​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រធានាធិបតី​បារាំង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៩​សីហា​ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​បាន​យល់ព្រម​ឱ្យ​មន្ត្រី​អធិការកិច្ច​ឯករាជ្យ​ធ្វើដំណើរ​​ទៅកាន់​រោងចក្រ​នុយក្លេអ៊ែ​រហ្សា​ផូ​រី​ហ្ស​ហ្សា នៅ​អ៊ុ​យក្រែន​(Zaporizhzhia)​ដែល​កាន់កាប់​ដោយ​ទីក្រុង​មូ​ស្គូ ខណៈ​ការបារម្ភ​កើនឡើង​ជុំវិញ​ការប្រយុទ្ធ​គ្នា​នៅ​ជិត​កន្លែង​នោះ​។​

​សេចក្តីសម្រេចចិត្ត​ជាក់​ស្តែង​នៃ​ជម្លោះ​ជុំវិញ​ថា​តើ​មន្ត្រី​អធិការកិច្ច​ធ្វើដំណើរ​ឆ្លងកាត់​អ៊ុយ​ក្រែនឬ​រុស្ស៊ី​បានកើតឡើង ខណៈ​មន្ត្រី​ការពារ​ជាតិ​អាម៉េរិក​និយាយ​ថា​កងកម្លាំង​អ៊ុយ​ក្រែន​បាន​ធ្វើឱ្យ​ការ​រុល​​ទៅ​មុខ​របស់​រុស្ស៊ី​ជាប់គាំង​។​

​មន្ត្រី​រូប​នោះ​បាន​និយាយ​មិន​បញ្ចេញ​ឈ្មោះថា “​អ្នក​កំពុង​មើលឃើញ​កង្វះ​ការ​រុលទៅមុខ​ទាំងស្រុង​របស់​រុស្ស៊ី​នៅលើ​សមរភូមិ​”​។​

​យោង​តាម​ការិយាល័យរ​បស់​ប្រធានាធិបតី​បារាំង​លោក​ម៉ា​នូ​អែល ម៉ា​ក្រុង លោកពូ​ទីន​បាន “​ពិចារណា​ឡើងវិញ​”​នូវ​ការទាមទារ​របស់​គាត់​ដែល​ឱ្យ​ទីភ្នាក់ងារ​ថាមពលបរមាណូ​អន្តរជាតិ​ធ្វើ​ដំណើរ​​ឆ្លងកាត់​រុស្ស៊ី​ទៅកាន់​ទីតាំង​នុយក្លេអ៊ែ​រហ្សា​ផូ​រី​ហ្ស​ហ្សា​។​

​ប្រធាន​អង្គការ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ លោក រ៉ា​ហ្វា​អែល ហ្គ្រោ​សស៊ី (Rafael Grossi) “​បាន​ស្វាគមន៍​ចំពោះ​សេចក្តី​ថ្លែងការណ៍​ថ្មីៗ​ដែល​បង្ហាញថា​ទាំង​អ៊ុ​យក្រែន​​និង​រុស្ស៊ី​បាន​គាំទ្រ​គោលបំណង​របស់ IAEA ក្នុង​ការបញ្ជូន​មន្ត្រី​បេសកកម្ម​ទៅ​កាន់​រោងចក្រ​”​។​

​ទន្ទឹមនឹងនេះ​ដែរ ប្រធាន​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស បាន​ជំរុញ​ឱ្យ​កងកម្លាំង​របស់​ទីក្រុង​មូ​ស្គូ​ដែល​កាន់កាប់​ទីក្រុង​ហ្សា​ផូ​រី​ហ្ស​ហ្សា​កុំឱ្យ​កាត់ផ្តាច់​ឧបករណ៍​ចេញពី​បណ្តាញ​អគ្គិសនី និង​លទ្ធភាព​កាត់ផ្តាច់​ការផ្គត់ផ្គង់​អគ្គិសនី​ដល់​ប្រជាជន​អ៊ុយ​ក្រែន​រាប់លាននាក់​៕

រោងចក្រ​នុយក្លេអ៊ែ​រហ្សា​ផូ​រី​ហ្ស​ហ្សា​កំពុង​ស្ថិត​ក្រោម​ការកា​ន់​កាប់​របស់​រុស្ស៊ី​

​ប្រធាន​អង្គការ​សហប្រជាជាតិ​លោក អង់​តូ​នីញ៉ូ គូថេ​រ៉េស ចុះ​ពិនិត្យ​កំពង់ផែ អូ​ដេសា នៅ​អ៊ុយ​ក្រែន​កាលពី​ថ្ងៃ​សុក្រ​