ដោយៈ ប​.​ខុន / ភ្នំពេញៈ ទឹក​ព្រែ​កនៅ​សងខាង​ទន្លេមេគង្គ​លើ បាន​ហូរ​ចេញ​វិញ បន្ទាប់ពី​បាន​ហូរ​ចូល ក្នុង​រយៈពេល​ខ្លី​។ ទឹក​ហូរ​ចូលទៅ​កាន់​វាលទំនាប នៃ​បឹង​នានា នៅ​សងខាង​ទន្លេមេគង្គ បាន​ច្រើន តែ​ចំពោះ​ព្រែក​ដែលមាន​ការអភិវឌ្ឍ​រួច និង​មាន​ទ្វារ​ទឹក បិទ​បើក​ប៉ុណ្ណោះ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២​ថាៈ ទឹកទន្លេ​មេគង្គ​ ដែល​បាន​ហូរ​ចូល ទៅកាន់​វាលទំនាប​នានា តាម​បណ្តា​ព្រែក នៅ​សងខាង​ដង​ទន្លេមេគង្គ កន្លងទៅនេះ បាន​រយៈពេល​ខ្លី នៅក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្ត ក្រចេះ គឺ​បានតែ​បី បួន​ថ្ងៃ ក៏​ហូរ​ចេញ​វិញ ហើយ​នៅពេលនេះ ចំពោះ​ព្រែក​ដែល​ពុំទាន់​បានធ្វើការ​អភិវឌ្ឍ​។​

​អ្នកនាំពាក្យ​ក្រសួង​ជំនាញ ខាងលើ បានបញ្ជាក់​ថាៈ ចរន្ដទឹក​ដែល​បាន​ហូរ​ចូល ទៅកាន់​វាលទំនាប បាន​ត្រឹម​បរិមាណ​ពី ៧០ ទៅ ៩០ ភាគរយ នៃ​កម្រិត​អតិបរមា ទឹក​ចូល​តាម​ព្រែក បាន​ត្រឹម​លិច​ពោះ​បឹង​។ នៅ​ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ចាម ទឹក​ហូរ​ចូល​បឹង បាន​តិចតួច​ណាស់ មានតែ​តាម​ទ្វារ​ទឹក នៃ​ប្រព័ន្ធ​វ៉ៃ​គោ​ទេ ដែល​ទឹក​ចូល បាន​ច្រើន រហូតដល់​ពេញ​បឹង​កំពិត ហើយ​ពេលនេះ បាន​បិទទ្វារ​ទឹក​វិញ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ បណ្តា​ព្រែក​មួយចំនួន នៅ​សងខាង ដង​ទន្លេបាសាក់ និង សងខាង​ទន្លេមេគង្គ​ក្រោម ក៏មាន​ទឹក​ហូរ​ចូល​ដែរ តែ​ចូល​មិនបាន ច្រើន​ទេ គឺមាន​តែព្រៃ​ក ដែល​បាន​ស្តារ​រួច និង​មាន​ទ្វារ​ទឹក​បិទ​បើក​ទេ ដែល​ទទួលបាន ទឹក​ច្រើន​។​

​គួរ​រំលឹក​ឱ្យដឹងថា កម្ពស់​ទឹកទន្លេ​មេគង្គ ឡើងដល់​កម្រិត​អតិបរមា លើក​ទី​១ នៅ​ខេត្តស្ទឹងត្រែង ថ្ងៃទី​១២ ខែសីហា មាន​កម្ពស់ ៨,៨៦ ម៉ែត្រ នៅ​ខេត្តក្រចេះ មាន​កម្ពស់ ១៩,០៤ ម៉ែត្រ នៅ​ខេត្តកំពង់ចាម មាន​កម្ពស់ ១២,០៤ ម៉ែត្រ និង​នៅ​ភ្នំពេញ ទន្លេបាសាក់ ចតុមុខ មាន​កម្ពស់ ៧,៣២ ម៉ែត្រ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករណ៍ កាលពីដើម​រដូវវស្សា​ថាៈ ទឹកទន្លេ​មេគង្គ នៅ​ចតុមុខ ក្នុង​រដូវវស្សា ឆ្នាំ​២០២២​នេះ អាច​ឡើងដល់​កម្រិត​ក​ម្ព​ស់​ជាង ៩,៦៥ ម៉ែត្រ ចាត់ទុកជា​ប្រភេទ​ជំនន់​មធ្យម​៕/V​