នារី​រូប​ស្រស់​ម្នាក់ ស្រវឹងស្រា​បើករថយន្ត​បុក​រះ​មនុស្ស​៥​នាក់​ឲ្យ​រងរបួស នៅ​ស្រុក​កៀនស្វាយ​

1614
ចែករម្លែក

កណ្តាល ៖ នារី​រូប​ស្រស់​ម្នាក់​ស្រវឹង ហើយ​ថែមទាំង​មិន​ចេះបើកបរ​ស្ទាត់​ទៀត​នោះ បាន​បើករថយន្ដ​ឡិច​ស៊ី​ស ជ្រុលទៅបុក​រះ​មនុស្ស​អង្គុយ​លើ​គ្រែ បណ្ដាល​ឲ្យ​របួសធ្ងន់​ស្រាល ៥​នាក់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​យប់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ ភូម​ធំ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។​

​នារី​បង្ក​ឈ្មោះ អូន ស្រី​ដា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ក្រូច ឃុំ​ជាងដែក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2L 4626
​បានធ្វើ​ដំណើរ​ចេញពី​ខាងកើត​ថ្នល់ជាតិ​លេខ​១ ឆ្លង​ចូល​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ភូមិធំ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ពេល​បើក​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​រថយន្ត​បាន​ជ្រុល​ចង្កូត​ទៅបុក​មនុស្ស​
៥​នាក់​ភេទ​ប្រុស​កំពុង​អង្គុយ នៅលើ​គ្រែ​មុខផ្ទះ​បណ្ដាល​ឲ្យ​របួស ធ្ងន់​១​នាក់ ស្រាល​៤​នាក់​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន កម្លាំង​ជំនាញ​បាន​ចុះ​ដល់​ចំណុចកើតហេតុ ឃាត់​អ្នកបើកបរ​រថយន្ត​បង្ក និង​នាំមក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនមក​មន្ទីរ​ពេទ្យ​ភ្នំពេញ​។

​សមត្ថកិច្ច​បានបញ្ជាក់​ថា តាម​ការសន្និដ្ឋាន​ករ​ណី​ខាងលើនេះ បណ្ដាលមកពី​អ្នកបើករថយន្ត​មិនចេះ​បើកបរ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អ្នកដទៃ​៕ ដោយ​៖ លីន​ណា​

ទីតាំងផ្សាយពាណិជ្ជកម្ម