ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ធ្មេចបើក ធ្មេចបើក គិតត្រឹមថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២២ នេះ ព្រឹត្តិការណ៍កីឡាបាល់ទាត់ ពិភពលោក (WorldCup) នៅសល់ពេលតែ ៩០ ថ្ងៃ ទៀតប៉ុណ្ណោះ។

ថ្ងៃចាប់ផ្តើមជាផ្លូវការ គឺថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅប្រទេសកាតា តែមួយគត់ ដោយមាន ៣២ ប្រទេស ចូលរួមនៅក្នុង វគ្គ ៣២ ក្រុមចុងក្រោយនេះ។ អ្នកដែលចូលចិត្តព្រឹត្តិការណ៍នេះ អង្គុយរាប់ថយក្រោយ (Count Down) យ៉ាងអន្ទះសារ ក្រៃលែង។

នេះជាលើកដំបូងហើយ សម្រាប់ព្រឹត្តិការណ៍ ៤ ឆ្នាំម្តងនេះ រៀបចំធ្វើនៅតំបន់អារ៉ាប់ និងជាលើកទី២ ធ្វើនៅទ្វីបអាស៊ី បន្ទាប់ពីកូរ៉េខាងត្បូងនិងជប៉ុន ធ្វើសហម្ចាស់ផ្ទះ កាលឆ្នាំ២០២២ រួចមក។

FIFA បានសម្រេចជ្រើសរើស យកមន្រ្តីអាជ្ញាកណ្តាល ចំនួន ៣៦ រូប និងជំនួយការ ៦៩ រូប អមដោយក្រុមវីដេអូជំនួយការ អាជ្ញាកណ្តាល ២៤ នាក់ផ្សេងទៀត ដែលត្រូវបានជ្រើសរើស ចេញពីសហព័ន្ធទាំង ៦តំបន់ ក្នុងនោះដែរ ក៏មានមន្រ្តីកណ្តាល ជានារី ជាលើកដំបូង សម្រាប់ World Cup លើកទី២២ នេះដែរ។

ដូចជា ទម្លាប់ពីមុន ក្រុមម្ចាស់ផ្ទះកាតា ត្រូវបើក ឆាកប្រកួតមុនគេ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការ ត្រូវបានបញ្ចប់ នារាត្រីថ្ងៃទី ២០ ខែវិច្ឆិកា ដែលត្រូវប៉ះគូប្រជែង មកតំបន់អាមេរិកឡាទីន អេក្វាទ័រ ពីក្នុងពូល A ជាមួយគ្នា នៅកីឡដ្ឋាន Al Beyt ដែលមាន ចម្ងាយប្រមាណ ៥០ គីឡូម៉ែត្រ ពីរដ្ឋធានី ដូហា (Doha) ។

ការប្រកួតជាបន្តបន្ទាប់ ដែលសរុបដល់ទៅ ៦៤ ប្រកួត ពី ៣២ ក្រុម ចែកចេញជា ៨ ពូលនោះ នឹងបញ្ចប់ទៅវិញ ជាផ្លូវការ នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅកីឡដ្ឋាន សរុបចំនួន ៨ ទីតាំង ស្ថិតក្នុង ៥ ទីក្រុងធំៗ នៅប្រទេស កាតា។

កាតា ជាប្រទេសថ្មីមួយ ដែលប្តូរប្រក្រតិទិនប្រកួត ជាផ្លូវការ នៅចន្លោះខែមិថុនា-កក្កដា មកធ្វើនៅខែវិច្ឆិកា និងខែធ្នូ ដែលអាចមានការរំខាន ដល់លីគអាជីព របស់ប្រទេសខ្លះដោយសារប្រទេសកាតានេះ មានសីតុណ្ហភាព ក្តៅខ្លាំងពេក នៅចន្លោះខែ៦ និងខែ៧ ខុសពីប្រទេសដទៃ និងចាប់ផ្តើមមុនផែនការ ១ថ្ងៃផងដែរ៕/V