​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​,​យ៉ា​ហ៊ូ​,​ហ្វក់​អិ​លអេ​….)៖ ហ្វូង​មនុស្ស​ដ៏ធំ​មួយ​បាន​ទៅដល់​ហាង​ទំនិញ​7-Eleven​មួយ​ក្រោយ​ពួក​គេ​បិទ​ផ្លូវបំបែក​មួយ​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស សហរដ្ឋ​អាម៉េរិក​នៅ​សប្តាហ៍​​នេះ ហើយ​ចូល​យក​ទំនិញ​ស្រេច​តែ​ចិត្ត​និង​ចាប់​គ្រវែង​ទំនិញ​អោយ​គ្នីគ្នា​នៅ​ខាងក្រៅ ព្រមទាំង​រើ​ហិប​លុយ​និង​វាយបំផ្លាញ​របស់របរ​ក្នុង​ហាង​ថែម​ទៀត​។​

​ហ្វូង​មនុស្ស​មាន​ស្រី​ប្រុស​នេះ​បាន​សំរុកចូល ស្រែក ផ្តួល​ស្លាក​សុវត្ថិភាព​កូវី​ដ​១៩ រុញ​ផ្លួច​ធ្នើ​ទំនិញ​ក្នុងហាង​និង​ចាប់​យក​ទំនិញ​តាមចិត្ត មុន​គ្រវែង​អោយ​គ្នីគ្នា​ពួកគេនៅ​ទីក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ក្នុង​រដ្ឋកា​​លី​ហ្វ័​រ​ញ៉ា​។​ឧបទ្ទវហេតុ​ដ៏​អាណាធិបតេយ្យ​នេះ​បាន​កើត​ឡើង​នៅ​ក្បែរ​មហាវិថី អែល សេ​ហ្គូ​ន​ដូ (El Segundo)​កាលពី​ថ្ងៃ​១៥​សីហា​។​

​ពួកគេ​បាន​អុកឡុក​ពេញ​ហាង​ដោយ​ចាប់​យក​ភេសជ្ជៈ បារី សន្លឹកឆ្នោត ឈីប​និង​ទំនិញ​ដទៃទៀត​។​

​បុគ្គលិក​បំរើការ​ក្នុង​ហាង​នេះ​បាន​ភៀសខ្លួន​ទាំង​ព្រលឹងចុងសក់​ក្នុងអំឡុងពេល​ហ្វូង​ពួក​អាវាសែ​នេះ​សំរុកចូល តែ​មិន​មាន​ការប្រតាយប្រតប់​គ្នា​គ្នា​។​

​យោង​តាម​នាយកដ្ឋាន​ប៉ូលិស​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ជនល្មើស​មាន​ប្រុស​មាន​ស្រី និង​មាន​គ្នា​ប្រមាណ​១០០​នាក់​។​

​ឥឡូវ​អាជ្ញាធរ​កំពុង​ព្យាយាម​រារាំង​កុំអោយ​ហេតុការណ៍​អាក្រក់​មើល​ដូច្នេះ​ក្លាយជា​និន្នាការ​ថ្មី​មួយ​ក្នុងចំណោម​ហ្វូង​ជន​អន្ធ​ពាល​។​អ្នក​ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​នេះ​នឹង​ប្រឈម​ការចោទប្រកាន់​ពី​បទ​វាយបំ​​ផ្លាញ​និង​ចោរកម្ម​នៅពេល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួនបាន​។​

​សូមបញ្ជាក់​ថា មុន​ចូល​យក​ទំនិញ​ក្នុង​ហាង​តាមចិត្ត ក្រុម​នេះ​បាន​យក​រថយន្ត​របស់​គេ​បិទ​ផ្លូវ​បើក​រថយន្ត​បញ្ចេញ​សម្លេង​បញ្ចេញ​ផ្សែង​ជា​រង្វង់បែប​ក្រុម​យូ​កូម​។​នៅ​មួយ​ម៉ោង​ក្រោយមក មាន​ការបិទ​​ផ្លូវ​មួយ​ទៀត​ក្រោយ​ពី​ក្មេងប្រុស​ជំទង់​ម្នាក់​ត្រូវបាន​បាញ់សម្លាប់​។​

​នាយកដ្ឋាន​ប៉ូលិស​បាន​អោយដឹងថា គិត​ត្រឹម​ខែ​មីនា​ឆ្នាំ​២០២២ ការ​លួច​ប្លន់​បាន​កើនឡើង​ដូច​កាំជណ្តើរ​នៅ​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស ដោយ​កើន​១៧,២​ភាគរយ​ក្នុងពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០២១៕

​ទិដ្ឋភាព​ក្រុម​ជន​អន្ធពាល​ចូល​វាយបំផ្លាញ​និង​យក​ទំនិញ​ស្រេច​ចិត្ត​នៅ​ហាង​មួយ​ក្នុង​ក្រុង​ឡូ​ស អ៊ែន​ជើ​ឡេស​កាលពី​ថ្ងៃ​១៥​សីហា​

​ពួក​ជន​អន្ធពាល​សំរុក​ចេញ​មក​វិញ​ប្រហែល​ជា​ឮដំណឹង​ថា​ប៉ូលិស​មក​