លោក កែ គឹមយ៉ាន : “​ក្រុម​ឧក្រិដ្ឋជន​លួចលាក់​ចរាចរ​គ្រឿងញៀន​ពី​តំបន់​ផ្សេងៗ លើ​ពិភពលោក​ឆ្លងកាត់​ចូលមក​កម្ពុជា​”

1304
ចែករម្លែក

​ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​បញ្ជាក់ថា ក្រុម​ឧក្រិដ្ឋជន​លួចលាក់​ចរាចរ​ឆ្លងកាត់​ចូលមក​ប្រទេស​កម្ពុជា នូវ​គ្រឿងញៀន​ខុសច្បាប់ ពី​តំបន់​ផ្សេងៗ នៃ​ពិភពលោក រួមមាន​ដូចជា តំបន់​អាមេរិក​ខាងត្បូង តំបន់​អាហ្វ្រិក តំបន់​អឌ្ឍ​ច័ន្ទ​មាស តំបន់ត្រីកោណមាស​។​ល​។ ការ​ថ្លែង​បញ្ជាក់​នេះ បាន​ធ្វើឡើង​នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ​២០១៨ នៅ​កោះ​ពេជ្រ​។​

​ជាមួយគ្នានេះ នៅក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នេះ​ផងដែរ គណៈកម្មការ​បំផ្លាញ​គ្រឿងញៀន បានធ្វើការ​ដុតបំផ្លាញ​គ្រឿងញៀន​ជាង ៦៤​គីឡូក្រាម ដែល​គ្រឿងញៀន​ទាំងនេះ រឹបអូស​បាន​ពី​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​គ្រឿងញៀន​នាពេល​កន្លងមកនេះ​។ គ្រឿងញៀន​ដែល​ដុតបំផ្លាញ​នេះ មានតម្លៃ​ប្រមាណ​ជាង ២​លាន​ដុល្លា​រុ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​បន្តថា ក្នុង​រយៈពេល​៥​ខែ ដើមឆ្នាំ​២០១៨ កន្លងមកនេះ បាន​បង្ក្រាប​បទ​ល​ល្មើស​ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន​ចំនួន​ចំនួន​២៨៧០​ករណី​វ ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៥៧០២​នាក់ នឹង​រឹបអូស​គ្រឿង​គ្រប់​ប្រភេទ បាន​ចំនួន ៩៣​គីឡូក្រាម ១៩៨​ក្រាម​។ រកឃើញ​អ្នកប្រើប្រាស់​គ្រឿងញៀន ៩៣៦៤​នាក់ និង​បានផ្តល់​ការព្យាបាល និង​ស្តារនីតិសម្បទា​ដល់​អ្នក​ញៀន​គ្រឿងញៀន​ចំនួន ៧០៥៦​នាក់ គឺ​ស្មើនឹង ៧៥,៣៥% នៃ​អ្នកប្រើប្រាស់ និង​អ្នកញៀន​គ្រឿងញៀន​។​

​លោក​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាន​បន្តថា ស្ថានភាព និង​និន្នាការ​នៃ​ការផលិត ការ​ចរាចរ និង​ការប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ នៅក្នុង​តំបន់ និង​នៅលើ​សកលលោក មិន​មា​ការថយចុះ​នោះទេ ដោយ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កាន់​តែមាន​លក្ខណៈ​រាលដាល និង​ស្មុគស្មាញ​ឡើងៗ ហើយ​បាន​ក្លាយជា​បញ្ហា​ប្រឈម​មួយ​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាក់ស្តែង​ការ​លួចលាក់​ចរាចរ​ឆ្លងកាត់​ចូលមក​កម្ពុជា​នូវ​គ្រឿងញៀន​ខុសច្បាប់ និង​សារធាតុ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ប្រភេទ​ថ្មី ពី​តំបន់​ផ្សេងៗ​នៃ​ពិភពលោក រួមមាន​ដូចជា តំបន់​អា​នេ​រិ​ក​ខាងត្បូង តំបន់​អាហ្វ្រិក តំបន់​អឌ្ឍ​ច័ន្ទ​មាស តំបន់ត្រីកោណមាស ។​ល​។ នៅតែ​បន្ត​កើតមាន និង​បង្ក​ផលប៉ះពាល់​យ៉ាងច្រើន​ទៅលើ​សុខមាលភាព និង​ជីវភាព​រស់​របស់​ប្រជាពលរដ្ឋ ក៏ដូចជា​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​ការអភិវឌ្ឍ​សង្គម ដែល​រាជរដ្ឋាភិបាល ត្រូវតែ​ចាត៑វិធានការ​បន្ត​ដ៏​ម៉ឹងម៉ាត់​បំផុត ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ឲ្យ​ខាងតែបាន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម