​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រុម​មាន់​ខ្នាយ​មាស Tottenham នឹង​បើកទ្វារ​ផ្ទះ​ស្វាគមន៍ Wolverhampton នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ក្របខ័ណ្ឌ English Premier League ជាមួយនឹង​ក្តីសង្ឃឹម​ទទួល​ជ័យជម្នះ​ខ្ពស់ ស្របពេល Arsenal និង Real Madrid ក៏​រំពឹង​ឈ្នះ​នៅ​អង់គ្លេស និង​អេ​ស្ប៉ាញ​រៀងៗ​ខ្លួន​ផង​ដែរ​។​

​ការព្យាករណ៍​សម្រាប់​ចុង​សប្តាហ៍ ៖

– Tottenham vs Wolves

​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ចាប់ផ្តើម​ការប្រកួត​ក្នុងនាម​ជា​ក្រុម​រំពឹង​ឈ្នះ​ខ្ពស់ជាង នៅ​ពេល​ពួកគេ​ស្វាគមន៍​ក្រុម​ចចក​ខ្មៅ Wolves សម្រាប់​ការប្រកួត​ក្របខ័ណ្ឌ English Premier League នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​។​

Spurs នឹង​មាន​ស្មារតី​ល្អប្រសើរ បន្ទាប់​ពី​រក​បាន​មួយ​ពិន្ទុ​យ៉ាង​លំបាក​តាមរយៈ​ការ​តាម​ស្មើ​នៅ​ចុង​ម៉ោង​នៅ​កីឡដ្ឋាន Stamford Bridge ដើម្បី​រក្សា​ភាព​មិន​ស្គាល់​ចាញ់​របស់​ពួកគេ​នៅ​ដើម​រដូវ​កាល​នេះ​។​

​ហើយ​ពិត​ណាស់ ពួកគេ​មាន​សំណាង​ណាស់​ទទួលបាន​លទ្ធផល​ស្មើ ២-២ ទល់នឹង Chelsea ។ គ្រាប់​បាល់​តាម​ស្មើ​ដំបូង​របស់​កីឡាករ Pierre-Emile Hojbjerg គួរតែ​ត្រូវ​ដកចេញ​វិញ ហើយ​ការ​តែ​តបាល់​ចូល​ចុង​ម៉ោង​របស់ Harry Kane ក៏​មិន​គួរ​ឱ្យ​យក​ជា​គ្រាប់​ផ្លូវការ​នោះដែរ​។​

​ក្នុងពេល​ជាមួយគ្នា​នេះ ជម្លោះ​មួយ​ប្រាវ​របស់លោក Thomas Tuchel និង​លោក Antonio Conte នៅ​ឯការ​ផ្លុំ​កញ្ចែ​បញ្ចប់​ការប្រកួត នឹង​បន្ត​ស្ថិត​ក្នុង​ការចងចាំ​របស់​អ្នកគាំទ្រ​បាល់ទា​ត់​មួយរយៈ​ធំ​។​

​ទោះយ៉ាងណា នេះ​គឺជា​ការចាប់ផ្តើម​ដ៏​ល្អ​មួយ​សម្រាប់​ក្រុម​ដែល​បាន​បំបាក់ Southampton ៤-១ នៅ​ថ្ងៃ​ប្រកួត​ទីមួយ​។ គ្រប់​គ្នា​ច្បាស់​ណាស់​ពិតជា​ចាប់អារម្មណ៍​នឹង​ទម្រង់​លេង​បែប​ប្រយុទ្ធ​របស់​ពួកគេ ហើយ​វា​មានឱកាស​ខ្ពស់​ណាស់​សម្រាប់​ក្រុម​នេះ​ក្នុងការ​ស៊ុត​បញ្ចូល​ទី​ច្រើនៗ​គ្រាប់​លើ​គូប្រជែង​នៅ​រដូវ​កាល​នេះ​។​

​ដោយឡែក Wolves មិនទាន់​មាន​សន្ទុះ​ខ្លាំងក្លា​នៅឡើយ​ទេ ហើយ​ពួកគេ​ទទួល​បាន​ត្រឹមតែ ១ ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​ទាំង​ពីរ​លើក​កន្លងមក​។​

​នៅ​ថ្ងៃ​ប្រកួត​ទីមួយ ពួកគេ​មិន​អាច​រក្សា​គ្រាប់​បាល់​នាំមុខ​មុន​បាន​ឡើយ ហើយ​បាន​ភ្លាត់ស្នៀត​ចាញ់ ១-២ នៅ​ទឹកដី Leeds United​។ ក្រោយមក​ពួកគេ​បាន​ត្រឹម​ស្មើ ០-០ ជាមួយ Fulham ដែល​ទើបតែ​ឡើង​ពី Championship​។​

