលា​។​

​ក្នុងឱកាស​ខាងលើ លោក ងួន រតនៈ បាន​ថ្លែងថាៈ ថ្មីៗ​នេះ ទឹក​នៅតាម​ដងស្ទឹង​សែន គឺមាន​ការ​ហក់​ឡើង​ខ្ពស់ រហូតដល់​មានការ​ប្រកាសអាសន្ន ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់ ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្ទះសម្បែង​មួយចំនួន របស់​បងប្អូន​ប្រជាពលរដ្ឋ​។

​លោក​អភិបាល​ខេត្តកំពង់ធំ ក៏បាន​ផ្តាំផ្ញើ​ដល់ បងប្អូន​ប្រជាពលរដ្ឋ ឱ្យមាន​ការប្រុងប្រយ័ត្ន ខ្ពស់ នៃ​ការ​ហក់​ឡើង នៃ​ទឹកជំនន់ នៅពេលនេះ ជាពិសេស​ត្រូវ​មើលថែ​ក្មេងៗ ឲ្យ​បានល្អ ដើម្បី​ចៀស​ផុតពី ការ​លង់ទឹក​ឆ្លង​ចរន្តអគ្គិសនី ក៏ដូចជា ការការពារ​ពីស​ត្វ​អ​សិរ​ពិស​នានា ខាំ ឬ ទិច ព្រមទាំង​ជំរុញ​ឲ្យ​អាជ្ញាធរ ក្រុង ស្រុក ឃុំ សង្កាត់ បន្ត​តាមដាន​នូវ ស្ថានភាព ទឹកជំនន់​បន្តទៀត ដើម្បី​ងាយស្រួល ក្នុងការ​ត្រៀមខ្លួន ចុះជួយ​បងប្អូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ព្រលប់ ថ្ងៃទី​១៩ ខែសីហា​ថាៈ ស្ថានភាព​ទឹកស្ទឹង​សែន នៅ​ក្រុង​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែសីហា មាន​កម្ពស់ ១៣,៥៧ ម៉ែត្រ ទាប​ជាង​ថ្ងៃទី​១៨ ខែសីហា ០,០១ ម៉ែត្រ តែ​ខ្ពស់ជាង​កម្រិត​កម្ពស់ ត្រូវ​ប្រកាស​ឱ្យមាន​ការប្រុងប្រយ័ត្ន ០,០៧ ម៉ែត្រ និង​ទឹក​ស្ទឹងសែន នៅក្នុង​ខេត្តព្រះវិហារ មិនទាន់​ស្រក​នៅឡើយ​ទេ​៕/V​