​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្ស៊ី​បាន​រាយការណ៍​ពី​ការវាយប្រហារ​ដោយ​ដ្រូ​ន​របស់​អ៊ុយ​ក្រែន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ​ទី​១៩​សីហា​គឺ​មួយ​ថ្ងៃ​គត់​បន្ទាប់ពី​ការផ្ទុះ​បាន​កើតឡើង​នៅ​ជិត​មូលដ្ឋាន​​យោធា​នៅ​ក្នុង​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​ផ្ទាល់ដែល​នេះ​បង្ហាញ​ពី​សមត្ថភាព​កើនឡើងរ​បស់​រដ្ឋាភិបាល​ទីក្រុង​គៀវ​ក្នុងការ​វាយកម្ទេច​ទ្រព្យសម្បត្តិ​របស់​ទីក្រុង​មូ​ស្គូ​នៅ​​ឆ្ងាយ​ពី​សមរភូមិ​ជួរមុខ​។​

​ឧបទ្ទវហេតុ​ចុងក្រោយបង្អស់​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ការផ្ទុះ​ដ៏​ធំ​កាលពី​សប្តាហ៍​មុន​នៅ​ឯ​មូលដ្ឋាន​ទ័ពអាកាស​មួយ​ក្នុង​ឧបទ្វីប​គ្រី​មេដែល​រុស្ស៊ី​កាត់យក​។ នៅក្នុង​ការវាយតម្លៃ​ថ្មី​មួយ​មន្ត្រី​លោក​ខាង​​លិច​បាន​និយាយថា ឧបទ្ទវហេតុ​នេះ​បាន​ធ្វើឱ្យ​ពាក់កណ្តាល​នៃ​កង​នាវាចរ​សមុទ្រ​ខ្មៅ​របស់​រុស្ស៊ី​គ្មាន​ប្រយោជន៍​។​

​ទីភ្នាក់ងារ​សារព័ត៌មាន RIA និង Tass របស់​រុស្ស៊ី ដែល​ដកស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​នៅគ្រីមេ បាន​និយាយថា វា​ហាក់ដូចជា​កងកម្លាំង​ប្រឆាំង​យន្តហោះ​របស់​រុស្ស៊ី​បានធ្វើ​សកម្មភាព​នៅ​ជិត​កំពង់​​ផែ​យេ​វ​ផា​តូ​រី​យ៉ា (Yevpatoriya) ភាគ​ខាងលិច​តំបន់​គ្រីមេ​កាលពី​យប់​ថ្ងៃ​សុក្រ​។ វីដេអូ​បង្ហោះ​ដោយ​វេបសាយ​មួយ​របស់​រុស្ស៊ី​បង្ហាញ​ពី​អ្វី​មួយ​ហាក់ដូចជា​មី​ស៊ី​លពី​ដី​ទៅ​អាកាស​វាយប្រហារ​ចំ​គោល​​ដៅ​មួយ​។ ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័​រមិន​អាច​បញ្ជាក់​ពី​ភាពត្រឹមត្រូវ​នៃ​វីដេអូ​នេះ​ភ្លាមៗ​ទេ​។​

Tass បាន​ដកស្រង់​សម្តី​មន្ត្រី​ក្នុង​តំបន់​ថា កងកម្លាំង​ប្រឆាំង​យន្តហោះ​រុស្ស៊ី​បាន​បាញ់​ទម្លាក់ដ្រូន​អ៊ុយ​ក្រែន​ចំនួន​ប្រាំ​មួយគ្រឿង ដែល​ត្រូវបាន​បញ្ជូន​ទៅ​វាយប្រហារ​ទីក្រុង​ណូ​វ៉ា​កាខូ​វកា (Nova Kakhovka) ភាគ​ខាងកើត​នៃ​ទីក្រុង​ឃើ​សិន (Kherson) ។ អ៊ុយ​ក្រែ​ននិយាយថា ការដណ្តើមយក​ទីក្រុង​ឃើ​សិន​មក​វិញ​គឺជា​អាទិភាព​ចម្បង​មួយ​របស់​ខ្លួន​។ ដោយឡែក​មន្ត្រី​ម្នាក់​នៅគ្រីមេ​​បាន​និយាយថា ខែល​ការពារ​នៅ​ទីនោះ​បាន​បាញ់​ទម្លាក់ដ្រូន​ក្នុងចំនួន​មិន​ជាក់លាក់​ពីលើ​ទីក្រុង​សេវ៉ា​ស្តូ​ប៉ូល (Sevastopol)៕

​កងកម្លាំង​ប្រឆាំង​យន្តហោះ​រុស្ស៊ី​បាន​បាញ់​ទម្លាក់ដ្រូន​អ៊ុយ​ក្រែន​ចំនួន​ប្រាំ​មួយគ្រឿង ដែល​ត្រូវបាន​បញ្ជូន​ទៅ​វាយប្រហារ​ទីក្រុង​ណូ​វ៉ា​កាខូ​វកា​