ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ដើម្បី​ពង្រឹងគុណភាព នូវ​របៀប​នៃ​ការគ្រប់គ្រង និង​បង្ហាត់បង្រៀន តាម​មុខវិជ្ជា​នីមួយៗ ក្នុង​កម្រិត​ថ្នាក់​ពុទ្ធិកបឋមសិក្សា ឲ្យ​កាន់តែ ល្អប្រសើរ​នោះ មន្ទីរ​ធម្មការ និង​សាសនា ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ សាលា​គណ​ខេត្ត​ទាំងពីរ​គណៈ បានរៀបចំ​បើក​វគ្គ​បណ្ដុះបណ្ដាល គណៈ​គ្រប់គ្រង និង​គ្រូបង្រៀន ពុទ្ធិកបឋមសិក្សា ទូទាំង​ខេត្តបន្ទាយមានជ័យ ។​

​កម្មវិធី​នេះ​ធ្វើឡើង នៅ​បរិវេណ​វត្ត​ប្រាសាទ​ស្រះ​កណ្ដាល ខ្ចាស់ ឃុំ​បុ​ស្បូវ ស្រុក​ព្រះនេត្រព្រះ មាន​រយៈពេល ៣​ថ្ងៃ ពីថ្ងៃ​ទី​១៨-២០ ខែសីហា ឆ្នាំ​២០២២ ។​

​ព្រះ​ធ​ម្មា​លង្ការ​មុនី ចាន់ សុជន ព្រះគ្រូ​ចៅអធិការ វត្ត​ប្រាសាទ​ស្រះ​កណ្ដាល ខ្ចាស់ បាន​មាន​សង្ឃដីកា​ថាៈ វគ្គ​បណ្ដុះបណ្ដាល គណៈ​គ្រប់គ្រង និង​គ្រូបង្រៀន ពុទ្ធិកបឋមសិក្សា​នេះ មាន​សារៈសំខាន់ និង​ក្នុង​គោលបំណង ឲ្យ​សិក្ខាកាម​ទាំងអស់ បាន​យល់ដឹង​បន្ថែមទៀត ពី​របៀប​នៃ​ការគ្រប់គ្រង សាលារៀន និង​អាច​យល់ដឹង​បន្ថែម អំពី​បច្ចេកទេស​ថ្មីៗ ក្នុងការ​បង្ហាត់បង្រៀន តាម​មុខវិជ្ជា​នីមួយៗ ក្នុង​កម្រិត​ពុទ្ធិ​កប​ឋ​សិក្សា ទូទាំង​ខេត្ត ឱ្យ​ទទួលបាន​ជោគជ័យ​។​

​លោក បៀ​វ ថា​ន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​មានប្រសាសន៍ថាៈ ចំណេះវិជ្ជា គឺជា​ទ្រព្យសម្បត្តិ ដ៏​មហាសាល ដូចនេះ ការពង្រឹង​គុណភាព នៃ​ការគ្រប់គ្រង លើ​អភិបាលកិច្ច​គ្រប់លំដាប់​ថ្នាក់ ជួរ​មន្ត្រី​សង្ឃ ត្រូវ​ផ្សារភ្ជាប់​នឹង​បច្ចេកវិទ្យា​ទំនើប ដើម្បី​ឲ្យ​កិច្ចការ​ព្រះពុទ្ធសាសនា មាន​សណ្ដាប់ធ្នាប់​ល្អ ធានាបាន​នូវ​សាមគ្គីភាព គួរ​យកចិត្តទុកដាក់ ចំពោះ​ពុទ្ធិកសិក្សា ជាការ​ចាំបាច់ យ៉ាងសំខាន់ ដែល​ត្រូវ​ពង្រឹង ព្រមទាំង​ត្រូវប្រកាន់យក ព្រះពុទ្ធ​ឱវាទ ធ្វើជា​ប្រទីប​បំភ្លឺ​ផ្លូវ សម្រាប់​អប់រំ​ចរិយា​ធម៌ ជម្រះ​ចោល​នូវ គំនុំ ច្រណែន​និន្ទាឈ្នានីស ប្រកបដោយ​អហិង្សា​។​

​លោក បៀ​វ ថា​ន ក៏បាន​ប្រគេន​ដល់​ព្រះសង្ឃ និង​បញ្ជាក់ជូន​សិក្ខាកាម ព្រមទាំង​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​យកចិត្តទុក​ដាក់​ស្តាប់ តាម​ការពន្យល់​ណែនាំ របស់​គ្រូឧទ្ទេស ដែល​បានធ្វើ​បទ​បង្ហាញ និង​បង្រៀន​លើ​ខ្លឹមសារ​ផ្សេងៗ ៕/V​