​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ខេត្តបាត់ដំបង​អាច​ចាត់ទុកថា ជា​ខេត្ត​មួយ​នៅក្នុង​ចំណោម​ខេត្ត​ដែល​សំបូរ​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និង កែច្នៃ នៅក្នុង​នោះ ភ្នំ​ប្រាំពីរ​អាចជា​គោល ដៅ​មួយ​សម្រាប់​ពិចារណា​នៅក្នុង​ដំណើរ​កំសាន្ត នៅ​ចុង​សប្តាហ៍ ។

​តាម​ឯកសារ​របស់​រដ្ឋបាល​ខេត្តបាត់ដំបង រមណី​យដ្ឋា​ន​នេះ ត្រូវបាន​កើតឡើង​ដោយសារតែ​លក្ខណៈពិសេស​របស់​វា គឺ ភ្នំ​ចំនួន ៧ ត​ជាប់​គ្នា​ជា​ជួរ​ដោយមាន​ល្អាង​ធំៗ​ចំនួន​បី ហើយ​ក្នុង​ល្អាង​ទាំងនេះ​មាន​ល្អាង​តូចៗ​ជាច្រើន​រួមមាន ដោះ​ក្រមុំ កូនក្រមុំ គ្រែ​ប្រអប់ ចង្ក្រាន ស្លាប​នា​ងក​ង្រី គក់ទ្រូង ជួង ក្រណាត់ស ក្រពើ​ដាច់​ខ្លួន ផ្កាឈូក ដំរី និង​ល្អាង​ព្រហ្ម​មុខ​បួន​។​ល​។
​ប្រភព​បាន​បន្តថា សម្រាប់​អ្នក​ដែលមាន​ជំនឿ​គេ​ជឿថា ល្អាង​ទាំងនេះ មាន​ភាព​ស័ក្តិសិទ្ធិ​ដែល​អាច​បន់ស្រន់​សុំ​សេចក្តីសុខ តាម​បំណងប្រាថ្នា ហើយ​ចំណុច​ពិសេស​មួយទៀត​គឺ​ទីនោះ​មាន ល្អាង​ខ្យល់ ដែល មាន​ថ្លុក​ទឹក​ដក់​ធ្លា​ក់តក់ៗ​ពីលើ​រហូត​មិនចេះ​រីងស្ងួត ។​

ប្រភព​ដដែល​បាន​បន្តថា នៅក្នុង​ចំណោម​ល្អាង​ទាំងនោះ ល្អាង​មួយទៀត​ដែលមាន​ឈ្មោះថា ល្អាង​ឥសី​ក៏​ជាទី​កន្លែង​ដែល​យើង​គួរតែ​ទៅលេង​ដែរ​ដោយ​ទីនោះ មាន​ថ្ម​ធម្មជាតិ​មួយ​ដែលមាន​រូបរាង​ដូច​រូប​តា​ឥសី តែ​ត្រូវគេ​លួច​យកទៅ​បាត់​។ ក្រៅពី​ល្អាង​មាន​រូប​ព្រះពុទ្ធ​បដិមាករ​មួយ​ដ៏​ធំ​ដែល​ទើប​សាង់សង់ នៅ​ចង្កេះភ្នំ ដើម្បី​គោរពបូជា​។ មានរឿង​ដំណាល​ថា​ភ្នំ​ប្រាំពីរ​ធ្លាប់ជា​សំពៅ​មួយគ្រឿង​ដែល​កឿង ហើយ​ក្រោយមក គេ​ហៅ​តំបន់​នេះ​ថា តំបន់​សំពៅ​លូន​។ ភ្នំ​ប្រាំពីរ ជា​កន្លែង​ប្រវត្តិសាស្ត្រ ព្រោះ​មាន​បន្ទាយទ័ព​ចាស់​ស្ថិតនៅ​ចំ​ពីលើ​កំពូលភ្នំ​ខ្ពស់​ជាងគេ​។​

​ផ្នែក​ជីវ​:​ចម្រុះ ភ្នំ​ប្រាំពីរ ជា​ជម្រក​នៃ​សត្វ​ទោច​ (​ពណ៌​ខ្មៅ​) ស្វា ពពែ​ភ្នំ ឈ្លូស កាំ​ប្រ​ម៉ា ពស់ថ្លាន់ ពស់វែករនាម កំប្រុក ប្រចៀវ សារិកាកែវ ជាដើម ដោយ​ដើមឈើ​នៅ​ទីនោះ​មាន​ច្រើន​ប្រភេទ​រួមមាន បេង ធ្នង់ ព្រះ​ព្នៅ ខ្វាវ ស្ពង់ រកា សុ​ក្រំ ច័ន្ទ​ឆ្នូត ប្រទាល ជ្រៃ ឆ្កែស្រែង ជាដើម នៅ​ល្អ​ច្រើន​។ មាន​គេ​ដំណាល​ថា នៅលើ​ភ្នំ​នេះ មាន​ដើម​ម្ទេស​មួយ​ដើម​ទំហំ​បី​ឱប​មនុស្ស​ធំ និង​មាន​ផ្លែ​ទំហំ​ប៉ុន​ម្រាមដៃ ដុះ​នៅ​ចំ​ពីលើ​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​។​

​ភ្នំ​ប្រាំពីរ​ស្ថិត​នៅ​ភូមិ​ប្រាំពីរ ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង ប្រមាណ ១​:​៤៥​នាទី ពី​ក្រុង​បាត់ដំបង បើកឡាន​តាមផ្លូវ​ជាតិ​លេខ ៥៧ បេ​៕​