​ដោយៈ មុនី​រ័ត្ន / ភ្នំពេញ​៖ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បេក្ខជន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នាពេល​អនាគត បាន​មាន​ប្រសាសន៍​បញ្ជាក់ថាៈ ស្មារតី​នៃ​វប្បធម៌ និង​ប្រពៃណី​ចែករំលែក ពី​សំណាក់​ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស បាន​ជួយ​ដល់​រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធ​យកឈ្នះ ជំងឺ​កូ​វីដ​-១៩​។ ភាពខ្លាំង​ក្លា នៃ​កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​ខ្មែរ តាមរយៈ​ការភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​អ្នករស់នៅ ក្រៅប្រទេស និង​អ្នករស់នៅ​ក្នុងប្រទេស ក្រោម​ស្មារតី​ខ្មែរ​តែមួយ ដែល​តែង​ជួយ​គ្នា ទៅវិញទៅមក ហើយ​កម្លាំង​សាមគ្គីភាព ដ៏​រឹងមាំ​នេះ នឹង​នៅ​បន្តទៅទៀត ក្រោម​បរិយាកាស សុខសន្តិភាព ដែល​សម្តេច​តេ​ជោ បេ្ត​ជ្ញា​ការពារ​ថែរក្សា​ឱ្យ​គង់វង្ស ឋិតថេរ​យូរអង្វែង ច្រើន​ជំនាន់​តរៀង​ទៅ​។​

​ការបញ្ជាក់​នេះ ក្នុង​ពិធី​ពិសា​អាហារ​សាមគ្គី​ជាមួយ សមាគម​សិល្បៈ​វប្បធម៌​ខែ្មរ​, សមាគម​ឱសថស្ថាន (NEXTY PHARM) និង​សមាគម​គ្រូពេទ្យ មកពី​ប្រទេស​បារាំង និង​ក្រុមការងារ រៀបចំ​អង្គការ​ចាត់តាំង​យុវជន ប្រចាំ​ទ្វីបអឺរ៉ុប ចំនួន​ប្រមាណ​ជាង ៤០០ នាក់ នៅ​ភោ​ជនី​ដ្ឋា​ន​ប៉ោ​កី ក្នុង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២២​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​សម្តែង​នូវ​ការ​អរគុណ ចំពោះ​សមាគម​ទាំងបី មកពី​ប្រទេស​បារាំង ដែល​បាន​ជួយ​ដល់​ប្រជាជន​កម្ពុជា តាមរយៈ​សកម្មភាព​ស​ង្គ​ម និង​មនុស្ស​ជាច្រើន រួមមាន ការរៀបចំ​ព្រឹត្តិការណ៍​សិល្បៈ​វប្បធម៌​, ការពិនិត្យ​ព្យាបាល​ជំងឺ ដោយ​ឥតគិតថ្លៃ​, ការផ្តល់​ជំនួយ​មនុស្ស​ធម៌​ជួយ​ដល់ ជនរងគ្រោះ​នៃ​គ្រោះ​ផ្សេងៗ និង​ជាពិសេស បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ជួយ​ដល់​ជនរងគ្រោះ ក្នុង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ។

