​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ កីឡាការិនី កីឡា​ស្នូកឃ័រ​កា​រ៉ុ​ម ដែលជា​ម្ចាស់​ជ័យលាភី អន្តរជាតិ ជាច្រើន​ព្រឹត្តិការណ៍ បានបង្ហាញ​ក្តី​រីករាយ បន្ទាប់ពី​បានទទួល​ដំណឹង​ថា នាង​ជា​បេក្ខភាព​មួយរូប សម្រាប់ កីឡា​ស្នូកឃ័រ​កា​រ៉ុ​ម ឆ្នាំ​២០២៣​។​

​កីឡាការិនី​រូបនេះ ជា​ម្ចាស់​ជ័យលាភី​អន្តរជាតិ ជាច្រើន​ព្រឹត្តិការណ៍ បានបង្ហាញ​ក្តី​រីករាយ រំភើប​ជាខ្លាំង ដែល​ខ្លួន​ទទួលបាន​ដំណឹង​ថា ខ្លួន​នឹង​ក្លាយជា​បេក្ខភាព ១​រូប ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង របស់​កម្ពុជា​។​

​ស្រួ​ង ភា​វី បានបញ្ជាក់ តាម​សារ​អេឡិចត្រូនិក​ថាៈ ពីមុន នាង​មាន​ភាពស្រពិចស្រពិល លើ​​វិញ្ញាសា​ស្នូកឃ័រ​កា​រ៉ុ​ម សម្រាប់​គោលដៅ​ស៊ី​ហ្គេម ២០២៣ ប៉ុន្តែ​ពេលនេះ ច្បាស់លាស់ ជា​ផ្លូវការ​ហើយ បន្ទាប់ពី​លោកស្រី ទទួលបាន​ដំណឹង ពី​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា ដោយ​ឱ្យ​លោកស្រី ហ្វឹកហាត់​ត្រៀមខ្លួន ចូលរួម​ការប្រកួត​ស៊ី​ហ្គេម​។​

​កីឡាការិនី​ស្នូកឃ័រ​កា​រ៉ុ​ម​កម្ពុជា ដែល​កំពុង​ល្បីល្បាញ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង​រូបនេះ បាន​បន្ដថាៈ ការចង់​ឈ្នះ​មេដាយ អ្នកណា ក៏​ចង់​បានដែរ ហើយ​លោកស្រី ប្តេជ្ញា​ថា នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ដណ្តើម​មេដាយ ជូន​ជាតិ ពីព្រោះថា នេះ​ជា​ឱកាស​ដ៏​កម្រ​សម្រាប់​ស៊ី​ហ្គេម រៀងរាល់ ២ ឆ្នាំ​ម្តង ហើយ​ត្រូវ​បានរៀបចំ ជា​លើកដំបូង នៅ​កម្ពុជា​។​

​នាង បាន​និយាយថាៈ នាង​ពិតជា​សប្បាយចិត្ត ដែល​នាង​មានឱកាស ត្រៀម​ចូលរួម​ប្រកួត​​ដណ្តើម​មេដាយ ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដោយ​សហព័ន្ធ​កីឡា ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា បានដាក់​ប​ញ្ជូ​ល​នូវ​វិញ្ញាសា​កា​រ៉ុ​ម ដែល​នាង​ចេះ​ស្រាប់ ។ នេះ​ជា​កម្លាំងចិត្ត​រំភើប និង​សប្បាយចិត្ត គ្មានអ្វី​ប្រៀបផ្ទឹម​ពុំបាន ។​

​នាង​បានបង្ហាញ​នូវ​មោទនភាព​ជាតិ​ទៀតថាៈ នាង​ក៏​ធ្លាប់បាន​ជម្រាបជូន​សហព័ន្ធ​ដែរ នាង​ប្តេជ្ញាចិត្ត​ថា នឹង​ប្រឹងប្រែង​ហ្វឹកហាត់ ឱ្យបាន​ខ្លាំងក្លា​បន្ថែមទៀត ក្នុងការ​ដាក់ចិត្ត​ដាក់ កាយ​ត្រៀមខ្លួន​ឱ្យ​ល្អ​រឹងមាំ ល្អ​ជាង​ការប្រកួត​នៅ​កូរ៉េ និង​ការប្រកួត​អន្តរជាតិ នានា​ទៅទៀត​។​

​សហព័ន្ធ​កីឡា​ប៊ីយ៉ា និង​ស្នូកឃ័រ​កម្ពុជា បានឱ្យដឹងថាៈ សហព័ន្ធ បាន​ត្រៀម ១០ វិញ្ញាសា សម្រាប់​ស៊ី​ហ្គេម ២០២៣ ដោយ​ក្នុងនោះ មាន​ផ្នែក​បុរស ៦​វិញ្ញាសា និង​នារី​៤​វិញ្ញាសា​។ កម្ពុជា បានដាក់​ត្រៀម​នូវ​វិញ្ញាសា សរុប​ជាង ៥០០ វិញ្ញាសា លើ ៤០ ប្រភេទ​កីឡា សម្រាប់​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ៕/V​