ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ មកទល់​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០២២ ជំនន់​ទឹកភ្លៀង បាន​ស្រក​ចុះ​ហើយ នៅ​ផ្នែក​ខ្លះ នៃ​បណ្តោយ​អូរ​ព្រំដែន និង​ផ្ទៃក្នុង​ភូមិសាស្ត្រ ភូមិ​សន្តិភាព (​អូរ​ល្ហុង​) ភូមិ​អូរ​អំពិល (​បឹង​៧៥) និង​បឹង​ជង្រុក​តេ​ជោ​ឈ្នះ​ឈ្នះ (​បឹង​ជង្រុក​) ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ និង​បណ្តា​ផ្នែក​នៃ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ភូមិ​គីឡូម៉ែត្រ​លេខ​៤ ភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារកណ្តាល និង​ភូមិ​សុខសាន្ត (​អូរ​ខៃ​ដន​) ភូមិ​កូន​ធំ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ដែល​ស្ថិតនៅ​បណ្តោយ​អូរជ្រៅ ជា​អូរ​ព្រំដែន​កម្ពុជា ថៃ និង​ស្ទឹង​សិរីសោភ័ណ ។​

​លោក យឹម សំណាង អភិបាលស្រុក​អូរជ្រៅ បាន​ដឹកនាំ​កំលាំង និង​មន្ត្រីរាជការ ចុះ​ពិនិត្យ ស្ថានភាព​ទឹកជំនន់​ទឹកភ្លៀង នៅ​ភូមិ​កូប​តូច ឃុំ​គុ​ត្ត​សត ស្រុក​អូរជ្រៅ ដែល​ភូមិសាស្ត្រ​នេះ តែង​រង​ការលិចលង់​មុនគេ នៅពេលណា ទឹក​ស្រុង​ចុះមក​ពី​ផ្នែក​ខាងលើ នៃ​ស្ទឹង​សិរីសោភ័ណ​។ ក្នុងនោះ ទឹកបាន​ហូរ​ពីលើ​ផ្លូវលំ និង​ទីធ្លា​ភូមិ​មួយចំនួន ។​

​លោក​បាន​សូមឱ្យ​ពុក​ម៉ែ អ៊ុំ​មាមីង បងប្អូន សូម​ប្រុងប្រយ័ត្ន ពិសេស​មនុស្ស​ចាស់ កូនចៅ​តូចៗ ព្រោះ​ទឹកបាន​ស្រុង ពី​ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត មក​បណ្តើរៗ​ហើយ​។

​ចំណែក​លោក ទូច សីហា អភិបាលរង​ស្រុក​អូរជ្រៅ បានឱ្យដឹង​ដែរ​ថាៈ ចំពោះ ស្រូវ​បង្កើន រដូវ (​ស្រូវស្រាល ដើមរដូវ​វស្សា ឬ​ស្រូវ​មិន​ប្រកាន់​រដូវ​) បើ​សមល្មម​ច្រូតកាត់​ហើយ សូម​ប្រ​ញ​ប់​ប្រញាល់ ប្រមូល​ផល​ទុកដាក់ ឲ្យ​បាន​ទាន់ពេលវេលា​ផង ។​

​ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ អាត់ ខែម អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ នៅ​ថ្ងៃទី​១៩ និង ២០ ខែសីហា បាន​អញ្ជើញ​ចុះ​ពិនិត្យមើល សាលាបឋមសិក្សា​ភូមិ​ថ្មី ឃុំ​សំរោង ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែល​បាន​រងគ្រោះ ដោយសារ​ជំនន់​ទឹកភ្លៀង​ជន់​លិច ដោយ​អន្លើ ក្នុង​ទីធ្លា និង​ចូលក្នុង​ថ្នាក់រៀន​។​

​លោក​បាន​យក​គ្រឿងចក្រ (​អេស្កាវ៉ាទ័រ​) ទៅ​កាយ​ប្រឡាយ មាន​ប្រវែង ១៥៦ ម៉ែត្រ ដើម្បី​ជួយ​រំដោះ​ជំនន់​ទឹកភ្លៀង ពី​ក្នុង​ថ្នាក់រៀន និង​ទីធ្លា​សាលាបឋមសិក្សា ភូមិ​ថ្មី ដើម្បី​ឱ្យមាន​ប្រព័ន្ធ​ទឹក ហូរ​ធ្លាក់ចូល​ប្រឡាយ ហើយ​ឱ្យ​សិស្សានុសិស្ស បាន​រៀនសូត្រ និង​លោកគ្រូ បាន​បង្រៀនរ ជាធម្មតា ៕/V​