ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួង​អប់រំ យុវជន និង​កីឡា បានចេញ​សេចក្តីប្រកាស ព័ត៌មាន​មួយ នៅ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២ ម្សិលមិញ​នេះ ដើម្បី​បំភ្លឺ​មតិ​សាធារណជន មួយចំនួន ពាក់ព័ន្ធ​នឹង​ការបង្រៀន ភាសា​វៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។​

​សេចក្តីប្រកាស​ព័ត៌មាន​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បានលើកឡើង​ថាៈ នាពេល ថ្មីៗ​នេះ សាធារណជន​មួយចំនួន បានលើកឡើង​ពី​មតិ ពាក់ព័ន្ធ​នឹង​ការបង្រៀន ភាសា​វៀតណាម នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ ក្នុងន័យនេះ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​បំភ្លឺថាៈ ដើម្បី​ពង្រឹង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ក្នុង​វិស័យ​កិច្ចការ អន្តរជាតិ និង​វិភាគ​គោលនយោបាយ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​បង្កើត “ វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​គោលនយោបាយ​សាធារណៈ​” (Institute for International Studies and Public Policy -11SFP-) ដែលមាន​តួនាទី និង​ភារកិច្ច ដូចខាងក្រោម​៖

– ស្រាវជ្រាវ ផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​កម្រិត​បរិញ្ញាបត្រ និង​ក្រោយ​បរិញ្ញាបត្រ លើ​ជំនាញ ទំនាក់ទំនង​អន្តរជាតិ សេដ្ឋកិច្ច វិទ្យាសាស្ត្រ​នយោបាយ និង​គោលនយោបាយ សាធារណៈ​

– ស្រាវជ្រាវ​លើ​បញ្ហា​ក្នុងប្រទេស តំបន់ និង​ពិភពលោក​

-​សហការ​ជាមួយ​ស្ថាប័ន​ជាតិ អន្តរជាតិ និង​ដៃគូ​អភិវឌ្ឍ​

– បង្កើត​វេទិកា​ចែករំលែក​ចំណេះដឹង និង​រៀបចំ​ព្រឹត្តិការណ៍ ជាតិ​និង​អន្តរជាតិ ព្រមទាំង​គោលនយោបាយ​សំខាន់ៗ ផ្សព្វផ្សាយ​លទ្ធផល នៃ​ការសិក្សា ការស្រាវជ្រាវ និង​បម្រើ​ជា​វេទិកា និង​មជ្ឈមណ្ឌល​សម្រាប់​បញ្ញវន្ត និង​អ្នកស្រាវជ្រាវ​កម្ពុជា និង​បរទេស ដើម្បី​ធ្វើការ​សិក្សា អំពី​បញ្ហាសំខាន់ៗ ដែល​ប្រទេស​កម្ពុជា តំបន់ និង​ពិភពលោក កំពុង​ប្រឈម​។​

​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​គោលនយោបាយ​សាធារណៈ មាន​រចនាសម្ព័ន្ធ ចំណុះ​ជា ដេ​ប៉ា​តឺ​ម៉​ង់ ចំនួន​៤ សម្រាប់​បណ្ដុះបណ្ដាល កម្រិត​បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​មាន​មជ្ឈមណ្ឌល ចំនួន ៣ សម្រាប់​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​វគ្គ​ខ្លីៗ ដូចខាងក្រោម​៖

១. ដេ​ប៉ា​តឺ​ម៉​ង់​ទំនាក់ទំនង​អន្តរជាតិ សម្រាប់​បណ្តុះបណ្តាល​លើ មុខជំនាញ​ទំនាក់ទំនង អន្តរជាតិ និង មុខជំនាញ​កិច្ចការ អន្តរជាតិ​

២. ដេ​ប៉ា​តឺ​ម៉​ង់​សេដ្ឋកិច្ច​អន្តរជាតិ សម្រាប់​បណ្តុះបណ្តាល​លើ​មុខជំនាញ​សេដ្ឋកិច្ច​អន្តរជាតិ សេដ្ឋកិច្ច ឌីជីថល​, សេដ្ឋកិច្ច​គ្រប់គ្រង​, សេដ្ឋកិច្ច​វិភាគ​និង​គ្រប់គ្រង​ហានិភ័យ​, និង​មុខជំនាញ​សេដ្ឋកិច្ច នយោបាយ​អន្តរជាតិ​

៣. ដេ​ប៉ា​តឺ​ម៉​ង់​វិទ្យាសាស្ត្រ​នយោបាយ និង​គោលនយោបាយ​សាធារណៈ សម្រាប់​បណ្តុះបណ្តាល លើ​មុខជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​រដ្ឋបាល​សាធារណ និង​គោលនយោបាយ​សាធារណៈ​

៤. ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​វៀតណាម សម្រាប់​បណ្តុះបណ្តាល​លើ មុខជំនាញ​សិក្សា​វៀតណាម​, មុខជំនាញ ការបកប្រែ​ភាសា​វៀតណាម​, និង​មុខជំនាញ​ភាសា​វៀតណាម សម្រាប់​ទំនាក់ទំនង​ធុរកិច្ច​

៥. មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អា​គ្នេ​យ៏ ៦. មជ្ឈមណ្ឌល​ខេ​មរ​សិក្សា​

