ដើម្បី​បង្ហោះ​ផ្សព្វផ្សាយ​អំពី​សត្វព្រៃ​នៅ​កម្ពុជា នេះ​ជាស​ត្វ​ល្វាចេក​ព្រៃ ជា ប្រភេទ​បក្សី​តូច​នេះ​ដែលមាន​សំឡេង​យំ​ពីរោះ ហើយ​ត្រូវបាន​គេ​ដឹងថា វា​មាន​ដើមកំណើត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ និង​ឧបទ្វីប​ឥណ្ឌា ហើយ​វា​ក៏​ត្រូវបាន​ប្រទះឃើញ​ជា​ញឹកញាប់​ផងដែរ​នៅក្នុង​និង​ជុំវិញ​មជ្ឈមណ្ឌល​អង្គរ​សម្រាប់​ការអភិរក្ស​ជីវៈចម្រុះ​(ACCB)​។​

​សត្វ​ល្វាចេក​ព្រៃ​គឺជា​ប្រភេទ​បក្សី​ប្រកាន់​ដែនដី ជាពិសេស​នៅ​អំឡុងពេល​រដូវ​បន្ត​ពូជ ដែល​ចាប់ផ្តើម​ពី​ខែមេសា​ដល់​ខែមិថុនា​។ សត្វ​ល្វាចេក​ព្រៃ​ឈ្មោល​នឹង​ថែរក្សា​និង​ការពារ​ដែនដី​របស់​វា រីឯ​សត្វ​ល្វាចេក​ព្រៃ​មេ​វិញ​នឹង​ចាប់​ផ្តើមធ្វើ​សំបុក​និង​ក្រាប​ពង​តែ​ឯកឯង ប៉ុន្តែ​មេបា​ទាំងពីរ​នឹង​បញ្ចុក​ចំណី​ដល់​កូនតូចៗ​ជាមួយគ្នា​។​

​សត្វ​ល្វាចេក​ព្រៃ​ត្រូវបាន​គេ​ស្គាល់​ដោយសា​តែ​សំឡេង​យំ​ដ៍​ពីរោះ​របស់​ពួកវា​។ ពួកវា​អាចធ្វើ​សំឡេង​បាន​ច្រើនបែប​និង​ច្រើនតង់ ហើយ​ពួកវា​ក៏​អាចធ្វើ​ត្រាប់​តាម​សំឡេង​របស់​សត្វ​ដទៃ​បាន​ផងដែរ​។ តែ​គួរឱ្យ​សោកស្តាយ ដោយសារតែ​ពួកវា​ជា​សត្វ​ដែលមាន​សំឡេង​យំ​ពីរោះ​បែបនេះហើយ ទើប​ប្រភេទ​ល្វាចេក​ព្រៃ​នេះ​ត្រូវបាន​គេ​ទាក់​ចាប់​យ៉ាងច្រើន​ដើម្បី​ជួញដូរ​ខុសច្បាប់​៕​