​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ អាម៉េរិក​កាលពី​ថ្ងៃ​សុក្រ​បាន​អះអាង​ជា​លើកដំបូង​ថា​ខ្លួន​នឹង​ផ្តល់អោយ​អ៊ុយ​ក្រែន​នូវ​ដ្រូ​ន​ស៊ើបការណ៍​ស្គែ​ន អ៊ី​ហ្ក​ល​(Scan Eagle) យាន​ប្រឆាំង​គ្រាប់មីន​និង​គ្រាប់​​កាំភ្លើង​ធំ​ប្រឆាំង​យាន​ពាស​ដែក ព្រមទាំងគ្រាប់​កាំភ្លើង​ធំ​ទៅអោយ​អ៊ុយ​ក្រែន​ដើម្បី​ជួយ​កងកម្លាំង​អ៊ុយ​ក្រែន​វា​យ​ដណ្តើមយក​ទឹកដី​របស់​ខ្លួន​មក​វិញ ព្រមទាំង​វាយបក​លើ​ទាហាន​ឈ្លានពាន​រុស្ស៊ី​។​

ដ្រូ​ន​Scan Eagles​អាចបង្ហោះចេញពីដីគោកនិងពីនាវា

​មន្ត្រី​ក្រសួង​ការពារជាតិ​ជាន់ខ្ពស់ម្នាក់​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ជំនួយ​មួយកញ្ចប់​តំលៃ​៧៧៥​លាន​ដុល្លារ​នឹង​រួម​មាន​ដ្រូ​ន​Scan Eagles​ចំនួន​១៦​គ្រឿង យាន​ប្រឆាំង​គ្រាប់មីន​៤០​គ្រឿង គ្រាប់​​កាំភ្លើង​ប្រឆាំង​យាន​ពាស​ដែក​២.០០០​គ្រាប់​ដែល​នឹង​ជួយ​អោយ​កងកម្លាំង​អ៊ុយ​ក្រែន​វា​យ​រុលចូលភាគ​ខាងត្បូង​និង​ខាងកើត កន្លែង​ដែល​កងកម្លាំង​រុស្ស៊ី​ដាក់​គ្រាប់មីន​ក្រាស់ក្រែល​។​

ក្នុងពេលជាមួយគ្នា​រដ្ឋមន្ត្រីការបរទេស​អាម៉េរិក​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា សព្វាវុធ​ទាំងនេះ​នឹង​ជួយ​អោយមាន​ការផ្លាស់ប្តូរ​ច្រើន​បំផុត​នៅ​សមរភូមិ​និង​ពង្រឹង​ជំហរ​របស់​អ៊ុយ​ក្រែន​នៅតុ​ចរចា​។​

​ការប្រកាស​ផ្តល់ជំនួយ​នេះ​ធ្វើឡើង​នៅ​ពេល​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយ​ក្រែន​បាន​អូសបន្លាយ​ពេល​ជិត​ប្រាំ​មួយខែ​។​វា​នាំ​អោយ​ជំនួយ​យោធា​អាម៉េរិក​ផ្តល់អោយ​អ៊ុយ​ក្រែន​សរុប​ឡើងដល់​១០,៦​ពាន់​លាន​ដុល្លារ​​ចាប់តាំងពី​ពេល​ចាប់ផ្តើម​រដ្ឋការ​លោកបៃ​ដិន​។​វា​ក៏​ជា​លើក​ទី​១៩​ដែល​ក្រសួង​ការពារជាតិ​អាម៉េរិក​ផ្តល់​គ្រឿង​បរិក្ខា​យោធា​ចេញពី​ឃ្លាំង​ក្រសួង​ទៅកាន់​អ៊ុយ​ក្រែន​ចាប់តាំងពី​ខែ​សីហា​ឆ្នាំ​២០២១​។​

​អាម៉េរិក​បាន​ផ្តល់​កាំភ្លើង​ធំ​និង​ប្រព័ន្ធ​រ៉ុក្កែត​ព្រមទាំង​គ្រាប់​របស់​វា​នៅ​ពេល​កន្លងមក តែ​នេះ​ជា​លើកដំបូង​ដែល​ខ្លួន​នឹង​ផ្តល់​សព្វាវុធ​ដូច្នេះ​(​ដ្រូ​ន​ស៊ើប​ការណ៍​)​ចំនួន​១៦​គ្រឿង​។​ជំនួយ​មួយកញ្ចប់​នេះ​ក៏​រួម​​មាន​កាំជ្រួច​ប្រឆាំង​រថក្រោះ​១.៥០០​ដើម កាំ​ជ្រួចប្រឆាំងរថក្រោះចា​វឺ​លីន​(javelin)១.០០០​ដើម​និង​កាំជ្រួច​ល្បឿន​លឿន HARM​មួយចំនួន​ធំ​ទៀត​សំរាប់​វាយប្រហារ​ប្រព័ន្ធ​រ៉ា​ដា​។​

​កន្លង​មក​កងកម្លាំង​អ៊ុយ​ក្រែន​បាន​ប្រើប្រាស់​ប្រព័ន្ធ​កាំភ្លើង​ធំ​បាញ់​ត្រង់​ផ្សេង​របស់​លោក​ខាងលិច​ដោ​យ​មាន​ប្រសិទ្ធភាព ដើម្បី​ព្យាយាម​ទប់​និង​វាយ​រុញច្រាន​កងកម្លាំង​រុស្ស៊ី​និង​បំផ្លាញ​ឃ្លាំង​គ្រាប់​ព្រម​​ទាំង​ផ្លូវ​ដឹកជញ្ជូន​ក្នុង​តំបន់​ដែល​រុស្ស៊ី​និង​ពួក​ផ្តាច់ខ្លួន​គាំទ្រ​ដោយ​រុស្ស៊ី​កំពុង​កាន់កាប់​៕

​ទាហាន​អ៊ុយ​ក្រែន​បាញ់កាំភ្លើង​ធំ M777​ជា​ជំនួយ​របស់​អាម៉េរិក​លើ​ទីតាំង​រុស្ស៊ី​នៅ​តំបន់​ដូណិត​ស​ខ៍​