ដោយៈ គង់​ហេង / កំពង់ចាមៈ ភាគី​អ្នកធ្វើ​របង​បិទផ្លូវ​សាធារណៈ រយៈពេល​ប្រមាណ ១៥ ឆ្នាំ នៅ​ស្រុក​ជើងព្រៃ បាន​ឯកភាព​ទទួលយក តាម​ការដោះស្រាយ សម្របសម្រួល ក្រៅ​ប្រព័ន្ធតុលាការ របស់លោក អ៊ុន ចាន់​ដា ជា​អភិបាល​ខេត្តកំពង់ចាម និង​មន្ត្រី​ពាក់ព័ន្ធ នៅ​ថ្ងៃទី​១៩ សីហា នេះ​។​

​លោក អ៊ូ​ត ឈាង​លី ជា​អភិបាលស្រុក​ជើងព្រៃ ដែល​បាន​ចូលរួម​ដោះស្រាយ ករណី​ខាងលើ បានឱ្យដឹងថាៈ ការចុះពិនិត្យ​ជាក់ស្តែង លើ​ទីតាំង​ដី​ទំនាស់ រវាង​ភាគី​ដើមបណ្តឹង ចំនួន ប្រាំបី គ្រួសារ និង​ចុង​បណ្តឹង មួយ​គ្រួសារ លើដី​ផ្លូវ​ទំហំ​ទទឹង ២,៨ ម៉ែត្រ និង​បណ្តោយ ១០១,៤ ម៉ែត្រ ស្ថិតក្នុង​ភូមិ​តា​សែន ឃុំ​សូ​ទិ​ប ស្រុក​ជើងព្រៃ​។​

​លោក​អភិបាលស្រុក​ជើងព្រៃ បានឱ្យដឹង​ទៀតថាៈ ក្រោម​ដំណោះស្រាយ​ដ៏​ប៉ិនប្រសព្វ របស់លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត គឺ​បានជ្រើសរើស​យក​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ដោយ​សម្រេច​ចេញថ្លៃ​ដី ឱ្យ​ខាង​ភាគី​មួយ​គ្រួសារ ធ្វើ​របង​ព័ទ្ធ អះអាងថា ជា​ម្ចាស់​កម្មសិទ្ធិ បាន​យល់ព្រម បើកផ្លូវ​តាម​ទំហំ និង​ប្រវែង​ខាងលើ ប្រើប្រាស់​ជា​ផ្លូវ​សាធារណៈ ចាប់ពីពេលនេះ​តទៅ​។​

​លោក ឈាង​លី បាន​រំលឹក​ពី​ប្រវត្តិ​ដី​ទំនាស់​ថាៈ ទំនាស់​នេះ បានកើត​តាំងពី​លោក មិនទាន់​មក​ធ្វើ​អភិបាលស្រុក​នេះ​ម្ល៉េះ គឺ​ច្រើន​ជំនាន់ នៃ​អភិបាលស្រុក​ជើងព្រៃ សរុប ១៥ ឆ្នាំ​។ តាម​លោក​ប្រមូល​ព័ត៌មាន​ដឹងថា ដើមឡើយ ដី​នេះ​មាន​លំនាំ​ជា​ផ្លូវ​រទេះ ដឹកអុស និង​កសិផល នៅ​ចម្ការ​ខាងក្រោយ​ភូមិ​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៧ នៅពេល​រដ្ឋ​ចុះ​ធ្វើ ប័ណ្ណកម្មសិទ្ធិ ក្រៅ​ប្រព័ន្ធ ខាង​មួយ​គ្រួសារ បានធ្វើ​ប័ណ្ណកម្មសិទ្ធិ និង​របង​ព័ទ្ធ​ជាមួយ​ដី របស់ខ្លួន​តែម្តង ព្រោះ​កាលនោះ ខាង​ជំនាញ បាន​ពិនិត្យ​មិនឃើញ​មាន​ផ្លូវ​។​

​លោក​បាន​បន្តថាៈ ខាង​លោក​ធ្លាប់​ទទួលដោះស្រាយ​ទំនាស់​នេះ​ច្រើនសារ តែ​មិនត្រូវ​គ្នា ក៏​ប​ញ្ជួ​ន​ទៅ​ខេត្ត ហើយ​លោក អ៊ុន ចាន់​ដា បាន​ចាត់​ឱ្យ​អភិបាលរង​ខេត្ត ចុះ​ដោះស្រាយ​ច្រើនលើក ក៏​មិនត្រូវ​ទៀត ទើប​លោក បាន​ដឹកនាំ​ចុះ​ដោះស្រាយ​ផ្ទាល់ នៅ​ថ្ងៃទី​១៩ សីហា ក៏បាន​សម្រេច​លទ្ធផល​នេះ​៕/V​