ដោយៈ ជា សីហៈ/ភ្នំពេញៈ ឆ្មាដាវជាអម្បូរឆ្មាព្រៃមាឌតូចមានដើមកំណើតនៅតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត រួមទាំងប្រទេសកម្ពុជាផងដែរ ហើយនៅពេលនេះវាត្រូវបានគេចាត់ថ្នាក់ជាប្រភេទរងគ្រោះតិចតួចនៅឡើយ នៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN)។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានអះអាងថា ទោះជាដូច្នេះក្ដី សត្វឆ្មាដាវជាច្រើនពេញគ្រប់កន្លែងភូមិសាស្ត្ររស់នៅរបស់ពួកវាត្រូវបានគេប្រមាញ់ ដើម្បីយកស្បែក ឬរោម យកសាច់ និងការជួញដូរសត្វចិញ្ចឹមខុសច្បាប់។

អង្គការនេះបានអះអាងថា សព្វថ្ងៃមជ្ឈមណ្ឌលមានឆ្មាដាវញីឈ្មោលពីរក្បាល ដោយមានវ័យ ១៥ ឆ្នាំហើយ ពួកវាក៏មានអាយុច្រើនសមគួរសម្រាប់ពពួកឆ្មាតូចៗប្រភេទនេះ។
ពួកវាមានដំណើររឿងស្រដៀងគ្នា ពួកវាបានមកដល់ មជ្ឈមណ្ឌល នៅក្នុងឆ្នាំ ២០០៧ និង ២០០៨ បន្ទាប់ពីមានប្រជាពលរដ្ឋបានប្រទះឃើញកាលពួកវានៅជាកូនឆ្មាតូចៗនៅឡើយ។

ដោយសារពួកវាសាំង មិនខ្លាចមនុស្ស ពេលដែលបានមកដល់ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ ដំបូង យើងមិនអាចលែងពួកវាឱ្យត្រឡប់ទៅរស់នៅក្នុងជម្រកធម្មជាតិរបស់ពួកវាវិញបានឡើយ ហើយចាប់តាំងពីពេលនោះមក ពួកវាបានរស់នៅក្នុង មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះក្នុងនាមជាសត្វតំណាងឱ្យប្រភេទរបស់ពួកវា។ ទោះបីជាពួកវាជាសត្វរាត្រីចរ ហើយតែងតែលាក់ខ្លួននៅពេលថ្ងៃក៏ដោយតែគេប្រហែលជាអាចមើលឃើញពួកវានៅពេលធ្វើដំណើរកំសាន្ដជាមួយមគ្គុទ្ទេសក៍នៅមជ្ឈមណ្ឌល៕