៧. មជ្ឈមណ្ឌល​កម្ពុជា សម្រាប់​ស្រាវជ្រាវ​ផ្លូវ​សូត្រ​សមុទ្រ សតវត្ស​ទី​២១

​ការបង្កើត​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ និង​គោលនយោបាយ​សាធារណៈ ត្រូវបាន​រៀបចំឡើង ក្នុង​ឆ្នាំ​ដែល​កម្ពុជា ធ្វើជា​ប្រធាន​អាស៊ាន ដើម្បី​ជា​ព្រឹត្តិការណ៍​អម នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា សង្គម​វប្បធម៌​អាស៊ាន​។ ការបង្កើត​វិទ្យាស្ថាន​នេះ នឹង​បណ្ដុះបណ្តាល ធនធានមនុស្ស​កម្ពុជា ដើម្បី​យល់ដឹង​កាន់តែខ្លាំង ពី​កិច្ចការ អន្តរជាតិ និង​តំបន់ ក្នុង​បរិការណ៍ ដែល​សភាពការណ៍​ពិភពលោក និង​សេដ្ឋកិច្ចពិភពលោក កាន់​តែមាន ភាព​ស្មុ​គ្រ​ស្មាញ ដែល​កើតឡើង ដោយសារ​ការប្រកួតប្រជែង រវាង​មហាអំណាច ការផ្លាស់ប្តូរ​បច្ចេកវិទ្យា យ៉ាង​ឆាប់រហ័ស​, បដិវត្ត​ឧស្សាហកម្ម ៤.០, និង​ការកើនឡើង នៃ​បញ្ហា​សកល ដូចជា ការប្រែប្រួល អាកាសធាតុ ជាដើម ។​ល​។ ដែល​ទាមទារ​ឱ្យ​កម្ពុជា ត្រូវតែមាន​ភាព​ធន់ និង​ត្រៀមខ្លួន ឱ្យបាន​រួចរាល់ និង​ពេញលេញ ដើម្បី​ប្រឈមមុខ​នឹង​បញ្ហា​ប្រឈម​ទាំងនោះ ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព ស្ថេរភាព និង​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ​។​

​ព្រមជាមួយ​គ្នា​នោះដែរ ការសិក្សា​អាស៊ាន និង​ការសិក្សា​ភាសា នៃ​ប្រទេស​អាស៊ាន រួមទាំង ការសិក្សា​ពី​ប្រទេសជិតខាង ដូចជា ប្រទេស​ថៃ វៀតណាម និង ឡាវ ពិតជា​មាន សារៈសំខាន់ សម្រាប់​ការលើកកម្ពស់​ពាណិជ្ជកម្ម​, ការវិនិយោគទុន​, ទេសចរណ៍​, និង​ការអភិវឌ្ឍ នៅ​តំបន់​ព្រំដែន ដូចជា ការអភិវឌ្ឍ តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត នៅជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​ការអភិវឌ្ឍ​តាម​បណ្តា​ខេត្ត ដែល​នៅ ជាប់​ព្រំដែន​ថៃ និង​ឡាវ​។​

​ការបង្កើត​ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​វៀតណាម សម្រាប់​បណ្តុះបណ្តាល លើ​មុខជំនាញ​សិក្សា វៀតណាម មុខជំនាញ​ការបកប្រែ​ភាសា​វៀតណាម និង​មុខជំនាញ​ភាសា​វៀតណាម សម្រាប់​ទំនាក់ទំនង​ធុរកិច្ច នឹង​ជួយ​ដល់​ការបង្កើត​ការងារ​ធ្វើ សម្រាប់​ប្រជាជន​កម្ពុជា ដែល​រស់​នៅតាម​ខេត្ត ជាប់​ព្រំដែន តាមរយៈ ការបង្កើន​ទំហំ​ពាណិជ្ជកម្ម ជាមួយ​វៀតណាម និង​វិនិយោគ ពី​ប្រទេស​វៀតណាម នៅ​កម្ពុជា​។ ម្យ៉ាងវិញទៀត ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​វៀតណាម នឹង​ជួយ​បណ្ដុះបណ្ដាល ភាសា​វៀតណាម រយៈពេល ១​ឆ្នាំ ដល់​និស្សិត​កម្ពុជា ដែល​បានទទួល​អាហារូបករណ៍ ទៅ​រៀន នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជាង ១០០ នាក់ ចាប់ពី​ថ្នាក់​បរិញ្ញាបត្រ រហូតដល់​ថ្នាក់បណ្ឌិត ក្នុង​មួយឆ្នាំ​។ នាពេល​កន្លងទៅ និស្សិត​កម្ពុជា មានការ​លំបាក ក្នុងការ​សិក្សា ដោយសារ​ពួកគេ ទៅ​រៀន​ដោយ​មិនបាន​រៀន ភាសា​វៀតណាម ជាមុន​។​

​ក្រៅពីនេះ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាននិងកំពុង​បណ្តុះបណ្តាល ថ្នាក់​បរិញ្ញាបត្រ ខាង​ផ្នែក​ភាសា​អង់គ្លេស ភាសា​បារាំង ភាសា​ជប៉ុន ភាសា​ចិន ភាសា​ថៃ និង​ភាសា​កូរ៉េ ផងដែរ​។ សាកលវិទ្យាល័យ ក៏មាន​រៀបចំ​ការសិក្សា តាម​វគ្គ​ខ្លីៗ ផងដែរ​៕/V​