​ជាមួយគ្នា​នោះ លោក​ក៏បាន​កោតសរសើរ​ផងដែរ ចំពោះ​សមាគម​សិល្បៈ​វប្បធម៌​ខ្មែរ ដែល​បាន​ខិតខំ​ប្រឹងប្រែង យកចិត្តទុកដាក់ ថែរក្សា អភិរក្ស​សិល្បៈ​វប្បធម៌ ទំនៀម​ទំលាប់ ប្រពៃណី និង​រក្សា​អត្តសញ្ញាណ​ជាតិខ្មែរ នៅក្នុង​ប្រទេស​បារាំង​។ កត្តា​ទាំងនេះ គឺ​ពិតជា​បានបង្ហាញ អំពី​ភាព​ខ្លាំងក្លា នៃ​កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​ខ្មែរ តាមរយៈ ការភ្ជាប់​ទំនាក់ទំនង​គ្នា រវាង​អ្នករស់នៅ​ក្រៅប្រទេស និង​អ្នករស់នៅ​ក្នុងប្រទេស ក្រោម​ស្មារតី​ខ្មែរ​តែមួយ ដែល​តែង​ជួយ​គ្នា​ទៅវិញទៅមក ហើយ​កម្លាំង​សាមគ្គីភាព ដ៏​រឹងមាំ​នេះ នឹង​នៅ​បន្តទៅទៀត ក្រោម​បរិយាកាស​សុខសន្តិភាព​ដែល សម្តេច​តេ​ជោ បេ្ត​ជ្ញា​ការពារ​ថែរក្សា ឱ្យ​គង់វង្ស ឋិតថេរ យូរអង្វែង ច្រើន​ជំនាន់​តរៀង​ទៅ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​មានប្រសាសន៍​បន្តទៀតថាៈ ប្រទេស​យើង​តូច ហើយ​ធនធាន មានកំណត់ ប៉ុន្តែ​បាន​បោះជំហាន​ឈានមុខ​គេ ក្នុងការ​គ្រប់គ្រង​វិបត្តិ ជំងឺ​កូ​វីដ​-១៩ ដោយបាន​បង្ការ​ផលប៉ះពាល់​ធ្ងន់ធ្ងរ ដល់​អាយុជីវិត​របស់​ប្រជាពលរដ្ឋ និង​បាន​ដំណើរការ បើក​ប្រទេស​ទ្បើង​វិញ លើ​គ្រប់​វិស័យ ដែល​នេះ​មិនមែន​ជាការ​ចៃដន្យ នោះទេ ប៉ុន្តែ​គឺ​បានកើត​ចេញ ពី​ការដឹកនាំ​ច្បាស់លាស់ និង​វៃឆ្លាត​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ជាមួយនឹង​ការចូលរួម​យ៉ាង​សស្រាក់សស្រាំ ពី​សំណាក់​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេស​ស្មារតី​នៃ​វប្បធម៌ និង​ប្រពៃណី​ចែករំលែក ពី​សំណាក់ ប្រជាពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅប្រទេស ទាំង​ស្មារតី ធនធាន​ថវិកា និង​សម្ភារ បាន​ជួយ​ដល់ រាជរដ្ឋាភិបាល ក្នុងការ​ប្រយុទ្ធ​យកឈ្នះ​ជំងឺ ដ៏​កាច​សាហាវ​មួយ​នេះ​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងអំណរគុណ​ដល់ ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង យុវជន ប្រចាំ​ទ្វីបអឺរ៉ុប ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ជួយ​ផ្សារភ្ជាប់​នូវ ទំនាក់ទំនង រវាង​បងប្អូន​ខ្មែរ រស់នៅ​ក្រៅ​ស្រុក និង​ក្នុងស្រុក តាមរយៈ​ការបើកឱកាស​រួមគ្នា ឱ្យមាន​ការ ផ្លាស់ប្តូរ​បទពិសោធន៍ ខាង​ផ្នែក​សិល្បៈ វប្បធម៌ និង​កី​ទ្បា ព្រមទាំង​សកម្មភាព​សង្គម និង សប្បុរសធម៌​នានា ហើយ​លើសពីនេះ ក៏បាន​រៀបចំ​កម្មវិធី​ជួបជុំ ដ៏​មាន​អត្ថន័យ​នេះ​ទ្បើង ដើម្បី​អបអរសាទរ ដល់​សមិទ្ធផល​ទាំងទ្បាយ ដែល​សម្រេចបាន​រួមគ្នា ក្នុង​រយៈកាល កន្លងមក​។​

​គួរ​បញ្ជាក់ថា សមាគម​ឱសថស្ថាន (NEXTY PHARM) និង​សមាគម​គ្រូពេទ្យ មកពី​ប្រទេស​បារាំង តែង​បាន​អញ្ជើញ​មក​ប្រទេស​កម្ពុជា ជា​រៀងរាល់ឆ្នាំ ដើម្បី​បំពេញ កិច្ចការ​មនុស្សធម៌ និង​ផ្តល់​ការពិនិត្យ ព្យាបាល​ជំងឺ ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ ហើយ​ឆ្នាំនេះ ក៏​ជា​ឆ្នាំ​ទីមួយ​ផងដែរ ដែល​គណៈប្រតិភូ សមាគម​សិល្បៈ​វប្បធម៌​ខ្មែរ បាន​ចូលរួម នៅក្នុង​ដំណើរ​ទស្សនកិច្ច ប្រកបដោយ​អត្ថន័យ​នេះ តាមរយៈ​ការរៀបចំ ព្រឹ​ត្ត​ការណ៍ «​សិល្បៈ​ខ្មែរ​» នៅ​សាលសន្និសីទ​ចតុមុខ ការសម្តែង​សិល្បៈ​របាំ​បុរាណ​ខ្មែរ នៅ​ខេត្តសៀមរាប កន្លងទៅ​ថ្មីៗ​នេះ​៕/V​