Wolves រកបាន​ជា​មធ្យម ១ គ្រាប់​ប៉ុណ្ណោះ​ក្នុង​មួយ​ប្រកួត​កាល​ពី​រដូវ​កាល​មុន ហើយ​វា​នឹង​កាន់តែ​អាក្រក់​ជាង​នេះ ប្រសិន​បើ​ពួកគេ​ប៉ះ​ក្រុម​ខ្លាំង​គឺ​សូន្យ​គ្រាប់​តែ​ម្តង​។​

​ផ្អែក​តាម​ប្រវត្តិ Spurs មានប្រៀប​ជាង Wolves ជានិច្ច ហើយ​នៅ​៦​ប្រកួត​ចុងក្រោយ គឺ Spurs ឈ្នះ ៥ ស្មើ​១ ដូច្នេះ​លទ្ធផល​ព្យាករណ៍​គឺ Tottenham ២-០ Wolves​។​

– Bournemouth vs Arsenal

​វា​ប្រហែលជា​ពិបាក​នឹង​ជឿ ប៉ុន្តែ Arsenal និង Manchester City គឺជា​ក្រុម​តែ​ពីរ​គត់​ក្នុង​ការប្រកួត​ទាំងមូល​ដែល​បាន​រក្សា​កំណត់ត្រា​ឈ្នះ ១០០ ភាគរយ​រហូតមកទល់​ពេល​នេះ​ក្នុង​រដូវ​កាល​នេះ​។ ទន្ទឹមនឹងនេះ​ដែរ Bournemouth ថ្មីៗ​នេះ​ទើប​ឡើង​មក​កាន់​ក្របខ័ណ្ឌ​កំពូល ហើយ​ពួកគេ​នឹង​មិន​លេង​ដោយ​ខ្ជីខ្ជា​នោះឡើយ​ទោះ​ប៉ះ​កាំភ្លើង​ធំក្តី​។​

​ពួកគេ​ជួប​សំណាងអាក្រក់​ក្នុង​ការប្រកួត​ទល់​នឹង​ក្រុម​ម្ចាស់​ជើងឯក Manchester City ក្នុង​ការប្រកួត​ថ្ងៃ​ចុងក្រោយ ហើយ​ដូច​ការរំពឹងទុក ពួកគេ​បាន​រង​បរាជ័យ​យ៉ាងធ្ងន់ធ្ងរ​។​

​ពួកគេ​បាន​បណ្តោយ​ឱ្យ​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ចំនួន​៤​គ្រាប់ ហើយ​ពួកគេ​បាន​ចាញ់​ប្រៀប​ម្ចាស់​ជើងឯក​អង់គ្លេស​យ៉ាងខ្លាំង​ផង​ដែរ​។​

Bournemouth គឺជា​ក្រុម​កំពូល​មួយ​នៅ​ក្របខ័ណ្ឌ Championship​។ ប៉ុន្តែ​នេះ​គឺជា Premier League ដែល​ពិបាក​ប្រកួតប្រជែង​បំផុត​នៅក្នុង​បាល់ទាត់​អឺរ៉ុប ហើយ​បំណងប្រាថ្នា​របស់​ពួកគេ​គឺ​មានតែ​មួយគត់ គឺ​កុំ​ឱ្យ​ធ្លាក់​ទៅ Championship វិញ​នៅ​រដូវ​កាល​នេះ​។​

​ពួកគេ​ត្រូវ​ប៉ះ​ក្រុម​កាំភ្លើង​ធំ​នៅ​ចុង​សប្តាហ៍​នេះ ខណៈ​កូនក្រុម​របស់លោក Mikel Arteta ឥឡូវនេះ​លេង​ខ្លាំង​ដូច​តោ​យ៉ាង​អ៊ីចឹង​។​

​ត្បិត​ដូច្នេះ​ក្តី ក៏​កាំភ្លើង​ធំ​នៅ​តែ​មិន​អាច​ដណ្តើម​បាន​តំណែង​កំពូល​ទាំង​បួន​ក្នុង​ចុង​រដូវ​កាល​នី​មួយៗ ហើយ​រដូវ​កាល​មុន ពួកគេ​ប៊ិះ​តែ​នឹង​បាន​កៅអី Champions League ទៅហើយ បែរ​ជា​ភ្លាត់ស្នៀត​នៅ​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​មុន​បិទ​រដូវ​កាល​។​

​ពួកគេ​នឹង​ប្តេជ្ញា​ចូលរួម​ក្នុង Champions League យ៉ាងហោច​ណាស់​នៅ​រដូវ​កាល​បន្ទាប់​ពី​នេះ​។ ហើយ​នេះ​ក៏​ជា​ឱកាស​សម្រាប់​ពួកគេ​យកឈ្នះ ៣ លើ​ក​ជាប់ៗ​គ្នា​ផង​ដែរ​។​

​តាមមើលទៅ រំពឹងថា​នឹង​ទទួល​ជ័យជម្នះ​យ៉ាង​ងាយ​សម្រាប់ Arsenal នៅ​ចុង​សប្តាហ៍​នេះ​។​

​លទ្ធផល​ព្យាករណ៍ Arsenal ឈ្នះ ២-០​។​

– Celta Vigo vs Real Madrid

Celta Vigo បាន​របូត​ការ​នាំមុខ​ពីរ​គ្រាប់ ដោយ​គ្រាប់​ចុង​ក្រោយ​ត្រូវ​គេ​តាម​ស្មើ​នៅ​នាទី​ទី ៨ នៃ​ម៉ោង​បន្ថែម កាលពី ៧ ថ្ងៃមុន​នេះ​ទល់នឹង Espanyol ។​

​ឥឡូវនេះ ពួកគេ​មាន​កិច្ចការ​ដ៏​លំបាក​មួយ​ដើម្បី​ព្យាយាម​ទទួលបាន​ជ័យជម្នះ​ជា​លើក​ដំបូង​នៃ​រដូវ​កាល​នេះ​ទល់​នឹង​ក្រុម​ម្ចាស់​ជើងឯក Real Madrid ក្នុង​ការប្រកួត​សប្តាហ៍​ទី ២ ។​

Celta ហាក់​គ្រប់គ្រង​សភាពការណ៍​បាន​ល្អ​នៅលើ​ទីលាន​ក្នុង​ការប្រកួត​ថ្ងៃ​បើកឆាក​ជាមួយ Espanyol​។​

​ពួកគេ​មាន​ការនាំ​មុខមុន​ពីរ​គ្រាប់ ហើយ​កំពុង​ឈានទៅរក​ការទទួល​ជ័យជម្នះ​យ៉ាង​ងាយស្រួល​។ ទោះយ៉ាងណា កីឡាករ​បម្រុង Exposito បាន​ស៊ុត​មួយ​គ្រាប់​មក​វិញ​សម្រាប់ Espanyol នៅ ១៨ នាទី​មុន​ចប់​ការប្រកួត​តង់​ទី​២ មុនពេល Espanyol ទទួលបាន​បាល់​ប៉េណាល់​ទីនៅ​ចុង​ម៉ោង​បំផុត​នៃ​ការប្រកួត​។​

​ជាទូទៅ Celta តែង​បង្ហាញ​ទម្រង់​ការពារ​ខ្សោយ​នៅ​ចុង​ម៉ោង ជាក់ស្តែង​ពួកគេ​របូត​ពីរ​គ្រាប់​នាំមុខ​មុន​នៅក្នុង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម Sporting Braga ក្នុង​ការប្រកួត​មិត្ត​មុន​បើក​រដូវ​កាល​។​

​នេះ​ពិតជា​មិនមែន​ជា​ដំណឹង​ដ៏​ល្អ​ទេ​សម្រាប់​អ្នក​ចាត់ការ​ទូទៅ Eduardo Cudet នៅមុន​ការប្រកួត​ទល់នឹង​ក្រុម​ប្រយុទ្ធ​ដ៏​ខ្លាំង​បំផុត​មួយ​នៅ​អឺរ៉ុប​។​

​មួយវិញទៀត Real Madrid នៅតែ​អាច​រកឃើញ​វិធី​ដើម្បី​បង្វែរ​ប្រៀប​ឈ្នះ​មកវិញ​ក្នុង​តង់​ទី​២​ទល់​នឹង​ក្រុម Almeria ដែល​ទើបនឹង​ឡើង​មក​ថ្មីថ្មោង​។​

Lucas និង David Alaba បាន​ស៊ុត​បញ្ចូល​ទី​ក្នុង​ជ័យជម្នះ ១-២ ខណៈ​ក្រុម​របស់​លោក Carlo Ancelotti បានបង្ហាញ​ទម្រង់​លេង​លេចធ្លោ​ជាមួយនឹង​ការ​ស៊ុត​រហូតដល់ ២៩ ជើង​នៅ​យប់នោះ (១៥ ជើង​ស៊ុត​ចំ​គោលដៅ​)​។​

​ស្តេច​ស Real Madrid មាន​ប្រវត្តិ​គ្របដណ្តប់​លើ Celta ជា​យូរលង់​ណាស់​មកហើយ ហើយ​គិត​ត្រឹម ៤ ប្រកួត​ចុងក្រោយ គឺ​ស្តេច​ស​ឈ្នះ​រហូត​។​

​លទ្ធផល​ព្យាករណ៍ Real ឈ្នះ ២-១៕

Tottenham ស្វាគមន៍ Wolves នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