​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ពេ​ជ ឫទ្ធី រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​តំណាង​ក្រុមការងារ​ជាន់ខ្ពស់​ស្ដីពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់​កម្ពុជា (HLTF-EI Lead for Cambodia) បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​លើក​ទី​៤២ នៃ​ក្រុមការងារ​ជាន់ខ្ពស់​ស្ដីពី​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន (42nd HTLF-EI Meeting) នៅ​ខេត្តសៀមរាប​ពីថ្ងៃ​ទី ១៨ ដល់ ១៩ ខែ សីហា ឆ្នាំ ២០២២ ។

​ជា​កិច្ច​ចាប់ផ្តើម ប្រធាន​អង្គ​ប្រជុំបាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា​ដែល​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ សម្រាប់​កិច្ចប្រជុំ​នេះ ស្របពេល​កម្ពុជា​ដើរតួនាទី​ជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​សម្រាប់​ឆ្នាំ​២០២២ ព្រមទាំង​បានបញ្ជាក់​សារជាថ្មី​ពី​ការប្ដេជ្ញាចិត្ត​គាំទ្រ​និង​ផ្តល់​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​បន្ថែមទៀត ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​។​

​ក្នុងនាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ លោក រដ្ឋលេខាធិការ បាន​ថ្លែង​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ​ឯកឧត្តម​ប្រធាន​អង្គប្រជុំ និង​គណៈប្រតិភូ​ទាំងអស់ ដែល​បានមក​ចូលរួម​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ​។​

​នាឱកាស​នោះ​ផងដែរ លោក​រដ្ឋលេខាធិការ បាន​ចូលរួម​ផ្លាស់ប្តូរ​យោបល់​ក្នុង​កិច្ចពិភាក្សា និង​បានផ្តល់​បទ​អន្តរាគមន៍​ក្នុង​របៀបវារៈ​សំខាន់ៗ​មួយចំនួន ហើយ​បានធ្វើ​សេចក្តីរាយការណ៍​សង្ខេប​ជូន​អង្គប្រជុំ​អំពី​វឌ្ឍនភាព​នៃ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច (PEDs) របស់​ក្នុង​កម្ពុជា ស្ថិតនៅក្រោម​សសរស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ផងដែរ​។​
​ជារួម​កិច្ចប្រជុំ​បានកត់សម្គាល់​លើ​វឌ្ឍនភាព​ការងារ​សំខាន់ៗ ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២២ និង​បាន​ពិនិត្យ និង ផ្ដល់​អនុសាសន៍​ណែនាំ​បែប​យុទ្ធសាស្ត្រ​លើ​របៀបវារៈ​សំខាន់ៗ ដើម្បី​រៀបចំ​ជា​អនុសាសន៍​មួយចំនួន​ជូន កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​លើក​ទី​៥៤ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ (54th AEM Meeting and Related Meetings) ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១១-១៨ ខែកញ្ញា ឆ្នាំ​២០២២ ដែល​ក្នុងនោះ​មាន​របៀបវារៈ ដូចខាងក្រោម​៖ ទី​១. វឌ្ឍនភាព​លើ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច (PEDs) ក្រោម​ភាពជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​, ទី ២. វឌ្ឍនភាព​លើ​អនុសាសន៍​នៃ​របាយការណ៍​ត្រួតពិនិត្យ​ពាក់កណ្តាល​អាណត្តិ​នៃ​ផែនការ​លម្អិត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០២៥ (AEC Blueprint 2025),​ទី ៣. ចក្ខុវិស័យ​អាស៊ាន​ក្រោយ​ឆ្នាំ​២០២៥ , ទី ៤. ក្របខ័ណ្ឌ​ស្តារឡើងវិញ​គ្រប់​ជ្រុងជ្រោយ​អាស៊ាន (ASEAN Comprehensive Recovery Framework), ទី​៥. ឯកសារ​ទស្សនាទាន​ស្តីពី​អព្យាក្រឹតភាព​កាបូន (Carbon Neutrality), ទី​៦. ទំនាក់ទំនង​សេដ្ឋកិច្ច​អាស៊ាន​ជាមួយ​ដៃគូ​អាស៊ាន​, ទី ៧. ការត្រៀម​រៀបចំ​សម្រាប់​ភាពជា​ប្រធាន​អាស៊ាន​របស់​ឥណ្ឌូនេស៊ី​នៅ​ឆ្នាំ​២០២៣, និង ទី​៨. បញ្ហា​ផ្សេងៗ ដូចជា (១) បដិវត្តន៍​ឧស្សាហកម្ម​៤.០ (២) ក្របខ័ណ្ឌ​សេដ្ឋកិច្ច​វិលជុំ (Circular Economy) សម្រាប់​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (៣) ផែនទី​បង្ហាញផ្លូវ​បាន​ដា​ស៊េរី​បេ​ហ្កា​វ៉ាន់ (Bandar Seri Begawan Roadmap) (៤) Good Regulatory Practices និង (៥) ការវាយតម្លៃ​លើ​បញ្ហា​ថ្មីៗ ដែល​កំពុង​កើតមាន​នៅក្នុង កិច្ចព្រមព្រៀង​ពាណិជ្ជ​សេរី​អាស៊ាន​បូក​មួយ (ASEAN Plus One FTAs)៕​