ដោយៈ ទេព មង្គល-រ៉ាម៉ន / ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃសុក្រ ទី១៩ ខែសីហា ឆ្នាំ២០២២ ម្សិលមិញនេះ ស្តីពីការពង្វាងចរាចរណ៍ ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សេចក្ដីជូនដំណឹងនោះ បានលើកឡើងថាៈ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរ តាមបណ្ដោយផ្លូវ លេខ២០០៤ ចន្លោះពីផ្លូវលេខ២៧១ ដល់ផ្លូវលេខ៣៧១ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ដើម្បីកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញ សំដៅកាត់បន្ថយជំនន់ទឹកភ្លៀង ដែលតែងតែបង្កឱ្យមានការខូចខាត ដល់ហេដ្ឋារចនា សម្ព័ន្ធនានា ក៏ដូចជា បង្កផលប៉ះពាល់ ដល់បរិស្ថានផងនោះ រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានដាក់លូមេ រំដោះទឹកជំន់ លិចនៅលើកំណាត់ផ្លូវលេខ ២០០៤ ចន្លោះពីផ្លូវលេខ ២៧១ ដល់ផ្លូវលេខ ៣៧១ ចូលទៅប្រឡាយស្ទឹងមានជ័យ ដោយដំណើរការការដ្ឋាន ចាប់ផ្តើមពីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់ការដ្ឋាន នៅយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ដែលមានរយៈពេលចំនួន ១០ថ្ងៃ បណ្តាលឱ្យមានការរំខាន ដល់ការធ្វើចរាចរ របស់ប្រជាពលរដ្ឋ និងម្ចាស់យានយន្ត ដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ ។
រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរឆ្លងកាត់ការដ្ឋាន សូមធ្វើការពង្វាងចរាចរ ទៅតាមកាលបរិច្ឆេទ ដូចបានជម្រាប ជូនខាងលើ។ ផុតរយៈពេលនេះ ការដ្ឋាន នឹងបញ្ចប់ការងារ ហើយបើកឱ្យធ្វើចរាចរ ជាធម្មតាវិញ ។ រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទ ដែលធ្វើចរាចរ ឆ្លងកាត់តំបន់ការដ្ឋាន ខាងលើ នឹងចូលរួមសហការអនុវត្ត ដោយឈរលើស្មារតីយោគយល់ អធ្យាស្រ័យខ្ពស់ ស្របតាមខ្លឹមសារ នៃសេចក្ដីជូនដំណឹងនេះ។
ទទួលបានសេចក្ដីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខ និងមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវអនុវត្ត សេចក្ដីជូនដំណឹងនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់ ៕/V